រដ្ឋនិងជន សហការគ្នាផ្សព្វផ្សាយច្បាប់ស្ដីពីការប្រកួតប្រជែងនិងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ “ក.ប.ប” នៃក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ បានសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីរៀបចំសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្ដីពីការប្រកួតប្រជែង និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់”។

លោកផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយ​កនៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងមានការចូលរួមពី សមាជិក សមាជិកានៃសភាពាណិជ្ជកម្មកម្ពុជាប្រមាណ ១០០រូប នៅទីស្នាក់ការសភាពាណិជ្ជកម្មកម្ពុជាបានអញ្ជើញចូលរួមបើកសិក្ខាសាលានេះ។

លោក ងួន ម៉េងតិចបានណែនាំឱ្យអង្គសិក្ខាសាលាទាំងមូល សូមយកចិត្តទុកដាក់ស្តាប់នូវមាត្រាសំខាន់ៗនៃច្បាប់ ដែលអត្ថាធិប្បាយដោយវាគ្មិនអញ្ជើញមកពីអគ្គនាយកដ្ឋាន ក.ប.ប.។ ច្បាប់នេះប្រៀបបានដូចជា របងដ៏រឹងមាំមួយផងដែរ ដែលអាចជួយឱ្យអ្នកកំពុង ប្រកបរបរទទួលទានដោយស្មោះត្រង់ និងសុចរិតទទួលបាននូវការគាំពារ ពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាអគ្គនាយកដ្ឋាន ក.ប.ប ក្នុងការប្រកបអាជីវកម្មរបស់ខ្លួន ដោយមិនមានភាពភ័យខ្លាចនិងឈ្នះនូវគូរប្រកួតប្រជែង ដែលមិនស្មោះត្រង់ណាមួយ ព្រមទាំងស្នើឱ្យសមាជិក សមាជិកានៃសភាពាណិជ្ជកម្មកម្ពុជា ទាំងអស់ លើកជាមតិយោបល់ ចោទជាសំណួរ ដើម្បីរួមគ្នាពិភាក្សា និងដោះស្រាយឱ្យបានច្រើន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាបានបន្តថា ជាមួយគ្នានេះ លោកក៏បានស្នើសុំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសមន្រ្តីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋាន ក.ប.ប. ខិតខំបំពេញភារកិច្ច និងណែនាំសមាជិក សមាជិកាសភាពាណិជ្ជកម្មទាំងអស់រួមគ្នាអនុវត្តច្បាប់ ឱ្យបានត្រឹមត្រូវចៀសវាងរងការពិន័យនានា ពីមន្ត្រីអនុវត្តច្បាប់ដែលនាំឱ្យខាតបង់ផលប្រយោជន៍។

ជាមួយគ្នានេះ លោក ផាន អូន បានមានប្រសាសន៍ថា គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីបញ្ជ្រាបការយល់ដឹងផ្នែកច្បាប់ចៀសវាងអនុវត្តន៍ខុសជាយថាហេតុ ដោយធុរជន សិទ្ធិអំណាចរបស់មន្រ្តីស៊ើបអង្កេត សិទ្ធិរបស់អ្នកប្រើប្រាស់ និងកាតព្វកិច្ចរបស់ធុរជន។

លោកបានលើកឡើងថា សិក្ខាសាលានេះ គឺជាវេទិកាយ៉ាងសំខាន់មួយ ក្នុងគោលបំណងជំរុញ លើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង ព្រមទាំងចែករំលែកនូវបទពិសោធន៍ល្អៗ ទៅវិញទៅមក និងពិភាក្សាបញ្ហាថ្មីៗ ដែលបាននឹងកំពុងកើតមានឡើង ពាក់ព័ន្ធដល់ការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់កន្លងមក។

លោកបន្តថា “កិច្ចការប្រកួតប្រជែង និងកិច្ចការពារអ្នកប្រើប្រាស់ គឺមានភាពប្រទាក់ក្រឡាគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមក។ ជាក់ស្តែង នៅពេលដែលធុរកិច្ច បានធ្វើសកម្មភាពកេងបន្លំអ្នកប្រើប្រាស់ នោះច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវយកមកអនុវត្ត ហើយនៅពេលដែលធុរជនបង្កើតនូវការព្រមព្រៀងឃុបឃិតគ្នា កំណត់ថ្លៃសម្រាប់លក់ឱ្យអតិថិជន គឺសកម្មភាពនេះ ស្ថិតក្រោមវិសាលភាពនៃច្បាប់ស្តីពី ការប្រកួតប្រជែង ដែលសំដៅដល់ការលើកកម្ពស់ឱ្យប្រសិទ្ធភាព នៃការការពារផលប្រយោជន៍អ្នកប្រើប្រាស់”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here