វិនិយោគិនកម្ពុជាចាប់ផ្ដើមវិនិយោគលើអចលនទ្រព្យនៅក្រៅប្រទេសច្រើនជាងមុនជាពិសេសនៅថៃ និងជប៉ុន

ដោយៈ សុផារី

ភ្នំពេញៈ ស្របពេលអចលនទ្រព្យនៅកម្ពុជា មានវឌ្ឍនភាពលើការវិនិយោគ ក៏មានវិនិយោគិនកម្ពុជាមួយចំនួន ចាប់ផ្ដើមធ្វើការវិនិយោគលើអចលនទ្រព្យនៅក្រៅប្រទេសផងដែរ ពិសេសនៅតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ី ដូចជាថៃ និងជប៉ុនជាដើម។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ក្នុងវេទិកាស្ដីពី ឱកាសនៃការវិនិយោគអចលនទ្រព្យ នៅចុងសប្តាហ៍កន្លងមក ដោយមានវត្តមានវាគ្មិន និងអ្នកជំនាញអន្ដរជាតិ៤រូប មកពីសមាគមជាតិអ្នកវាយតម្លៃអចលនទ្រព្យអាមេរិក (NAR) ដើម្បីបង្ហាញពីឱកាសវិនិយោគវិនិយោគនៅអាមេរិក ក៏ដូចជាការទាក់ទាញវិនិយោគិនបរទេស មកវិនិយោគនៅកម្ពុជាផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានមានប្រសាសន៍ថា “តាមរយៈតួលេខចុងក្រោយ មានវិនិយោ​គិនកម្ពុជាជាច្រើន បានចាប់ផ្ដើមធ្វើការវិនិយោគ នៅក្រៅប្រទេសហើយ ដែលភាគច្រើនវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសថៃ និងជប៉ុន”។លោកបានបញ្ជាក់ថា ”ប្រទេសកម្ពុជាក៏មានតួលេខ នៅក្នុងការវិនិយោគវិស័យអចលនទ្រព្យនៅក្រៅប្រទេសច្រើនដែរ ដែលភាគច្រើនយើងវិនិយោគនៅថៃ និងជប៉ុន ដែលជាតួលេខនៃការវិនិយោគនៅក្នុងតំបន់អាស៊ី តែនៅក្នុងសហរដ្ឋអាមេរិកនៅមិនទាន់មានទេ”។

លោកបានបន្ដថា ការវិនិយោគឬការចូលរួមវេទិកាផ្សេងៗ របស់វិនិយោ​គិនកម្ពុជា គឺផ្នែកមួយដ៏សំខាន់ ដើម្បីបង្ហាញតថភាពជាក់ស្ដែង ក៏ដូចជាការអភិវឌ្ឍ និងភាពរីកចម្រើនជាក់ស្ដែងរបស់កម្ពុជា ដល់វិនិយោគិនបរទេស ហើយកៀរគរពួកគេមកធ្វើការវិនិយោគនៅកម្ពុជាផងដែរ។

បើយោងតាមការសិក្សារបស់មជ្ឍមណ្ឌលអចលនទ្រព្យ (REIC) របស់ធនាគាររដ្ឋាភិបាលធំមួយ នៅក្នុងប្រទេសថៃបានបង្ហាញនៅចុងខែក ក្កដា ឆ្នាំ២០២២នេះថា ជនជាតិកម្ពុជាបានជាប់ចំណាត់ថ្នាក់ ជាអតិថិជនបរទេស ដែលបានចំណាយទឹកប្រាក់ជាមធ្យមច្រើនបំផុត លើការទិញអចលនទ្រព្យនៅក្នុងប្រទេសថៃ។

ប្រជាជនកម្ពុជា ជាជនជាតិបរទេស ដែលចំណាយប្រាក់ទិញអចលនទ្រព្យថ្លៃបំផុត ដោយឈរក្នុងទំហំទឹកប្រាក់សរុប នៃការវិនិយោគលើអច​លនទ្រព្យរបស់ជនបរទេស ជនជាតិកម្ពុជាចំណាយទឹកប្រាក់ចំនួន៤០១លានបាត ឬស្មើនឹង១១លានដុល្លារអាមេរិក កើនឡើង៣៤,៦ភាគរយ ក្នុងត្រីមាសទី១ ប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here