កម្ពុជាកៀងគរធុរជនតួកគីមកវិនិយោគលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងការកែច្នៃម្ហូបតាមស្តង់ដាហាឡាលនៅកម្ពុជា

ដោយ៖ សុផារី

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្នើឱ្យឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគី បន្តកៀងគរធុរជន និងវិនិយោគិនតួកគីមកធ្វើការវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងការកែច្នៃម្ហូបតាមស្តង់ដាហាឡាល។

លោក ប៉ាន សូរស័ក្ដិ បានស្នើយ៉ាងដូច្នេះ ក្នុងជំនួបពិភាក្សាជាមួយលោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគីប្រចាំកម្ពុជា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដើម្បីពិភាក្សាលើការបន្តលើកកម្ពស់ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ឱ្យកាន់តែល្អប្រសើរថែមទៀត។

លោករដ្ឋមន្រ្តី បានជម្រាបជូនអំពីកាលានុវត្តភាពធុរកិច្ច និងបរិយាកាសវិនិយោគ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តកកើតថ្មីៗ នៅកម្ពុជា ដែលអំណោផលសម្រួលដល់ការធ្វើពាណិជ្ជកម្ម ការតាំងទីផលិតកម្ម និងការចូលរួមខ្សែច្រវ៉ាក់ផលិតកម្មក្នុងតំបន់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងន័យនេះ លោកបានស្នើឱ្យលោកជំទាវ បន្តកៀងគរធុរជន និងវិនិយោគិនតួកគីមកធ្វើការវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងការកែច្នៃម្ហូបតាមស្តង់ដាហាឡាល ដែលកម្ពុជាមានវត្ថុធាតុដើមសំបូរបែប រួមមាន កៅស៊ូ ដំឡូងមី ស្រូវ ស្វាយ ចេក ជាដើម។ បន្ថែមលើនេះ លោកបានស្នើឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់ និងកិច្ចសហប្រតិបត្តិការផ្នែកហាឡាល។

ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះសន្ទុះនៃការអភិវឌ្ឍខឿនសេដ្ឋកិច្ចរបស់កម្ពុជា ដែលឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈភាពធន់នៃសេដ្ឋកិច្ច និងភាពអាចផ្គត់ផ្គង់ដោយខ្លួនឯងបានតាមរយៈអតិរេកស្បៀងបម្រុងរបស់កម្ពុជា ត្បិតក្នុងវិបត្តិនានាក្នុងពិភពលោក។

ជាមួយគ្នានេះ លោកស្រីបានបង្ហាញអំពីឆន្ទៈនិងគោលជំហរដ៏មោះមុត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ ជាពិសេសពាណិជ្ជកម្ម វិនិយោគ ការអប់រំ និងកិច្ចការហាឡាល និងព្យាយាមជំរុញការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា និងតួកគី។ លើសពីនេះ នឹងមានការបង្កើតការិយាល័យពាណិជ្ជកម្មនៅស្ថានទូតតួកគីប្រចាំកម្ពុជា ដើម្បីជំរុញបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរ។

ចាប់តាំងពីឆ្នាំ២០១៥មក គណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគី បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យអាទិភាព រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ កសិកម្ម សុខាភិបាល ឧស្សាហកម្ម វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា។-ល-។

ពាណិជ្ជកម្មរវាងកម្ពុជា-តួកគីសម្រេចបានទំហំប្រមាណ៩០លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១ និងដោយឡែក ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន៨៥លានដុល្លារអាមេរិក។ មុខទំនិញសំខាន់ៗ សម្រាប់ពាណិជ្ជកម្មទ្វេភាគីរួមមាន វាយនភណ្ឌនិងសម្លៀកបំពាក់ ស្បែកជើង អង្ករ កៅស៊ូ គ្រឿងបរិភោគ បរិធានអគ្គិសនី យានយន្ត រ៉ែ។-ល-៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here