អ្នកជំនាញ: វិស័យធនាគារ និងអចលនទ្រព្យមិនមែនជាជម្រើសដ៏ល្អសម្រាប់ការវិនិយោគរយៈពេលខ្លី

ដោយៈ សុខុម

ហាណូយ: នៅចុងឆ្នាំ២០២២ នេះ វិស័យប្រេង និងឧស្ម័ន វិស័យដឹកជញ្ជូន វិស័យធានារ៉ាប់រង វិស័យលក់រាយ និងវិស័យវារីអគ្គិសនីនឹងទទួលបានសញ្ញាវិជ្ជមាន ខណៈវិស័យធនាគារ និងវិស័យអចលនទ្រព្យមិនមែនជាជម្រើសដ៏ល្អសម្រាប់ការវិនិយោគរយៈពេលខ្លី។

ក្រុមអ្នកជំនាញមកពីក្រុមហ៊ុនមូលបត្រ នៅប្រទេសវៀតណាម DNSE Securities Company បានលើកឡើងកាលពីសប្តាហ៍មុនថា ធនាគារកណ្ដាលអាមេរិក Federal Reserve បានបន្តដំឡើងអត្រាការប្រាក់ដុល្លារ រហូតដល់ទៅ៧៥ពិន្ទុ ដែលធ្វើឱ្យអត្រាប្តូរប្រាក់ដុង / ប្រាក់ដុល្លារ ហក់ឡើងខ្ពស់។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃទី០១ ខែតុលា។

ប្រាក់ដុង របស់វៀតណាម បានធ្លាក់ចុះ៣,៥%ទៅ៤% ធៀបនឹងប្រាក់ដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ដែលជះផលប៉ះពាល់អវិជ្ជមានដល់អាជីវកម្មនានាដែលនាំចូលទំនិញ ឬមានប្រាក់កម្ចីជាដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគាររដ្ឋវៀតណាម (SBV) កាលពីពេលថ្មីៗនេះ បានដំឡើងអត្រាការប្រាក់១% ដោយសារតែទទួលរងសម្ពាធ ពីការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិក។

ពេលនេះធនាគាររដ្ឋវៀតណាម (SBV) កំពុងផ្តល់អាទិភាពលើគោលដៅគ្រប់គ្រងអតិផរណា និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទន្ទឹមនឹងការរក្សាអត្រាការប្រាក់ឱ្យនៅទាបដើម្បីគាំទ្រអាជីវកម្ម។ ក្រុមអ្នកជំនាញមកពីក្រុមហ៊ុនមូលបត្រវៀតណាម DNSE Securities Company ជឿថា នេះគឺជាកត្តាអវិជ្ជមានសម្រាប់ឧស្សាហកម្មធនាគារ។

ចំពេលមានការដំឡើងអត្រាការប្រាក់ ដើម្បីបន្ថយអតិផរណា ទីផ្សារភាគហ៊ុនពិភពលោក ក៏ដូចជា ទីផ្សារភាគហ៊ុននៅវៀតណាម មិនមានប្រតិកម្មជាវិជ្ជមានទេ។

អតិផរណានៅវៀតណាម ស្ថិតក្រោមការគ្រប់គ្រងបាន ហើយការទម្លាក់តម្លៃរូបិយប័ណ្ណក្នុងស្រុក មិនធ្ងន់ធ្ងរដូចនៅក្នុងបណ្ដាប្រទេសដទៃឡើយ ដោយបង្ហាញពីការគ្រប់គ្រង និងការតម្រង់ទិសយ៉ាងត្រឹមត្រូវរបស់រដ្ឋាភិបាលវៀតណាម  និងធនាគាររដ្ឋវៀតណាម (SBV) នៅក្នុងការគ្រប់​គ្រ​ងអតិផរណា និងអត្រាប្តូរប្រាក់ និងធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសមានស្ថិរភាព។

ទោះជាយ៉ាងណា លោក Nguyễn Ngọc Linh នាយកផ្នែកកម្មសិទ្ធិនៃក្រុមហ៊ុនមូលបត្រវៀតណាម DNSE Securities Company លើកឡើងថា “ការប្រែប្រួលឡើងចុះជាអវិជ្ជមាននៃអត្រាការប្រាក់ ក៏ដូចជាអត្រាប្តូរប្រាក់ដុង / ដុល្លារអាមេរិក ខ្ពស់ នឹងបង្កើនការចំណាយសម្រាប់អាជីវកម្មនានាដែលមានបំណុលគិតជាដុល្លារ។

ការចំណាយលើការប្រាក់បានកើនឡើង ដោយសារការបន្តការដំឡើងអត្រាការប្រាក់ខ្ពស់រួមនឹងការខាតបង់អត្រាប្តូរប្រាក់។

អ្នកជំនាញរូបនេះបានបន្ថែមទៀតថា “ក្រុមអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធ វិស័យអចលនទ្រព្យនឹងរងផលប៉ះពាល់ ជាអវិជ្ជមានដោយសារបរិបទបច្ចុប្បន្ននេះ”។

ដូចនេះសរុបមកសរបង្ហាញឱ្យឃើញថា វិស័យធនាគារ និងវិស័យអចលនទ្រព្យ មិនមែនជាជម្រើសដ៏ល្អ សម្រាប់ការវិនិយោគរយៈពេលខ្លី៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here