វិបត្តិកូវីដ១៩ជំរុញឱ្យសហគ្រិនផ្លាស់ប្តូរបែបផែននៃអាជីវកម្មរបស់ខ្លួនកាន់​តែប្រសើរ

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ នៅក្នុងវិបត្តិកូវីដ១៩ ម្ចាស់អាជីវកម្មជាច្រើនបានរងផលប៉ះពាល់។ ទន្ទឹមនឹងផលប៉ះពាល់នេះ ម្ចាស់អាជីវកម្មមួយចំនួនបានផ្លាស់ប្តូរបែបផែននៃអាជីវកម្មរបស់ខ្លួន ដើម្បីជំនះនូវបញ្ហាដែលជួបប្រទះផ្ទាល់។ ក្នុងនោះ សហគ្រិនជាច្រើនបានផ្លាស់ប្តូរពីការធ្វើអាជីវកម្មតាមបែបបុរាណ មកការធ្វើអាជីវកម្មតាមបែបថ្មី ដើម្បីជំរុញឱ្យសកម្មភាពអាជីវកម្មរបស់ខ្លួនកាន់តែប្រសើរ។

លោក ម៉ាង វណ្ណឌី នាយកប្រតិបត្តិនៃក្រុមហ៊ុន Biz Advisor បានឱ្យដឹងថា នៅក្នុងដំណាក់កាលកូវីដ១៩ មានសហគ្រិនជាច្រើនបានជួបប្រទះនឹងបញ្ហា ហើយអាជីវកម្មរបស់សហគ្រិនមួយចំនួន ស្ទើរតែបិទទ្វារ ឬបានបិទទ្វារ ដោយសារបញ្ហាឆ្លងរាលដាលនៃកូវីដ១៩។ យ៉ាងណាក្ដី សម្រាប់អាជីវកម្មមួយចំនួន ដែលបានផ្លាស់ប្តូរទាន់ពេលវេលា ពីរបៀបនៃការធ្វើអាជីវកម្មពីតាមបែបបុរាណ មកជាអាជីវកម្មតាមបែបឌីជីថល ក៏បានឃើញថាដំណើរការរបស់ពួកគេនៅតែបន្ត ហើយរឹតតែទទួលបានលទ្ធផលល្អប្រសើរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “នៅក្នុងវិបត្តិនេះ ធ្វើឱ្យអាជីវកម្មជាច្រើនជួបបញ្ហា តែក្នុងវិបត្តិនោះក៏ជាឱកាសនៃការអភិវឌ្ឍអាជីវកម្ម ទៅរកបែបផែនឌីជីថលដែរ ដើម្បីឱ្យទាន់សម័យបច្ចេកវិទ្យាទំនើប ហើយវិបត្តិកូវីដនេះបានជំរុញឱ្យអាជីវកម្មកាន់តែច្រើនត្រូវងាកទៅរកការគ្រប់គ្រង និងដំណើរការតាមឌីជីថល។

លោកថា ”កាលពីមុនកូវីដ១៩ មនុស្សគ្រប់គ្នាមុនចេញពីផ្ទះ អ្វីដែលពួកគាត់គិតមុនគេនោះ គឺកាបូបលុយ បើគ្មានការបូបលុយ គឺពួកគាត់មិនអាចចំណាយអ្វីបានទាំងអស់។ ប៉ុន្តែបច្ចុប្បន្ននេះ ភ្លេចកាបូបលុយ លែងជាបញ្ហាហើយ តែកុំភ្លេចស្មាតហ្វូន។ ការចាយវាយនានា នាពេលបច្ចុប្បន្ននេះ មានតែទូរសព្ទស្មាតហ្វូនមួយ គឺគ្រប់គ្រាន់ហើយ”។

លោកបន្ថែមថា “ទោះបីវិបត្តិកូវីដបានធូរស្រាល មនុស្សម្នាអាចជួបជុំគ្នា អាចជជែកគ្នា ដោយផ្ទាល់បានក្ដី តែបច្ចេកវិទ្យាឌីជីថល នៅតែបន្តដើរតួនាទីសំខាន់ ក្នុងដំណើរការអាជីវកម្មរបស់សហគ្រិនដដែល ដោយសារតែការប្រើប្រាស់បច្ចេកវិទ្យា មានភាពងាយស្រួល លឿន រហ័ស និងអាចបង្កើនផលិតភាពការងារ របស់សហគ្រិន កាន់តែច្រើនជាងមុនផងដែរ”។

យ៉ាងណាក្ដី អ្នកជំនាញរូបនេះលើកឡើងថា ដំណើរការអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាក៏មានបញ្ហាមួយចំនួនដែរ នៅក្នុងប្រទេសកម្ពុជានោះគឺ គុណភាពនៃប្រព័ន្ធទូរគមនាគមន៍ ដែលមិនទាន់មានភាពទូលំទូលាយនៅឡើយ ដែលទាមទារឱ្យមានការអភិវឌ្ឍផ្នែកនេះ ដើម្បីជំរុញឱ្យដំណើរការអាជីវកម្មតាមបែបឌីជីថល កាន់តែមានសន្ទុះបន្ថែម។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានយកប្រតិបត្តិ នៃធនាគារអេស៊ីលីដា បានលើកឡើងថា កាលពីមុនវិបត្តិកូវីដ១៩ មនុស្សម្នាក់ៗប្រើប្រាស់ប្រតិបត្តិការធនាគារភាគច្រើន ទៅតាមបែបបុរាណ ហើយគាត់ថា មានភាពងាយស្រួល។ ពេលដែលវិបត្តិកូវីដមកដល់ មនុស្សម្នាមិនអាចជួបគ្នា មិនអាចធ្វើដំណើរបានទូលំទូលាយ ដូច្នេះប្រព័ន្ធហិរញ្ញវត្ថុក៏បានចាប់ផ្ដើមអនុវត្តន៍ការប្រើប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា។

លោកបន្តថា ក្នុងគ្រាដំបូងៗឃើញថា ពលរដ្ឋមិនទាន់ស៊ាំ ជាមួយនឹងបច្ចេកវិទ្យា ហើយក៏គិតថាពិបាក តែពេលប្រើប្រាស់យូរទៅ ពួកគាត់ក៏បានបង្ហាញពីភាពងាយស្រួល ហើយទោះបីជាពេលនេះវិបត្តិកូវីដ១៩ ស្ទើរតែលែងមាន ក៏ពួកគាត់បន្តប្រើប្រាស់បច្ចេកវិទ្យា ក្នុងវិបត្តិហិរញ្ញវត្ថុនេះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here