ដោយៈ សុផារី
ភ្នំពេញៈ បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងបើកឱ្យធ្វើដំណើរការ ដោយមិនគិតថ្លៃរយៈពេលមួយខែ ចាប់ពីនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ការធ្វើដំណើរលើផ្លូវល្បឿនលឿននេះ នឹងត្រូវគិតតម្លៃធម្មតា ដោយបែងចែកចេញជា៥ប្រភេទយានយន្តខុសៗគ្នា។
ក្នុងដំណើរអញ្ជើញចុះពិនិត្យចុងក្រោយ លើការងារសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ -ព្រះសីហនុ នាព្រឹកថ្ងៃពុធ ទី២១ ខែកញ្ញា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា តម្លៃកំណត់ខាងលើនេះ នៅមានកម្រិតទាបជាងបណ្តាប្រទេសមួយចំនួននៅលើពិភពលោក។

លោកបានគូសបញ្ជាក់ថា “ជាមធ្យមមួយគីឡូម៉ែត្រ គេយក១០សេន ទៅ១២សេន តែយើងយកតែ៨សេនទេ”។
ឆ្លើយតបការលើកឡើងថា ផ្លូវល្បឿនប្រទេសជិតខាងមួយចំនួន យកថ្លៃប្រើប្រាស់ផ្លូវទាបជាងកម្ពុជានោះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា ដោយសារកត្តាបម្រែបម្រួលស្ថានភាពសេដ្ឋកិច្ច និងភាពខុសគ្នានៃសេដ្ឋកិច្ច ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ។
លោកលើកឡើងថា “ផ្លូវខ្លះសាងសង់ឡើង ក្នុងដំណាក់កាលតម្លៃវត្ថុធាតុដើម ឬតម្លៃពលកម្មទាប ដូច្នេះការសាងសង់ចំណាយដើមទុនទាប តែបច្ចុប្បន្នតម្លៃនៃការសាងសង់ខុសគ្នា បើធៀបទៅនឹងរយៈពេល១០ឆ្នាំ ឬ២០ឆ្នាំមុន”។
លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្លូវមួយចំនួននៅប្រទេសជិតខាងយើង ផ្លូវខ្លះគេធ្វើ១០ឆ្នាំ២០ឆ្នាំមុនហើយ អ៊ីចឹងតម្លៃមិនមែន២ពាន់លានដុល្លារទេ ពេលធ្វើអាចចំណាយប្រហែល៥០០លាន ជាករណីឧទាហរណ៍ តែយើងឡើងដល់២ពាន់លានដុល្លារ។
លោកបន្តថា “ផ្លូវនេះ [ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ] ពេលខ្ញុំសិក្សា២០០៧ យើងចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនតម្លៃ៧០០លានដុល្លារអាមេរិក ឥឡូវឡើងជា២ពាន់លានដុល្លារសហរដ្ឋអាមេរិក”។
ហេតុផលមួយទៀត ដែលនាំឱ្យការយកថ្លៃខុសគ្នា គឺដោយសារចំនួនយានយន្តនៅកម្ពុជាមានចំនួនតិច ធៀបនឹងប្រទេសដទៃ ដែលតម្រូវឱ្យមានការកំណត់តម្លៃខ្ពស់ ដើម្បីឱ្យក្រុមហ៊ុនអាចប្រមូលទុនវិនិយោគវិញ ក្នុងរយៈពេលវិនិយោគ៥០ឆ្នាំ កំណត់ដោយរាជរដ្ឋាភិបាល។ នេះជាការបញ្ជាក់បន្ថែមរបស់លោកទេសរដ្ឋមន្ត្រី។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់បន្ថែមថា “មិនមែនចិនប្រមូលលុយខ្មែរទេ។ ចិនដាក់លុយដុំ២ពាន់លានដុល្លារ ចិនយកលុយរាយទៅវិញបន្តិចម្តងៗ ដើម្បីរំលស់លុយគាត់វិញ”។
លោករដ្ឋមន្ត្រី បានបន្ថែមថា “អ៊ីចឹងប្រទេសជិតខាងអាចថោកបន្តិច ប៉ុន្តែប្រទេសចំនួនច្រើន មានតម្លៃខ្ពស់ ដោយសារគេប្រើតម្លៃជាគោល១០សេន ទៅ ១២សេនក្នុងមួយគីឡូម៉ែត្រ”៕







