ទោះស្ថិតក្នុងវិបត្តិនៃជំងឺសាកលតែកម្ពុជាមិនបានស្នើម្ចាស់បំណុលពន្យាការបង់ប្រាក់កម្ចីអន្តរជាតិឡើយ

ដោយៈលក្ខិណា

ភ្នំពេញៈ បើទោះបីជាកម្ពុជាស្ថិតនៅក្នុងវិបត្តិ នៃជំងឺឆ្លងសាកលកូវីដ១៩ និងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា ធ្លាក់ចុះយ៉ាងណាក្ដី តែកម្ពុជាមិនបានស្នើសុំដល់ម្ចាស់បំណុលក្នុងកិច្ចព ន្យាការបង់ប្រាក់កម្ចី ឬកាតព្វកិច្ចហិរញ្ញវត្ថុអន្តរជាតិនោះទេ ។ នេះជាការលើកឡើងរបស់លោកផៃ ស៊ីផានអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី០៩ តុលា ២០២០។

លោកផៃ ស៊ីផាន លើកឡើងថា ជាការសម្គាល់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី បានអះអាងថា កម្ពុជាស្ថិតនៅស្ថានភាពល្អប្រសើរ បើសិនប្រៀបធៀបទៅនិងប្រទេសដទៃមួយចំនួនលើវិស័យហិរញ្ញវត្ថុ នៅសម័យCovid-19។ លោកបន្តថា កម្ពុជាមិនបានស្នើដល់ម្ចាស់បំណុល ក្នុងកិច្ចពន្យាការបង់ប្រាក់កម្ចី ឬកាតព្វកិច្ចហិរញ្ញវត្ថុអន្តរជាតិនោះទេ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា រដ្ឋាភិបាលកម្ពុជានៅតែមានសកម្មភាពដ៏សកម្ម ក្នុងកិច្ចបញ្ចេញសាច់ប្រាក់គាំទ្រកម្មវិធីវិនិយោគ ដូចជានៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (កំពង់សោមសៀមរាប) ជាដើម។លោកបន្តថា មិនតែប៉ុណ្ណោះ នៅក្នុងវិស័យហិរញ្ញប្បទានក៏មានសកម្មភាពរស់រវើក ដូចជា ការសង្រ្គោះជនក្រីក្រនិងងាយរងគ្រោះ និងកិច្ចបណ្ដាក់ទុនសាធារណៈ ក្នុងការកសាងផ្លូវថ្នល់ ប្រឡាយទឹក ឬគម្រោងខ្នាតតូចនៅតាមមូលដ្ឋានជាដើមនោះ ទោះបីនៅក្នុងសម្ពាធនៃជំងឺ Covid-19

យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញផងដែរថា ក្នុងរយៈពេល៦ខែដើមឆ្នាំ ២០២០នេះ ឬក្នុងឆមាសទី១ឆ្នាំ ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានទូទាត់សេវាបំណុល ជូនដៃគូអភិវឌ្ឍន៍សរុបចំនួន១៥២,៣៧លានដុល្លារអាមេរិក។

ក្នុងចំណោមទំហំទឹកប្រាក់ដែលបានទូទាត់សេវាបំណុលនោះ រួមមានក្របខ័ណ្ឌបំណុលសាធារណៈក្នុងប្រទេស មានចំនួន១ភាគរយ ត្រូវនឹង១,៦១លានដុល្លារអាមេរិក ក្នុងនោះប្រាក់ដើម១,៥៦លានដុល្លារអាមេរិក និងការប្រាក់០,០៥លានដុល្លារអាមេរិក និងក្របខ័ណ្ឌបំណុលសាធារណៈ ក្រៅប្រទេសមានចំនួន៩៩ភាគរយ ត្រូវនឹង១៥០,៧៥លានដុល្លារអាមេរិក ប្រាក់ដើមមាន១០៩,៩៦លានដុល្លារអាមេរិក និងការប្រាក់និងកម្រៃផ្សេងៗ៤០,៧៩លានដុល្លារអាមេរិក។

របាយការណ៍ដដែលនេះបានបង្ហាញថា គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២០ កម្ពុជាមានសន្និធិបំណុលសាធារណៈ សរុបចំនួន៧,៩ពាន់លានដុល្លារអាមេរិក ដោយសុទ្ធតែជាបំណូលសាធារណៈក្រៅប្រទេស។ សម្រាប់បំណុលសាធារណៈក្នុងប្រទេស ត្រូវបានទូទាត់បញ្ចប់រួចរាល់ កាលពីថ្ងៃទី១១ខែកុម្ភៈឆ្នាំ ២០២០កន្លងទៅនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here