ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ធ្លាក់ចុះ ១៦ភាគរយក្នុងរយៈពេល៨ខែ ឆ្នាំនេះ

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ មានទំហំទឹកប្រាក់ជាង ៥,០៧៣លានដុល្លារនៅក្នុងរយៈពេល៨ ខែ ឆ្នាំនេះ ធ្លាក់ចុះ ១៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការនាំចេញរបស់កម្ពុជាទៅកាន់ថៃ មានទំហំទឹកប្រាក់ជាង ៩១៣លានដុល្លារ ធ្លាក់ចុះ ៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មថៃចេញផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០។
ជាមួយគ្នានេះដែរ កម្ពុជា បាននាំចូលទំនិញពីថ្ងៃក្នុងទំហំទឹកប្រាក់ជាង ៤,១៦១លានដុល្លារ ធ្លាក់ចុះ៨ ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះបីជាយ៉ាងនេះក្តី កម្ពុជា និងថៃរីករាយចំពោះពាណិជ្ជកម្មទ្វេភាគីដ៏រឹងមាំ បើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយកម្ពុជាបានស្នើភាគីថៃជួយសម្រួលការដឹកជញ្ជួនទំនិញឆ្លងដែន បង្កើនការនាំចូលកសិផលរបស់កម្ពុជា ព្រមទាំងពន្លឿនការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីការដឹកជញ្ជួនឆ្លងដែន និងការងារសំខាន់ៗដទៃទៀត។

កម្ពុជាក៏កត់សម្គាល់ដោយក្តីរីករាយចំពោះតួលេខវិនិយោគថៃនៅកម្ពុជាដែលបានកើនឡើងជិត ៣ ដងក្នុងរយៈពេល ៨ ខែ ដើមឆ្នាំ ២០២០ បើធៀបនឹងតួលេខឆ្នាំមុន។ នេះបើយោងតាមការលើកឡើងរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។

កម្ពុជាលើកទឹកចិត្តឱ្យវិនិយោគិនថៃមកធ្វើការវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។ ភាគីទាំង ២ ក៏បានសម្តែងនូវក្តីរីករាយដោយកត់សម្គាល់ចំពោះវឌ្ឍនភាពដ៏ល្អប្រសើរលើវិស័យសំខាន់ៗដទៃទៀត រួមមាន សន្តិសុខ អប់រំ ទេសចរណ៍ ថាមពលជាដើម។

កាលពីឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង ៩,៤១៨លានដុល្លារ កើនឡើង១២.២៨ភាគរយ ក្នុងកម្ពុជាបាននាំចេញថៃក្នុងទំហំទឹកប្រាក់ជាង ២,២៧២លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here