ការលក់ផ្ទះនៅទូទាំងប្រទេសចិនដាំក្បាលចុះរហូតដល់ជិត៣៨ភាគរយ

ដោយ: លាងហួរ

ប៉េកាំង: ការស្ទង់មតិឯកជនមួយបានបង្ហាញកាលពីថ្ងៃសៅរ៍ ទី០៨ ខែតុលាថា ការលក់ផ្ទះថ្មីរបស់ប្រទេសចិន បានធ្លាក់ចុះ៣៧,៧ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យជាតិ ពេញមួយសប្តាហ៍ ដែលចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ខណៈវិធានការទប់ស្កាត់ដ៏តឹងរ៉ឹងនៃជំងឺកូវីដ១៩បានធ្វើឱ្យតម្រូវការកាន់តែផុយស្រួយ។

ទីផ្សារអចលនទ្រព្យនៅប្រទេសចិន បានដាំក្បាលចុះទៅក្នុងវិបត្តិ ដោយការលក់ធ្លាក់ចុះ និងអ្នកអភិវឌ្ឍន៍ជំពាក់បំណុល ខណៈពេលដែលទំនុកចិត្តរបស់អ្នកទិញធ្លាក់ចុះ ដោយការបិទខ្ទប់ម្តងហើយម្តងទៀត និងការធ្វើពហិការឈប់បង់រំលស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងចំណោមទីក្រុងចំនួន២០ ដែលត្រូវបានត្រួតពិនិត្យដោយ China Index Academy កម្រិតប្រចាំថ្ងៃជាមធ្យម ផ្ទះដែលត្រូវបានដាក់លក់នៅក្នុងទីក្រុងលំដាប់ទី៤ទាំងអស់ បានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីរដូវកាលវិស្សមកាលកាលពីឆ្នាំមុន ជាមួយនឹងការធ្លាក់ចុះ៦៤ភាគរយនៅក្នុងទីក្រុងប៉េកាំង៤៩ភាគរយនៅក្នុងទីក្រុង Shenzhen និង៤៧ភាគរយនៅក្នុងទីក្រុងសៀងហៃ។

ការ​ធ្លាក់​ចុះ​ខ្លាំង​បំផុត មានរហូតទៅដល់៨០ភាគរយ​ក្នុង​ឆ្នាំ​នេះ ដែលស្ថិតភាគ​ខាង​កើត​នៃ​ទីក្រុង Hangzhou ដែល​ភាគរយនៃការធ្លាក់ចុះខ្ពស់​ជាង​ទីក្រុង​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ត្រួត​ពិនិត្យ។

យោងតាមអ្នកវិភាគ មកពីក្រុមហ៊ុនស្រាវជ្រាវអចលនវត្ថុឯករាជ្យបានឱ្យដឹងថា អ្នកទិញផ្ទះនៅតែបន្តរង់ចាំមើល ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ហើយវិធានការជំរុញនឹងត្រូវការពេលវេលា ដើម្បីចូលជាធរមាន ហើយទីផ្សារ​ផ្ទះ​ថ្មី​ ទំនង​ជា​នឹង​មាន​ស្ថិរភាព​បន្តិច​ម្ដងៗ​នៅ​ត្រីមាស​ទី​៤។

ទីក្រុងប៉េកាំង កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញទីផ្សារអចលនទ្រព្យ ដោយបន្ធូរបន្ថយអត្រាប្រាក់កម្ចីទិញផ្ទះ កាត់បន្ថយអត្រាការប្រាក់លើកម្ចី និងផ្តល់ការបញ្ចុះតម្លៃពន្ធ លើប្រាក់ចំណូលបុគ្គលសម្រាប់អ្នកទិញផ្ទះ។

អ្នកវិភាគនៅធនាគារ ANZ បានឱ្យដឹងនៅក្នុងកំណត់ត្រាស្រាវជ្រាវមួយថា ការលក់អចលនទ្រព្យ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក បុណ្យជាតិគឺជាការសាកល្បងដំបូង នៃប្រសិទ្ធភាពនៃគោលនយោបាយរបស់ប្រទេសចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here