ដោយ៖ សហការី
ភ្នំពេញ៖ នៅឆមាសទី១ ពោលចាប់ខែមករា ដល់ខែមិថុនា ឆ្នាំ២០២២នេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគក្នុងវិស័យសំណង់ប្រមាណ២.០០០គម្រោង លើផ្ទៃក្រឡាសំណង់សរុបទាំងអស់ ប្រមាណជា២,៨លានម៉ែត្រការ៉េ ក្រោមទុនវិនិយោគ១.២០៦លានដុល្លារ។
នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក លី រស្មី រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់” នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ។
លោក លី រស្មី បានបញ្ជាក់ថា “បើយើងមើលទៅលើការវិនិយោគវិស័យសំណង់ យើងឃើញថា៦ខែ នៅក្នុងឆ្នាំ២០២២នេះ គឺមានប្រមាណជា២.០០០គម្រោង និងផ្ទៃក្រឡាសំណងសរុបទាំងអស់ ប្រមាណជា២,៨លានម៉ែត្រការ៉េ ដែលមានទុនវិនិយោគ១.២០៦លានដុល្លារ”។
បើតាមមន្ដ្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រូបនេះ យោងតាមរបាយការណ៍ ដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា លំហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស នៅក្នុងឆ្នាំ២០១៩ បានកើនឡើង១២ភាគរយ ដែលស្មើនឹង៣,៥ពាន់លានដុល្លារសហរដ្ឋអាមេរិក៕