រដ្ឋមន្រ្តីពាណិជ្ជកម្មលើកឡើងពីការស្វែងរកអ្នកកាត់ក្តីមិនលំអៀងទាក់ទងនឹងវិវាទពាណិជ្ជកម្ម

ដោយៈ ម៉ាលីនណា

       ឥណ្ឌូនេស៊ីៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា គួរតែមានអ្នកកាត់ក្ដីដែលមិនលំអៀង និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីដោះស្រាយវិវាទផ្នែកពាណិជ្ជកម្ម ឱ្យមានភាពត្រឹមត្រូវ។

លោកបានគូសបញ្ជាក់បែបនេះ ក្នុងកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រី ស្ដីពីកំណែទម្រង់ប្រព័ន្ធដោះស្រាយវិវាទ របស់អង្គការពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

កិច្ចពិគ្រោះយោបល់ក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រី ស្ដីពីកំណែទម្រង់ប្រព័ន្ធដោះស្រាយវិវាទ របស់អង្គការពាណិជ្ជកម្មពិភពលោក គឺជាព្រឹត្តិការណ៍អមមួយរបស់កិច្ចប្រជុំរដ្ឋមន្រ្តីពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្មរបស់ក្រុមទេស G20 នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី។ កិច្ចពិគ្រោះយោបល់នេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងចែករំលែកទស្សទានល្អៗ របស់បណ្ដារដ្ឋមន្ត្រីពាណិជ្ជកម្ម ទៅលើការកែទម្រង់ប្រព័ន្ធដោះស្រាយវិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោក សំដៅធ្វើយ៉ាងណាឱ្យប្រព័ន្ធ ដោះស្រាយវិវាទនេះ មានលក្ខណៈកាន់តែមានប្រសិទ្ធភាព និងប្រកបដោយបរិយាប័ន្ន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទោះបីប្រទេសកម្ពុជា ជាប្រទេសអភិវឌ្ឍតិចតួច ដែលមិនធ្លាប់មានវិវាទក៏ដោយ ក៏កម្ពុជាមានគោលបំណង ឱ្យសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ផ្តល់សំទ្បេងឱ្យក្រុមប្រទេសអភិវឌ្ឍតិចតួច (LDCs) នៅក្នុងដំណើរការក្ដីផ្សេងៗនៅក្នុងប្រព័ន្ធនេះ។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា ដើម្បីឱ្យប្រព័ន្ធនេះដំណើរការប្រកបដោយប្រសិទ្ធភាព គឺចាំបាច់ត្រូវជៀសវាងការបង្កើតរាល់នីតិវិធី និងវិធានដែលមានលក្ខណៈស្មុគ្រស្មាញ និងថ្លៃចំណាយខ្ពស់ ដែលអាចបង្ករជារបាំងផ្នែករដ្ឋបាល ហើយប៉ះពាល់ដល់ការចូលរួមដំណើរការក្ដី របស់ក្រុមប្រទេសអភិវឌ្ឍតិចតួច ឬប្រទេសផ្សេងទៀត។

លោកប៉ាន សូរស័ក្តិ បានបន្តថា ជំនួយបច្ចេកទេស និងដំបូន្មានផ្នែកច្បាប់ ត្រូវតែផ្ដល់ជូនដល់ក្រុមប្រទេសអភិវឌ្ឍតិចតួច ដើម្បីជាជំនួយដល់ដំណើរការក្ដីផ្សេងៗ ដែលពាក់ព័ន្ធនឹងក្រុមប្រទេសនេះ។ បន្ថែមពីនេះ គួរតែមានអ្នកកាត់ក្ដីដែលមិនលំអៀង និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលមកពីគ្រប់តំបន់ និងយេនឌ័រ ហើយត្រូវជំរុញឱ្យមានចៅក្រម ដែលមានសមត្ថភាពមកពីប្រទេសសមាជិកអភិវឌ្ឍតិចតួចផងដែរ។

លោករដ្ឋមន្ត្រី បានជម្រាបថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមយ៉ាងសកម្ម ជាមួយគ្រប់បណ្ដាភាគីពាក់ព័ន្ធ នៅក្នុងកំណែទម្រង់ប្រព័ន្ធដោះស្រាយវិវាទ របស់អង្គការពាណិជ្ជកម្មពិភពលោក សំដៅធ្វើយ៉ាងណាធ្វើឱ្យប្រព័ន្ធនេះ មានដំណើរការកាន់តែល្អប្រសើរបន្ថែមទៀត នាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here