អ្នកជំនាញបន្ទាបការព្យាករណ៍សេដ្ឋកិច្ចប្រទេសឡាវមកត្រឹម៣ភាគរយ

ដោយ: លាងហួរ

វៀងច័ន្ទ: បណ្ឌិតសភាវិទ្យាសាស្ត្រសង្គម និងសេដ្ឋកិច្ចនៃប្រទេសឡាវ (LASES) បានបន្ទាបការព្យាករណ៍របស់ខ្លួន អំពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ មកត្រឹម៣ភាគរយសម្រាប់ឆ្នាំ ២០២២ ដែលការព្យាករណ៍៍ពីមុន រំពឹងសេដ្ឋកិច្ចប្រទេសនេះ សម្រេចបានកំនើន៤ភាគរយ។

យោងតាមរបាយការណ៍របស់បណ្ឌិត្យសភា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានឱ្យដឹងថា ការបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ គឺដោយសារតែការពង្រីកនូវផលិតភាពយឺតយ៉ាវ នៅក្នុងវិស័យដែលទាក់ទងនឹងការប្រើប្រាស់ ការនាំចេញ និងការវិនិយោគឯកជន និង     រដ្ឋាភិបាល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទំហំនៃការវិនិយោគផ្ទាល់ពីបរទេស បានធ្លាក់ចុះមកនៅត្រឹម២៨០លានដុល្លារអាមេរិក ក្នុងរយៈពេលប្រាំមួយខែចុងក្រោយ នៃឆ្នាំ២០២២ ធ្លាក់ចុះ៥១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

លើសពីនេះទៀត ការវិនិយោគរបស់រដ្ឋ បានធ្លាក់ចុះ៤,១ភាគរយក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះ ហើយត្រូវបានគេព្យាករណ៍ថា នឹងបន្តថយចុះ។  របាយការណ៍នេះបានបន្តថា ការធ្លាក់ចុះទំហំនៃការវិនិយោគ របស់រដ្ឋ គឺដោយសារបញ្ហាសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ឡាវ និងការកើន ឡើងនៃការទូទាត់សេវាបំណុល។

ទោះបីជាការនាំចេញបានកើនឡើង ក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះក៏ដោយ ប៉ុន្តែកំណើននេះគឺយឺតជាងការនាំចូល។

កត្តាខាងក្នុង និងខាងក្រៅបានជះឥទ្ធិពល លើកំណើនសេដ្ឋកិច្ចប្រទេ​សឡាវក្នុងឆ្នាំនេះ រួមទាំងជំងឺរាតត្បាតកូវីដវិបត្តិសេដ្ឋកិច្ចសកល និងអតិផរណាហក់ឡើងខ្ពស់។

ការធ្លាក់ថ្លៃនៃប្រាក់គីបឡាវគឺជាកត្តាចម្បង ដែលប៉ះពាល់ដល់កំនើនសេដ្ឋកិច្ច និងអតិផរណានៅក្នុងប្រទេសឡាវ ហើយជាបញ្ហាប្រឈមចំពោះអាជីវកម្មដែលចង់ពង្រីកប្រតិបត្តិការរបស់ពួកគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here