វិស័យបរធនបាលកិច្ចនឹងជំរុញឱ្យមានការវិនិយោគលើវិស័យអចលនទ្រព្យកាន់តែ​ច្រើននាពេលអនាគត

 ដោយៈវឌ្ឈនៈ

ភ្នំពេញៈ បរធនបាលកិច្ចជាស្ថាប័នថ្មីមួយ ដែលរដ្ឋាភិបាលកម្ពុជាបានបង្កើតឡើង សម្រាប់ជួយសម្របសម្រួល និងវិនិយោគជំនួសវិនិយោគិន ហើយការបង្កើតនូវនិយ័តករបរធនបាលកិច្ច នឹងជំរុញឱ្យមានការវិនិយោគលើអចលនទ្រព្យបន្ថែមទៀត។

អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច លោកសុខ រ៉ាបានថ្លែងនៅក្នុងកិច្ចសម្ភាសន៍កាលពីពេលកន្លងមកនេះបានឱ្យដឹងថា វិស័យបរធនបាលកិច្ចដើរតួនាទីសំខាន់មួយ ដែលមិនអាចខ្វះបាន ក្នុងការចូលរួមជាមួយវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “វិស័យនេះនឹងផ្ដល់នូវថ្នាលថ្មីមួយ ក្នុងនោះគឺការបង្កើតនូវទំនុកចិត្តទៅដល់វិនិយោគិន”។លោកបន្ថែមថា “ជាក់ស្ដែង ទោះបីជាវិនិយោគិនចូលមកកម្ពុជាមិនមានបទពិសោធន៍ ក្នុងការដាក់ទុនវិនិយោគក្នុងវិស័យអចលនទ្រព្យ ឬមិនមានព័ត៌មានពីទីផ្សារអចលនទ្រព្យ ក៏ពួកគាត់តែនៅអាចវិនិយោគអចលនទ្រព្យនៅកម្ពុជា តាមការផ្ដល់សិទ្ធិជ្រើសរើសដល់អ្នកជំនាញក្នុងនោះក៏មានការធានាពីបរធនបាល”។

លោកសុខ រ៉ាបានបន្តថា បរធនបាលកិច្ចនឹងធ្វើការវិនិយោគជំនួស ចាត់ចែងទ្រព្យសម្បត្តិរបស់វិនិយោគិនជំនួស ដែលនេះជាជម្រើសមួយ ដែលគេហៅថា ការវិនិយោគមិនផ្ទាល់ឬវិនិយោគ ដោយប្រយោល ហើយយន្តការមួយនេះ គឺជាយន្តការដែលឆ្លើយតប ទៅនឹងសេចក្ដីត្រូវការមួយរបស់វិនិយោគិនផងដែរ ដែលគាត់ត្រូវការមានការធានានូវទ្រព្យរបស់គាត់ ។

លោកបន្ថែមថា “យន្តការនេះ មិនត្រឹមតែទាក់ទាញវិនិយោគិន ក្នុងស្រុកប៉ុណ្ណោះទេ តែក៏ទាក់ទាញវិនិយោគិនក្រៅស្រុក ឱ្យចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើន និងជាការដករបាំងមួយសម្រាប់ការវិនិ​យោគពីខាងក្រៅ”។ លោកបន្តថា “ពេលនេះនិយ័តករបរធនបាលកិច្ចរបស់យើងក៏បានចុះហត្ថលេខាព្រមព្រៀង ជាមួយសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា ដូច្នេះគ្រប់សមាជិករបស់សមាគមនឹងក្លាយជាចំណែកមួយនៃបរធនបាលកិច្ចរបស់យើង”។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា ការបង្កើតនូវនិយ័តករបរធនបាលកិច្ចនិង កិច្ចសហការជាមួយសមាគមរបស់យើង នឹងធ្វើឱ្យវិនិយោគិន ឬអ្នកដែលមានទ្រព្យគាត់មានជំនឿទុកចិត្ត កាន់តែខ្លាំងមកលើការវិនិយោគអចលនទ្រព្យនៅកម្ពុជា ក្នុងនោះដែរគាត់នឹងអាចយកទ្រព្យ ដែលមិនប្រើរបស់គាត់ មកដាក់ជាមួយបរធនបាលកិច្ច ដើម្បីឱ្យពួកយើងបានចាត់ចែងទ្រព្យរបស់គាត់ និងធ្វើឱ្យទ្រព្យរបស់គាត់កើនឡើងបន្តបន្ទាប់។

លោកបន្តថា “បច្ចុប្បន្ននេះអ្វីដែលពួកយើងត្រូវធ្វើនោះ គឺការពង្រីកនូវការផ្សព្វផ្សាយ និងការយល់ដឹងទៅដល់ប្រជាពលរដ្ឋ ទៅដល់វិនិយោគិននិងអ្នកដែលមានទ្រព្យធន់”។ លោកបន្តថា “វិស័យ​បរធនបាលកិច្ចនេះដែរនឹងទាក់ទាញវិនិយោគិនពីបរទេសបន្ថែមទៀត និងជំរុញឱ្យសកម្មភាពនៃការ​វិនិយោគអចលនទ្រព្យនៅកម្ពុជាកាន់តែខ្លាំង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here