ដោយៈម៉ាណេត
ភ្នំពេញៈ បញ្ជាទូទាត់សងប្រាក់អេឡិចត្រូនិក សំដៅដល់ការបញ្ជាធនាគារឲ្យធ្វើការសងប្រាក់ ទាញយកប្រាក់ក្នុងចំនួន ដែលបានកំណត់ចេញពីគណនី ដែលបានចង្អុលបង្ហាញឲ្យទៅ ឬសម្រាប់អ្នកទទួលប្រាក់ ឬឲ្យទៅឬសម្រាប់គណនីរបស់អ្នកទទួលប្រាក់ និងរួមទាំងការកែប្រែណាមួយ នៅលើបញ្ជាទូទាត់សងប្រាក់អេឡិចត្រូនិកផងដែរ។
បញ្ជានោះអាចមានកំណត់ថ្ងៃប្រសិទ្ធភាព ប៉ុន្តែមិនត្រូវស្ថិតនៅក្រោមលក្ខខណ្ឌណាមួយក្រៅពីអ្វី ដែលធនាគារផ្តើមប្រតិបត្តិការបានព្រមព្រៀងអនុវត្តឡើយន៍។ ភាគីនៃបញ្ជាទូទាត់សងប្រាក់ អេឡិចត្រូនិក រួមមាន អ្នកផ្ញើ និងធនាគារទទួល ។
បញ្ជាទូទាត់សងប្រាក់អេឡិចត្រូនិកមានប្រតិបត្តិការចំនួនបីប្រភេទ ៖
- ការផ្ទេរឥណទាន (Credit Remittance) ៖ ការផ្ទេរឥណទានត្រូវបានប្រើសម្រាប់ការទូទាត់សងប្រាក់ ដែលផ្តើមឡើងដោយអ្នកសងប្រាក់ (Payer) ទៅអ្នកទទួលផល ។ ធនាគារពាណិជ្ជផ្តល់ សេវាផ្ទេរឥណទានតាមរយៈ សាខា ម៉ាស៊ីនទូទាត់ដោយស្វ័យប្រវត្តិ (ATM) អ៊ីនធើណែត កុំព្យូទ័រ និងទូរស័ព្ទចល័ត ។
- ឥណទានផ្ទាល់ (Direct Credit) ៖ការទូទាត់សងប្រាក់ តាមរយៈឥណទានផ្ទាល់ផ្តើមឡើងដោយអ្នកសងប្រាក់តែម្នាក់ ទៅអ្នកទទួលផលមួយឬច្រើននាក់ តាមចំនួនប្រាក់និងពេលវេលាដែលបានកំណត់។ ឥណទានផ្ទាល់ត្រូវបានប្រើជាទូទៅ សម្រាប់ការបើកប្រាក់បៀវត្សរ៍។
- ឥណពន្ធផ្ទាល់ (Direct Debit) ៖ឥណពន្ធផ្ទាល់មានពីរទម្រង់ គឺប្រភេទឥណពន្ធផ្ទាល់ដោយបង្ខំនិងដោយសំណើ ។
ឥណពន្ធផ្ទាល់ដោយបង្ខំ ជាការទាមទារឲ្យទូទាត់សងប្រាក់ នៅពេលអ្នកទទួលផលបង្ហាញបញ្ជានេះទៅអ្នកសងប្រាក់។ ឥណពន្ធផ្ទាល់ដោយសំណើ ជាទម្រង់មួយនៃសារបញ្ជាទូទាត់សងប្រាក់ ដែលមិនមានផ្ទុកតម្លៃ (Non Value Payment Order Message) ។ ឥណពន្ធផ្ទាល់នេះ ត្រូវបានទទួលយកក្រោមរូបភាពជាសំណើ និងដំណើរការគ្រាន់តែជាសារជូនដំណឹង សម្រាប់ទូទាត់សងប្រាក់ប៉ុណ្ណោះ៕