ក្រសួងឧស្សាហកម្ម និងអង្គការUNIDO រួមគ្នាដាក់ចេញគោលការណ៍ណែនាំ ដើម្បីជួយដល់វិស័យSME

ដោយ៖ វុទ្ធី

ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានសហការជាមួយអង្គការ UNIDO ប្រចាំនៅកម្ពុជា ដើម្បីជួយដល់សហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម (MSMEs) ក្នុងការស្តារអាជីវកម្មឡើងវិញ និងធ្វើឲ្យអាជីវកម្មដំណើការបានកាន់តែប្រសើរ និងរឹងមាំ។
ការសហការគ្នានេះ ត្រូវបានឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ដោយផ្តោតលើការរៀបចំ និងបោះពុម្ភផ្សព្វផ្សាយគោលការណ៍ណែនាំ “ការឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩ ផ្លូវឆ្ពោះទៅនិរន្តរភាពអាជីវកម្ម និងការងើបឡើងវិញរបស់សហគ្រាសមីក្រូ តូច និងមធ្យម” ដើម្បីជាការឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩ និងដើម្បីជួយដល់វិស័យឯកជន។

ក្រសួងឧស្សាហកម្ម បានឱ្យដឹងថា ផលប៉ះពាល់សេដ្ឋកិច្ច លើវិស័យឧស្សាហកម្មកាត់ដេរ និងទេសចរណ៍ បានជះឥទ្ធិពលអវិជ្ជមានជាខ្លាំង ទៅលើអាជីវកម្ម ដែលភាគច្រើនមានម្ចាស់ ឬបុគ្គលិកជាស្ត្រី។ ដូចនេះតម្រូវឲ្យមានគោលការណ៍ការណែនាំ គាំទ្រ យន្តការអន្តរាគមន៍ និងគោលនយោបាយនានា ដើម្បីជួយគាំពារដល់សហគ្រាសមីក្រូ តូច និង មធ្យម (MSMEs) ឲ្យអាចដំណើរការអាជីវកម្មរបស់ខ្លួនបាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដើម្បីឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩ និងជាការជួយដល់វិស័យឯកជន ងើបឡើងវិញឲ្យប្រសើរ អង្គការយូនីដូ នៅទីក្រុងវីយែន បានរៀបចំ និងបោះពុម្ភផ្សព្វផ្សាយគោលការណ៍ណែនាំ «ការឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩ ផ្លូវឆ្ពោះទៅនិរន្តរភាពអាជីវកម្ម និងការងើបឡើងវិញរបស់សហគ្រាសមីក្រូ តូច និងមធ្យម»។

ការិយាល័យអង្គការយូនីដូ ប្រចាំនៅប្រទេសឥណ្ឌា ក៏បានរៀបចំបង្កើតវេបផតធល ដើម្បីជួយដល់សហគ្រាសមីក្រូ តូច និងមធ្យម ក្នុងការចាប់ផ្តើម និងស្តារឡើងវិញ ព្រមទាំងធ្វើឲ្យអាជីវកម្មរបស់ពួកគាត់មានភាពល្អប្រសើរឡើង។ វេបផតថលនេះ មានផ្ទុកឯកសារ មេរៀនណែនាំជាក់ស្តែង និងបញ្ជីផ្ទៀងផ្ទាត់ ដែលអាចទាញយកបានតាមគេហទំព័រ www.b3cmsme.org។

ឯកសារទាំងនេះ បង្ហាញពីមធ្យោបាយនៃការកសាងឡើងវិញ និងកំណត់ផ្នែកអាជីវកម្ម ដែលសហគ្រាសមីក្រូ តូច និង មធ្យម អាចមានសក្តានុពលក្នុងការធ្វើឲ្យប្រសើរឡើង។ ជាពិសេសមានឯកសារទាក់ទងនឹងការគ្រប់គ្រងផ្នែកប្រតិបត្តិការ កម្លាំងពលកម្ម សុខភាព និងសុវត្ថិភាពការងារ។

ឯកសារណែនាំ និងខិត្តប័ណ្ណបានរៀបចំឡើង ជាពិសេសសម្រាប់ម្ចាស់សហគ្រាស អ្នកគ្រប់គ្រង និងបុគ្គលិក របស់សហគ្រាសខ្នាតតូចបំផុត តូច និង មធ្យម ដែលពួកគាត់ត្រូវការចាំបាច់ ក្នុងការស្វែងរកការ ណែនាំបង្ហាញផ្លួវ និងដំណោះស្រាយ នៅពេលជំងឺរាតត្បាត ប៉ះពាល់ទៅលើអាជីវកម្មរបស់ពួកគាត់។ ឯកសារទាំងនេះនឹងជួយឲ្យក្រុមហ៊ុន ឬសហគ្រាសអាចយល់ដឹង និងរកឃើញនូវចំណុចចាប់ផ្តើម ព្រមទាំងវិធីដើម្បីបន្តស្តារឡើងវិញ ក៏ដូចជាការបន្តពង្រឹងដំណើរការរៀបចំផែន ការអាជីវកម្មផងដែរ។

ក្រសួងឧស្សាហកម្ម បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញ និងណែនាំរបស់លោក ចម ប្រសិទ្ឋ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ អង្គការ UNIDO ប្រចាំកម្ពុជាបានរៀបចំបកប្រែឯកសារណែនាំ និងខិត្តប័ណ្ណទាំងនេះជាភាសាខ្មែរ ដែលសហគ្រាសគ្រប់ប្រភេទអាចយកទៅប្រើប្រាស់បាន។
ឯកសារទាំងនេះ ផ្តល់នូវគន្លឹះ ជាច្រើនពីស្តង់ដារ អន្តរជាតិដែលមានស្រាប់ ក៏ដូចជា ប្រភពទាក់ទងនឹងការកែលំអរឧស្សាហកម្ម ដែលសហគ្រាសអាចយកមកប្រើប្រាស់ក្នុងសកម្មភាពប្រតិ្តបត្តិការ និងជួយដោះស្រាយការនូវការគំរាមកំហែង ឬការរំខាន ដែលសហគ្រាសអាចនឹងកំពុងប្រឈម៕

LEAVE A REPLY

Please enter your comment!
Please enter your name here