លំហូរទុនវិនិយោគផ្ទាល់ពីបរទេសរួមចំណែកធំក្នុងការជំរុញទីផ្សារអចលនទ្រព្យនៅកម្ពុជា

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ពីមួយឆ្នាំទៅមួយឆ្នាំ លំហូរទុនវិនិយោគផ្ទាល់ពីបរទេសចូលមកកម្ពុជា នៅតែមានកំណើន ទោះប្រឈមវិបត្តិនៃកូវីដ១៩ កម្ពុជានៅតែទទួលបានលំហូរទុនវិនិយោគផ្ទាល់ពីបរទេស ដែលបានរួមចំណែកយ៉ាងធំ ក្នុងការជំរុញទីផ្សារ និងការអភិវឌ្ឍអចលនទ្រព្យ។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាពេលកន្លងទៅនេះ បានបង្ហាញថា ក្នុងពាក់ កណ្ដាលឆ្នាំ២០២២នេះ កម្ពុជាទទួលបានលំហូរទុនវិនិយោគផ្ទាល់ពីបរទេស មានចំនួនទឹកប្រាក់ប្រមាណ៣ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ ទីផ្សារអចលនទ្រព្យស្រូបបានទុនវិនិយោគ ពីបរទេសមួយចំនួនធំផងដែរ ជាក់ស្ដែងក្នុងវិស័យសំណង់ និងអចលនទ្រព្យមុនវិបត្តិកូវីដ១៩ បានរួមចំណែកក្នុងសេដ្ឋកិច្ចកម្ពុជា ប្រមាណ៣០ភាគរយឯណោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍បង្ហាញផងដែរថា ប្រទេសចិនបានមានលំហូរទុនវិនិយោគផ្ទាល់នៅកម្ពុជាច្រើនជាងគេ ដែលមានទឹកប្រាក់ប្រមាណ១,២៩ពាន់លានដុល្លារអាមេរិក ក្នុងពាក់កណ្ដាលឆ្នាំ២០២២នេះ ដែលមានចំណែកប្រមាណ៤៣ភាគរយ ក្រៅពីនោះមាន ប្រទេសជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ជាដើម។

អ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជា បានលើកឡើងផងដែរថា ដោយសារតែវិស័យអចលនទ្រព្យកម្ពុជាពឹងផ្អែកលើការវិនិយោគធំពីខាងក្រៅប្រទេស ដូច្នេះនៅគ្រាដែលវិនិយោគិនបរទេសមិនទាន់អាចចូលមកកម្ពុជា ដើម្បីស្វែងរកការវិនិយោគ វិស័យនេះក៏មិនអាចមានសន្ទុះខ្ពស់ ដូចក្នុងគ្រាមុនកូវីដ១៩នោះដែរ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានលើកឡើងថា ការវិនិយោគ ក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ពីសំណាក់វិនិយោគិនក្នុងស្រុក បានជួយទប់ និងជួយឱ្យសកម្មភាពនៃការវិនិយោគអចលនទ្រព្យនៅបន្តដំណើរការ ប៉ុន្តែវាមិនអាចរីកលូតលាស់ខ្លាំង ដូចនៅមុនវិបត្តិកូវីដ១៩អំឡុងឆ្នាំ ២០១៨ ឬ២០១៩នោះទេ។

អ្នកនាង ជិន ច័ន្ទដាលុច្ស ប្រធានផ្នែកវាយតម្លៃ នៃក្រុមហ៊ុន CBRE Cambodia ក៏បានឱ្យដឹងថា កត្តាមួយចំនួន ដែលនៅរារាំងការមកដល់វិនិយោគិនបរទេសចូលមកកម្ពុជា ដូចជា វិបត្តិសេដ្ឋកិច្ចសកលមិនទាន់បានប្រសើរ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងបញ្ហាកូវីដ១៩នៅបណ្ដាប្រទេសមួយចំនួន ដែលរដ្ឋាភិបាលរបស់គេនៅតែបន្តរឹតបន្តឹងការចេញចូលរបស់ពលរដ្ឋ ទៅក្រៅប្រទេស ដូចជា ប្រទេសចិនជាដើម ដែលធ្វើឱ្យវិនិយោគិនពិបាកចេញចូល ដើម្បីស្វែងរកការវិនិយោគ៕

LEAVE A REPLY

Please enter your comment!
Please enter your name here