លោកទេសរដ្ឋមន្ត្រី សុន គន្ធរ អនុញ្ញាតឱ្យសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជាចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ដោយ ៖ សុវណ្ណារ៉ា

ភ្នំពេញ ៖ ជាការលើកទឹកចិត្តដល់បណ្តាម្ចាស់ក្រុមហ៊ុន ក៏ដូចជាភ្នាក់ងារអចលនទ្រព្យស្របច្បាប់ដែលកំពុងប្រកបអាជីវកម្មនៅកម្ពុជា លោកទេសរដ្ឋមន្ត្រី សុន គន្ធរ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានអនុញ្ញាតឱ្យសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជាចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ រួមជាមួយនឹងការចែករំឡែកនូវចំណេះដឹងពាក់ព័ន្ធទៅនឹងអាជីវកម្មអចលនទ្រព្យនៅកម្ពុជាផងដែរ។

ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា លោក ម៉ន សុខា ព្រមទាំងសមាជិសមាជិកានៃសមាគមសរុបជាង១០នាក់ ត្រូវបានការអនុញ្ញាតិពីសំណាក់លោកទេសរដ្ឋមន្ត្រីឱ្យចូលជួបសម្ដែងការគួរសមដោយផ្ទាល់នៅវិមានសន្តិភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ម៉ន សុខា បានមានប្រសាសន៍ថា “ក្រោមម្លប់សន្តិភាពនៃការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិទទួលបានសុខសុវត្ថិភាព មានសណ្តាប់ធ្នាប់ ជាពិសេស សេដ្ឋកិច្ចមានកំណើនជាប់ជាប្រចាំ ដែលធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ ហើយបានទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិឱ្យចូលមកបណ្តាក់ទុនវិនិយោគយ៉ាងសន្ធឹកសន្ធាប់”។

លោកបានបន្តទៀតថា “ជាមួយនឹងភាពរីកចម្រើននៃកំណើនសេដ្ឋកិច្ច សម្រាប់ទីផ្សារអចលនទ្រព្យ និងសំណង់នៅកម្ពុជា ក៏មានសន្ទុះយ៉ាងខ្លាំងក្លា ដែលក្នុងនោះក្រៅពីកំណើននៃតម្រូវការសំណង់អគារពាណិជ្ជកម្ម លំនៅដ្ឋាននានា ការទិញ-លក់ដីឡូតិ៍ ដែលផ្តល់ឱកាសដល់បណ្តាបងប្អូនប្រជាពលរដ្ឋដែលមានធនធានតិចតូច ហើយចង់បានដីជាកម្មសិទ្ធិសម្រាប់សាងសង់លំនៅដ្ឋាន និងប្រើប្រាស់តាមតម្រូវការក៏បានក្លាយជាផ្នែកមួយយ៉ាងសំខាន់ផងដែរ”។

លោកប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា ក៏បានមានប្រសាសន៍ជម្រាប់ជូនលោកទេសរដ្ឋមន្ត្រីផងដែរថា “ថ្វីត្បិតការទិញ-លក់ដីឡូតិ៍មានសកម្មភាពយ៉ាងខ្លាំងក្លាជាពិសេសនៅតាមបណ្តាជាយក្រុងក្រោមការវិនិយោគពីសំណាក់ក្រុមហ៊ុក្នុងស្រុក (ភាគច្រើន) ក្នុងនោះក៏មានបញ្ហាអវិជ្ជមានផងដែរ ដែលបង្កឡើងដោយក្រុមជនទុច្ចរិត និងអ្នករកស៊ីមិនស្របច្បាប់មួយចំនួនឆ្លៀតឱកាសប្រព្រឹត្តអំពើឆបោកប្រជាជនស្លូតត្រង់ដែលជាអតិថិជន ក៏ដូចជាឈ្មួញទិញ-លក់ដីកម្រិតតូច និងមធ្យមផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា បានព្យាយាមស្វែងរកដំណោះស្រាយ និងឈានទៅរកការលុបបំបាត់នូវចំណុចអវិជ្ជមាន ដោយសុំកិច្ចសហការ និងសុំឱ្យមានការគាំទ្រពីសំណាក់ថ្នាក់ដឹកនាំស្ថាប័នដែលពាក់ព័ន្ធ”។

លោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សុន គន្ធរ និងជាប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានបង្ហាញពីកិច្ចគាំទ្រទៅលើគោលជំហរ និងគោលនយោបាយរបស់សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា ដែលរាល់សកម្មភាពទិញ-លក់ ដីឡូតិ៍នេះ ក៏ជាការរួចចំណែកដល់សកម្មភាពនៃដំណើរការសេដ្ឋកិច្ចរួមនៅកម្ពុជាផងដែរ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រីក៏បានធ្វើការណែនាំផងដែរថា “ការទិញ-លក់ដីឡូត៍ ក៏ជាចំណែកមួយដែលបង្ហាញពីភាពល្អប្រសើរនៃស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសក្នុងដំណាក់ដែលពិភពលោកកំពុងតែទទួលរងនូវវិបត្តិ ប៉ុន្តែការទិញលក់អចលនទ្រព្យនានានៅកម្ពុជា នៅតែបន្តមានសកម្មភាព ដែលផ្តើមចេញពីតម្រូវការក្នុងស្រុក”។

លោកទេសរដ្ឋមន្ត្រីបានបន្តទៀតថា “ទោះជាបែបនេះក៏ដោយ ការឆបោកពីសំណាក់ជនខិលខូចមួយចំនួនពាក់ព័ន្ធទៅនឹងទីផ្សារដីឡូតិ៍នេះក៏ឃើញកើតមាន ដូច្នេះ គួរតែចូលរួមទាំងអស់គ្នា ទាំងក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍ ទាំងសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា ដើម្បីលុបបំបាត់នូវចំណុចអវិជ្ជមាន និងការពារដល់ផលប្រយោជន៍អតិថិជន ក៏ដូចជាសង្គមជាតិទាំងអស់គ្នា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here