ដោយៈ សុខុម
រីយ៉ាដ: អារ៉ាប៊ីសាអូឌីត ត្រៀមខ្លួនក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតប្រចាំឆ្នាំ២០២២ ដោយវ៉ាដាច់មហាយក្សនៅអាស៊ី ដូចជាប្រទេសចិន និងប្រទេសឥណ្ឌា ជាដើម ព្រមទាំងបណ្ដាសេដ្ឋកិច្ចដែលកំពុងជួបបញ្ហាផ្សេងទៀត នៅអឺរ៉ុបខាងលិច និងទ្វីបអាមេរិកខាងជើងផងដែរ។
ផ្អែកតាមរបាយការណ៍របស់ស្ថាប័នស្រាវជ្រាវ និងវិភាគ Economist Intelligence បង្ហាញថា ផលទុនជាតិសរុប (GDP) របស់ប្រទេសនេះត្រូវបានរំពឹងថា នឹងសម្រេចបានកំណើន៧,៥% ដែលជាអត្រាកំណើនលឿនបំផុតចាប់តាំងពីឆ្នាំ២០២១។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២ ខែកញ្ញា។
របាយការណ៍ដដែលបញ្ជាក់ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ ត្រូវបានជំរុញជាចម្បង ដោយការហក់ឡើងថ្លៃថាមពល កំណើនផលិតកម្មប្រេង និងឧស្ម័នហ្គាស ការវិនិយោគទ្រង់ទ្រាយធំក្នុងវិស័យថាមពល និងវិស័យមិនមែនថាមពល ព្រមទាំងការអនុវត្តដោយជោគជ័យ នូវកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ផងដែរ។
របាយការណ៍នេះបានបន្ថែមទៀតថា កំណើន GDP ពិតប្រាកដរបស់អារ៉ាប៊ីសាអូឌីត នឹងស្ថិតក្នុងរង្វង់៥%ក្នុងឆ្នាំ២០២៣ មុនពេលធ្លាក់ចុះមកនៅប្រមាណ៣%វិញ នៅចន្លោះពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦។
តុល្យភាពគណនីចរន្ត (Current Account Balance) របស់អារ៉ាប៊ីសាអូឌីត ក្នុងឆ្នាំ២០២២ ទំនងជាមានអតិរេកប្រមាណ១៦៣ពាន់លានដុល្លារ ដោយកើនឡើងពី៤៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១។
នៅពេលធនាគារកណ្តាលអារ៉ាប៊ីសាអូឌីត បន្តរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ស្របតាមធនាគារកណ្តាលអាមេរិក (Federal Reserve) អតិផរណាតម្លៃទំនិញប្រើប្រាស់ត្រូវបានរំពឹងថា នឹងហក់ឡើងជាមធ្យមប្រមាណ២,៥%ក្នុងឆ្នាំ២០២ ហើយត្រូវបានរំពឹងថា នឹងធ្លាក់ចុះបន្ថែមទៀតក្នុងឆ្នាំ២០២៣។
របាយការណ៍នេះបានចង្អុលបង្ហាញថា កំណែទម្រង់បទប្បញ្ញត្តិនាពេលបច្ចុប្បន្ន នៅក្នុងប្រទេសនេះ កំពុងធ្វើឱ្យបរិយាកាសធុរកិច្ចប្រសើរឡើង និងកំពុងទាក់ទាញការវិនិយោគពីបរទេស។
កំណែទម្រង់ទាំងនេះ ក៏កំពុងជំរុញការចូលរួមពីវិស័យឯកជន នៅក្នុងសេដ្ឋកិច្ច រួមជាមួយនឹងការជួយគាំទ្រ ដល់ទីផ្សារការងារផងដែរ៕ Arab News៕