ប្រធាន​សមាគម​អចលនទ្រព្យ​សកល បង្ហើប​ពី​វិធីសាស្ត្រ​លក់​ផ្ទះ​បាន​លឿន និង​ចំណេញ​ខ្ពស់

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ប្រធាន​សមាគម​អចលនទ្រព្យ សកល (GRA) លោក សំ សុខ​នឿន​បានធ្វើការ​ចែករំលែក​នូវ​ចំណេះដឹង​ស្ដីពី ភាពជា​អ្នកជំនាញ​ក្នុង​ការលក់​ផ្ទះ​របស់​ភ្នាក់ងារ និង​មានឱកាស​ទទួលបាន​ជោគជ័យ ហើយ​ទទួល​មាន​កម្រៃជើងសារ​ច្រើន។

លោក សំ សុខ​នឿន បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០កន្លងមក​ថា អតិថិជន​ដែល​ទិញ​ផ្ទះ ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង២ផ្សេងគ្នា គឺ​ទី១ទិញ​សម្រាប់​រស់នៅ ដែល​ក្នុងនាម​ជា​ភ្នាក់ងារ ត្រូវ​ចេះ​មើល​ពី​ភាព​ចូលចិត្ត​នៃ​ការរស់នៅ​របស់​ភ្ញៀវ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បាន​បញ្ជាក់ថា “អ្នកខ្លះ​ចូលចិត្ត​រស់នៅ​តាម​ដង​ទន្លេ។ ចំណែក​អ្នក​ខ្លះទៀត​ចូលចិត្ត​រស់នៅ​តាម​តំបន់​ស៊ីវីល័យ ដូច្នេះ​ក្នុងនាម​យើង​ជា​អ្នកលក់ គួរតែ​ណែនាំ​បង្ហាញ​ពី​ផលប្រយោជន៍​ក្នុង​តំបន់​ផ្សេងគ្នា​ទាំងនេះ” ។ លោក​បន្ថែមថា “ដូច្នេះ​ក្នុងនាម​ជា​អ្នកជំនាញ​ត្រូវ​យល់​ឱ្យ​ច្បាស់​អំពី​ស្ថានភាព និង​តម្រូវការ​របស់​អតិថិជន ទើប​អាចឱ្យ​ដំណើរការ​នៃ​ការលក់​ទទួលបាន​ផល​ល្អ និង​ចំណេញ​ថវិកា​ច្រើន” ។

អ្នកជំនាញ​វិស័យ​អចលនទ្រព្យ​ខាងលើ ក៏បាន​ថ្លែង​ពី​សកម្មភាព​មួយចំនួន​នៅក្នុង​វិស័យ​អចលនទ្រព្យ​ផងដែរ ដោយ​លើកឡើង​ពី​នៅ​ការវាយតម្លៃ​ខុស ពី​ការពិត​ដែល​ផ្ទុយ​ពី​វិជ្ជាជីវៈ ហើយ​ទង្វើ​បែបនេះ អាច​កើតមាន​ចំពោះ​ក្រុម​មួយចំនួន​តូច ដែល​បង្ក​កើតឡើង​ដោយ​មិន​ស្របច្បាប់ ឬ​មិនបាន​ទទួលបាន​ការបណ្តុះ​បណ្តាល​ជំនាញ​ជា​អ្នក​អាជីព។

លោក​សំ សុខ​នឿន បាន​សង្កត់ធ្ងន់ថា “ករណី​វាយតម្លៃ​អចលនវត្ថុ​ខ្ពស់ជាង​តម្លៃ ទីផ្សារ ដើម្បី​ទទួលបាន​ប្រយោជន៍​ទាំងសងខាង​នេះ មិនមែន​មានតែ​ក្នុងប្រទេស​យើង​នោះទេ ពោលគឺ​នៅតាម​បណ្តា​ប្រទេស​នានា លើ​សកលលោក​ក៏​ធ្លាប់​កើតមាន​ដែរ រហូត​មាន​ស្ថាប័ន ដែលជា​ក្រុមហ៊ុន​ជំនាញ​ក្នុង​វិស័យនេះ បាន​ចងក្រង​ជា​ក្រមសីលធម៌ និង​តម្រូវឱ្យ​គោរព​អនុវត្ត​ទាំងអស់គ្នា” ។

បច្ចុប្បន្ន នៅ​កម្ពុជា មិនទាន់មាន​ច្បាប់​កំណត់​ពី​កម្រិត នៃ​ការ​ទទួលទោស​ពី​ការវាយតម្លៃ​អចលនទ្រព្យ​ខុស​នោះទេ ពោលគឺ​មានតែ​ការ​បង្កើតជា​ច្បាប់​វិជ្ជាជីវៈ និង​ក្រមសីលធម៌​ដែល​បង្កើតឡើង ដោយ​សមាគម​ជំនាញ​ពាក់ព័ន្ធ ក្រោម​ការរួម​គ្នា​បង្កើត​តែ​ប៉ុ ណ្ណោះ។ ជា​ដំណោះស្រាយ និង​អាច​គេច​ផុតពី​ករណី​ទាំងអស់នេះ ទាំង​ម្ចាស់​ក៏ដូចជា​ស្ថាប័នហិរញ្ញវត្ថុ (ធនាគារ​ម្ចាស់បំណុល) ដែល​ពាក់ព័ន្ធ គួរតែ​ស្វែងរក​ក្រុមហ៊ុន​ជំនាញ ឬ​ភ្នាក់ងារ​វាយតម្លៃ​ស្របច្បាប់​ធ្វើជា​ដៃគូ ចៀសវាង​ការខាតបង់​ផលប្រយោជន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here