NBC៖ នយោបាយរូបិយវត្ថុនិងហិរញ្ញវត្ថុបានរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ចនិងកាត់បន្ថយផលប៉ះពាល់ពីជំងឺCOVID-19

ដោយៈម៉ាណេត

  ភ្នំពេញៈ នយោបាយរូបិយវត្ថុនិងហិរញ្ញវត្ថុ ដែលធនាគារជាតិនៃកម្ពុជាបានដាក់ចេញ បានរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ច និងកាត់បន្ថយផលប៉ះពាល់ នៃឥទ្ធិពលជំងឺកូវីដ១៩។ នេះបើយោងតាមការលើកឡើងរបស់លោកជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា។

ការលើកឡើងរបស់លោកទេសាភិបាលធនាគារជាតិនៃកម្ពុជានេះ ត្រូវបានធ្វើឡើងកាលចុងសប្តាហ៍កន្លងមកនេះ ក្នុងកិច្ចប្រជុំថ្នាក់ទេសាភិបាលធនាគារកណ្តាលអាស៊ាន លើកទី១៦ និងកិច្ចប្រជុំរួមថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានលើកទី៦ តាមរយៈvideoconference ដែលត្រូវបានលើកពេលតាំងពីខែមីនាឆ្នាំ២០២០មកដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំទាំងពីរនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការនិងសមាហរណកម្មក្នុងវិស័យហិរញ្ញវត្ថុសំដៅជំរុញកំណើនសេដ្ឋកិច្ចពង្រឹងស្ថិរភាពហិរញ្ញវត្ថុនិងអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយចីរភាពនិងបរិយាបន្ន។

អង្គប្រជុំបានពិភាក្សាពីស្ថានភាពសេដ្ឋកិច្ច ពិភពលោកនិងតំបន់ ដែលកំពុងប្រឈមនឹងភាពមិនប្រកដប្រជាដោយសារតែជំងឺកូវីដ១៩ ដែលបាននិងកំពុងធ្វើឱ្យសេដ្ឋកិច្ចនៅគ្រប់ប្រទេសទទួលរងផលប៉ះពាល់យ៉ាងខ្លាំង និងភាពតានតឹងនៅក្នុងវិស័យហិរញ្ញវត្ថុ។

តែទោះជាយ៉ាងក៏ដោយ លោកទេសាភិបាល បានចូលរួមក្នុងការពិភាក្សាលើស្ថានភាពសេដ្ឋកិច្ចពិភពលោកនិងតំបន់ ដោយបានជម្រាបជូនអង្គប្រជុំថា ភាពសេដ្ឋកិច្ច និងវិស័យធនាគារកម្ពុជា ព្រមទាំងនយោបាយរូបិយវត្ថុនិងហិរញ្ញវត្ថុ ដែលធនាគារជាតិនៃកម្ពុជាបានដាក់ចេញ បានរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ច និងកាត់បន្ថយផលប៉ះពាល់នៃឥទ្ធិពលជំងឺកូវីដ១៩

បើយោងតាមធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថាបេសកកម្មចម្បងរបស់ធនាគារជាតិនៃកម្ពុជាគឺកំណត់និងដឹកនាំគោលនយោបាយរូបិយវត្ថុសំដៅរក្សាស្ថិរភាពថ្លៃដើម្បីរួមចំណែកជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងក្របខ័ណ្ឌនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈការអនុវត្តគោលនយោបាយរូបិយវត្ថុ ប្រកបដោយភាពប្រុងប្រយ័ត្ន អតិផរណាត្រូវបានគ្រប់គ្រងឱ្យស្ថិតក្នុងកម្រិតទាប ក្នុងអត្រាមធ្យមប្រចាំឆ្នាំតិចជាង៥% ដែលសមស្របសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ទោះជាយ៉ាងនេះក្តីក្នុងបរិការណ៍សេដ្ឋកិច្ចដែលមានកម្រិតដុល្លារូបនីយកម្មខ្ពស់ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយរូបិយវត្ថុនៅមានកម្រិតនៅឡើយស្របពេលដែលធនាគារជាតិនៃកម្ពុជាពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដើរតួជាអ្នកឱ្យខ្ចីចុងក្រោយ។

បច្ចុប្បន្ន ឧបករណ៍គោលនយោបាយ រូបិយវត្ថុដែលត្រូវបានប្រើប្រាស់ ដើម្បីរក្សាស្ថិរភាពថ្លៃ គឺការដាក់អត្រាប្រាក់បម្រុងកាតព្វកិច្ច និងការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ។ ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជាកំពុងអភិវឌ្ឍន៍ ឧបករណ៍គោលនយោបាយរូបិយវត្ថុបន្ថែម ដើម្បីពង្រឹងប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ តាមរយៈការចេញផ្សាយមូលបត្រអាចជួញដូរបាន ការអភិវឌ្ឍន៍ទីផ្សារអន្តរធនាគារនិងទីផ្សារ រូបិយវត្ថុ និងការពង្រឹងការប្រើប្រាស់ប្រាក់រៀល ។ល។

លោកទេសាភិបាល ក៏បានស្នើឱ្យគណៈកម្មាធិការជាន់ខ្ពស់អាស៊ាន (SLC) បន្តតាមដាននូវវឌ្ឍនភាព នៃសមាហរណកម្មហិរញ្ញវត្ថុអាស៊ាន និងបង្កើតគំនិតផ្តួចផ្តើមផ្សេងៗ ក្រោមគណៈកម្មាធិការអាស៊ានផ្សេងទៀត។

ការបង្កើតគំនិតផ្តួចផ្តើមទាំងនេះរួមមាន សេរីភាវូបនីយកម្មគណនីមូលធន (CAL) សេរីភាវូបនីយកម្មសេវាហិរញ្ញវត្ថុ (FSL) សមាហរណកម្មប្រព័ន្ធទូទាត់អាស៊ាន (PSS) ការអភិវឌ្ឍទីផ្សារទុន (CMD) សមាហរណកម្មធនាគារអាស៊ាន (ABIF) បរិយាប័ន្នហិរញ្ញវត្ថុ (FINC) និងកសាងសមត្ថភាព (SCCB) ដើម្បីពន្លឿនសមាហរណកម្មហិរញ្ញវត្ថុអាស៊ានស្របតាមចក្ខុវិស័យសហគមន៍សេដ្ឋកិច្ចអាស៊ាន២០២៥។

លោកទេសាភិបាល ក៏បានចូលរួមឯកភាពលើគំនិតផ្តួចផ្តើមថ្មីៗ ដូចជា៖ ការចូលរួមរបស់ធនាគារកណ្តាល ក្នុងការការពារបរិស្ថាន និងគ្រប់គ្រងការប្រែប្រួលអាកាសធាតុ និងការបង្កើតផ្លែតហ្វមចែករំលែកព័ត៌មានពង្រឹង Cybersecurity ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here