រដ្ឋសភា បន្តពិភាក្សាសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៨ ដើម្បីបម្រើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ ដើម្បីបម្រើដល់វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការអន្តរជាតិ រដ្ឋសភាជាតិនៃ ព្រះរាជាណាចក្រកម្ពុជា បានបន្តបើកិច្ចពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៨ នៅថ្ងៃទី០៦ តុលា ២០២០នេះ ។


យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភានៅថ្ងៃទី០៦ តុលា ២០២០នេះបានឱ្យដឹងថា សេចក្តីព្រាងច្បាប់ទាំង៨ដែលបានយកមកពិភាក្យនិងអនុម័តនៅថ្ងៃដដែលនេះ រួមមាន៖

១- ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២- ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃម៉ាឡេស៊ី ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការ ការគេចវេះពន្ធ និងការចៀសវាងពន្ធនិងកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និង ការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។

៣- ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។

៤- ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបត្យាប័នរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង។

៥- ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្សី។

៦- ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាមីណាម៉ាតា ស្តីពីបារត។

៧- ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើវិសោធនកម្ម ពិធីសារ ម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន ។

និង ៨- ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។

សភាជាតិនៃព្រះរាជាណាចកក្រកម្ពុជា បញ្ជាក់ថា សេចក្តីព្រាងច្បាប់ទាំងនេះ សុទ្ធសឹងមានសារៈសំខាន់នៅក្នុងសង្គមជាតិ ដូចជាការជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហប្រតិបត្តិការអន្តរជាតិ។ ដូចជាសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ មានគោលដៅពង្រឹងក្របខ័ណ្ឌច្បាប់ រចនាសម្ព័ន្ធស្ថាប័ន និងលើកកម្ពស់សមត្ថភាព ស្ថាប័នក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here