ក្រសួងសាធារណៈការបើកសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីក្នុងក្រុងសៀមរាប

ដោយៈគង់ ម៉ាលីនណា

       សៀមរាបៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធា​រណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពល យានយន្តអគ្គិសនី (EV Charging Station) ដែលមានទីតាំងឋិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងពីការកើនឡើងគួរឱ្យកត់សម្គាល់ នៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា ដោយក្នុងរយៈពេល៧ខែ ក្នុងឆ្នាំ២០២២ មានរថយន្តអគ្គិសនីសរុបចំនួន៣០៥គ្រឿងបានចុះបញ្ជី ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ មានការកើនឡើងប្រមាណ១៨០៦% ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញនូវការយល់ដឹង និងការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋ លើការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា។

លោកបន្តថា “ការប្រើប្រាស់រថយន្តអគ្គិសនី មានគុណសម្បត្តិល្អច្រើ​នជាងរថយន្តប្រើប្រេងឥន្ធនៈ ដោយពន្ធនាំចូលលើរថយន្តអគ្គិសនីនេះមានតម្លៃទាបជាងពន្ធនាំចូល នៃរថយន្តប្រើប្រេងឥន្ធនៈ”។លោកបន្តថា “ ម្យ៉ាងវិញទៀតការប្រើប្រាស់រថយន្តអគ្គិសនី ចំណេញថាមពលច្រើនជាងរថយន្តប្រើប្រេងឥន្ធនៈដល់ទៅ៣ដង ចំណែកការជួសជុលថែរទាំ មានការចំណាយតិច ដោយសារគ្រឿងបន្លាស់រថយន្តអគ្គិសនីមានចំនួនតិច ជាពិសេសជាងនេះទៀត ការប្រើប្រាស់រថយន្តអគ្គិសនី មិនបំភាយឧស្ម័នពុលទៅក្នុងបរិយាកាស និងមានសំឡេងស្ងាត់ល្អផងដែរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី បានសំដែងមោទនភាពដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានទទួលការឯកភាព ដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យធ្វើជាប្រធានដឹកនាំក្រុមការងារអន្តរក្រសួង សម្រាប់រៀបចំតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា និងបានជំរុញលើកទឹកចិត្តឱ្យវិស័យឯកជន វិនិយោគលើការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ឱ្យបានទូលំទូលាយនៅទូទាំងប្រទេស ជាពិសេ​សនៅតាមស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីធានាបាននូវការផ្គត់ផ្គង់ថាមពលអគ្គិសនីដល់យានយន្តបានគ្រប់ពេលវេលា។

លោកស៊ុន ចាន់់ថុលក៏បានគូសបញ្ជាក់ផងដែរ ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការសហការជាមួយដៃគូអភិវឌ្ឍន៍នានា ដូចជាកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ដើម្បីចាប់ផ្ដើមត្រួសត្រាយផ្លូវឱ្យវិស័យឯកជន ចូលរួមលើការវិនិយោគ ក្នុងការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងបានជម្រាបជូនថា៖ ក្រៅពីរថយន្តអគ្គិសនី ក្រសួងបានជំរុញទោចក្រយានយន្ត(ម៉ូតូ) ឱ្យប្រើប្រាស់ថាមពលអគ្គិសនីផងដែរ ក្នុងនោះអង្គការUNDP បានឯកភាពផ្ដល់ម៉ូតូឱ្យក្រសួងចំនួន៣០គ្រឿង ហើយក្រសួងគ្រោងទិញប្រមាណពី៣០ ទៅ៥០គ្រឿងបន្ថែមទៀត ដើម្បីចាប់ផ្ដើមប្រើប្រាស់នៅក្នុងក្រសួង និងបានធ្វើការជាមួយនឹងក្រុមហ៊ុនដឹកជញ្ជូនអាហារ ដូចជា៖ Nham24 និងFood Panda ដើម្បីឱ្យប្ដូរពីម៉ូតូ ដែលប្រើប្រេងឥន្ធនៈទៅជាម៉ូតូប្រើអាគុយវិញ។

លោកបង្ហើបឲ្យដឹងផងដែរថា ក្រសួងបានបញ្ជាទិញរថយន្តអគ្គិសនីចំនួន៤គ្រឿង បូកបន្ថែមជាមួយនឹងការផ្តល់ជូនជាជំនួយ ដោយផ្នែកឯកជនចំនួន៣គ្រឿង ក្នុងខែតុលា ក្រសួងនឹងមានរថយន្តអគ្គិសនីចំនួន៧គ្រឿង ហើយក្រសួង នឹងខិតខំប្រឹងប្រែងបន្តទៀត ក្នុងការទិញរថយន្តប្រភេទនេះដើម្បីប្រើប្រាស់ ក្នុងការចុះត្រួតពិនិត្យគុណភាពនៃការសាងសង់ផ្លូវ។

គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងបានដាក់ឱ្យដំណើរការនូវស្ថានីយបញ្ចូលថាមពលយានយន្តអគ្គីសនី បានចំនួន៣ទីតាំង ក្នុងនោះ ទីតាំងទី១ ស្ថិតនៅក្នុងទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ទីតាំងទី២ស្ថិតនៅក្នុងខេត្តព្រះសីហនុ ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២កន្លងទៅ និងទីតាំងលើកទី៣ស្ថិតនៅក្នុងក្រុងសៀមរាប នាពេលនេះ។

ក្រសួងនឹងដំឡើងស្ថានីយបញ្ចូល ថាមពលយានយន្តអគ្គិសនីទី៤ នៅខេត្តបាត់ដំបង ដែលជាជំនួយរបស់អង្គការ UNDP ដើម្បីជំរុញលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់យានយន្តអគ្គិសនី ឱ្យបានច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here