បណ្ឌិត គីម ហ៊ាង! កម្ពុជាគួរធ្វើច្បាប់ពិសេសមួយឱ្យអ្នកមានលុយផ្ញើនៅក្រៅស្រុកយកមកវិនិយោគក្នុងស្រុក ក្រោយចប់កូវីដ-១៩

ដោយវុត្ថា

ភ្នំពេញ៖ លោក បណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia បានផ្តល់យោបល់មួយដល់រដ្ឋាភិបាលឱ្យរៀបចំច្បាប់ពិសេសមួយ ដើម្បីឱ្យអ្នកមានធនធានច្រើនរបស់កម្ពុជា ដែលផ្ញើនៅក្រៅប្រទេសអាចឱ្យយកមកវិនិយោគនៅក្នុងស្រុកវិញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ បន្ទាប់ពីជំងឺកូវីដ ១៩ត្រូវបានបញ្ចប់ទាំងស្រុង ។

លោកបណ្ឌិត គីម ហ៊ាង ដែលមានបទពិសោធន៍រកស៊ីក្នុងវិស័យអចលនទ្រព្យជិត ២០ឆ្នាំ កន្លងមកនេះ បានគូសបញ្ជាក់ថា ជំងឺកូវីដ ១៩ បានជំរុញឱ្យមានផលប៉ះពាល់លើវិស័យជាច្រើននៅទូទាំងពិភពលោក ជាមួយគ្នានេះ កម្ពុជាក៏ទទួលរងនូវផលប៉ះពាល់ខ្លាំងទាំងវិស័យសេដ្ឋកិច្ច និងអចលនទ្រព្យ។

លោកបណ្ឌិត បានថ្លែងថា “តើយើងគួរធ្វើអ្វីនៅពេលចប់ជំងឺកូវីដ ១៩? ជាយោបល់របស់ខ្ញុំ កម្ពុជាគួរមានច្បាប់ពិសេសមួយ ហើយច្បាប់ពិសេសនេះ ត្រូវបានប្រទេសជាច្រើន គេធ្វើរួចហើយ” ។ លោកបន្ថែមថា “ខ្ញុំអាចនិយាយបានថា ជាង ៥០ឆ្នាំមុន នៅពេលដែលប្រទេសឥណ្ឌូនេស៊ីផ្លាស់ប្តូររបបនយោបាយ គេចង់ជំរុញកំណើនសេដ្ឋកិច្ចឱ្យរីកចំរើន គឺគេបង្កើតច្បាប់មួយ ជំរុញឱ្យអ្នកមានលុយដែលផ្ញើនៅក្រៅប្រទេស ឱ្យយកមកចូលក្នុងប្រទេសគេវិញ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្ថែមថា “អ៊ីចឹង អ្វីដែលខ្ញុំស្នើឱ្យមានច្បាប់ពិសេសនេះ គឺចង់ជំរុញឱ្យអ្នកមានខ្មែរ ដែលផ្ញើរលុយនៅក្រៅស្រុក ឱ្យយកចូលមកក្នុងស្រុកវិញ”។ លោកបន្ថែថា “មូលហេតុដែលខ្ញុំចង់ឱ្យ អ្នកមានខ្មែរយកលុយចូលស្រុកវិញនេះ ពាក់ព័ន្ធនឹងកត្តា ៣ យ៉ាងសំខាន់ៗ គឺ ទី១ ខ្មែរវិនិយោគនៅក្នុងស្រុក ទី២ បរទេសមកវិនិយោគនៅក្នុងស្រុកខ្មែរ និងទី៣ ខ្មែរទៅវិនិយោគនៅក្រៅប្រទេស ដែលទាំងនេះ ជាកត្តាជំរុញឱ្យចរន្តសេដ្ឋកិច្ចដើរទៅមុខ”។
លោកពន្យល់ថា “ពីដើមមក យើងរំពឹងតែវិនិយោគមកពីខាងក្រៅ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ខ្ញុំមើលនិន្នាការមួយចំនួន ដែលតាំងពីដើមមក មានខ្មែរច្រើនណាស់យកលុយទៅផ្ញើនៅបរទេស”។

លោកបណ្ឌិតដាក់ជាសំនួរថា ហេតុអ្វីបានជាខ្មែរយកលុយទៅផ្ញើនៅក្រៅប្រទេសច្រើនម្លេះ ? ហើយបច្ចុប្បន្ននេះ ស្របពេលដែលមិនមានបរទេសមកវិនិយោគ ហើយកម្ពុជាក៏មិនមែនជាប្រទេសផលិត តែជាប្រទេសប្រើប្រាស់ ហើយបើយកលុយទាំងនោះមកវិនិយោគនៅក្នុងស្រុកវានឹងជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ។

លោកថ្លែងថា “តាមខ្ញុំដឹងមានអ្នកមានខ្មែរច្រើនណាស់ ផ្ញើរលុយនៅបរទេស បើរាជរដ្ឋាភិបាលមានវិធីសាស្ត្រល្អ ជំរុញដល់ការលើកទឹកចិត្ត ឱ្យខ្មែរផ្ញើលុយនៅក្រៅស្រុក យកមកវិនិយោគនៅក្នុងស្រុក វាគឺការល្អបំផុតសម្រាប់សេដ្ឋកិច្ចកម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here