ឡាវ គ្រោងសាងសង់ផ្លូវដែកថ្មីមួយខ្សែប្រវែង២២០គីឡូម៉ែត្រដើម្បីតភ្ជាប់ប្រទេសវៀតណាម

ដោយៈ សុខុម

វៀងចន្ទន៍: រដ្ឋាភិបាលឡាវ បានព្រមព្រៀងលើការសិក្សាសមិទ្ធលទ្ធភាព សម្រាប់ការសាងសង់ផ្លូវដែកថ្មីមួយខ្សែ ប្រវែង២២០គីឡូម៉ែត្រពីខេត្តឡាវ Savannakhet ឆ្ពោះទៅ Lao Bao ដែលស្ថិតនៅក្នុងខេត្ត Quang Tri ប្រទេសវៀតណាម។

យោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃពុធ ទី២១ ខែកញ្ញា ឱ្យដឹងថា ក្រុមហ៊ុនចិន Jiangsu Hengtong Construction Engineering Co., Ltd ជាអ្នកទទួលបន្ទុកធ្វើការសិក្សាលើការសាងសង់គម្រោងផ្លូវដែក ដែលតភ្ជាប់ប្រទេសជិតខាងទាំង២នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគឡាវ លោក Sathabandith Insysiengmai និងប្រធានក្រុមហ៊ុនចិន លោក Dai Kang Fu បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបន្តការសិក្សាសមិទ្ធលទ្ធភាពនេះកាលពីសប្តាហ៍មុន។

គម្រោងស្រដៀងគ្នាមួយ ដើម្បីតភ្ជាប់ខេត្តឡាវ Savannakhet ឆ្ពោះទៅ Lao Bao ប្រទេសវៀតណាម បានចាប់ផ្តើមក្នុងឆ្នាំ២០១៣ ប៉ុន្តែមិនបានលេចចេញលទ្ធផលជាផ្លែផ្កានោះឡើយ។

លោក Sonesack N. Nhansana អតីតអគ្គនាយករងនៃនាយក​  ដ្ឋានផ្លូវដែកឡាវ និងជាអ្នកសម្របសម្រួលគម្រោងផ្លូវដែក Savannakhet-Lao Bao Railway បានលើកឡើងថា គម្រោងនេះនឹងត្រូវចំណាយថវិកាអស់៥ពាន់លានដុល្លារអាមេរិក ប្រសិនបើត្រូវបានអនុម័ត។ ការសិក្សាសមិទ្ធលទ្ធភាព នឹងត្រូវចំណាយពេល២ឆ្នាំទើបបញ្ចប់ ហើយការសាងសង់នឹងបញ្ចប់ជាស្ថាពរនៅ៣ឆ្នាំបន្ទាប់។

ក្រុមហ៊ុនសាងសង់ចិន ខាងលើនេះក៏បានស្នើសុំសម្បទានពីរដ្ឋាភិបាលឡាវ ដើម្បីសាងសង់ស្ថានីយធំៗចំនួន៤ និងស្ថានីយតូចៗចំនួន៧នៅលើផ្ទៃដី៤.១០០ហិកតា នៅតាមខ្សែផ្លូវដែកនេះផងដែរ។

ទន្ទឹមនេះ ប្រទេសឡាវ ក៏កំពុងធ្វើការសិក្សាសមិទ្ធលទ្ធភាព សម្រាប់ការសាងសង់ គម្រោងផ្លូវដែកមួយខ្សែទៀតផងដែរ ដែលតភ្ជាប់ក្រុងវៀងចន្ទន៍ ជាមួយ Thakhek ក្នុងខេត្ត Khammouane មុនពេលទៅដល់វៀតណាម៕ Laotian Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here