ខេត្តកណ្តាល​បង្ហាញ​ភាពអំណោយ​ផល​លើ​វិស័យ​ពាណិជ្ជកម្ម​និង​ការវិនិយោគអចលនទ្រព្យ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ រាជធានី​ភ្នំពេញ​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ខណៈ​ការអភិវឌ្ឍន៍​បាន​ជះ​ឥ​ទ្ឋិ​ពល​វិជ្ជមាន​ដល់​ខេត្តកណ្តាល ដែលមាន​ភូមិសាស្ត្រ ស្ថិត​នៅជាប់​រាជធានី​ភ្នំពេញ ព្រោះ​កត្តា​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ភូមិសាស្ត្រ និង​កត្តា​ប្រជាសាស្ត្រ។

អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal លោក​ឧកញ៉ា​នួន រិទ្ធី បាន​មានប្រសាសន៍​កាលពីពេលថ្មីៗនេះ​ថា  ខេត្តកណ្តាល ជា​ខេត្ត​មួយ​ដែលមាន​សក្ដានុពល​ជាង​បណ្តា​ខេត្ត​មួយចំនួន ដ្បិត​វា​មាន​វិសាលភាព​ធំ​ទូលាយ និង​នៅ​ហ៊ុ​ព័ទ្ធជុំវិញ​រាជធានី​ភ្នំពេញ ដែលជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​សំខាន់​ប្រចាំ​ប្រទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បន្តថា នៅ​ជុំវិញ​រាជធានី​ភ្នំពេញ ត្រូវបាន​ហ៊ុ​ព័ទ្ធជុំវិញ ដោយ​ខេត្តកណ្តាល ដែល​ក្នុងនោះ រួមមាន​តំបន់​ផ្លូវជាតិ​លេខ១ ផ្លូវជាតិ​លេខ២ ផ្លូវជាតិ​លេខ៣ ផ្លូវជាតិ​លេខ៤ ផ្លូវជាតិ​លេខ៥ ផ្លូវជាតិ​លេខ៦ ផ្លូវ​លេខ៤៤ និង​ផ្លូវ​លេខ៥១ ដើម។

លោក​ឧកញ៉ា​បន្តថា “យើង​ឃើញ​ហើយ​ថា ខេត្តកណ្តាល​គឺមាន​សក្តានុពល​ខ្លាំង ដែល​ក្រៅពី​មាន​វិសាលភាព​ធំ​ទូលាយ ហ៊ុ​ព័ទ្ធជុំវិញ​រាជធានី​ភ្នំពេញ​ហើយ​នោះ គឺ​ថែមទាំង​មាន​ភាព​អំណោយផល​យ៉ាង​ប្រសើរ ទៅលើ​វិស័យ​ពាណិជ្ជកម្ម​ផងដែរ” ។

លោក​ឧកញ៉ា​នួន រិ​ទ្ឋី​បាន​បន្តថា “នៅក្នុង​ខេត្ត​មានអ្វីៗគ្រប់យ៉ាង ដែល​អាច​អំណោយផល​ដល់​វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ដូចជា មាន​តំបន់​សេដ្ឋកិច្ច​ពិសេស មាន​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ មាន​ផែស្ងួត មាន​រោងចក្រ សហគ្រាសធំៗ ឃ្លាំង​ផ្ទុកទំនិញ​នានា ក៏ដូចជា​គម្រោង​អភិវឌ្ឍ​លំនៅដ្ឋាន​ប្រណីត និង​លំនៅដ្ឋាន​តម្លៃ​មធ្យម​ជាដើម ដែល​ជួយ​បង្កើត​ឱកាស​ការងារ​ដល់​ប្រជាជន​ជាច្រើន​ម៉ឺន​នាក់” ។

កាន់តែ​ពិសេស​ជាងនេះទៅទៀត​នោះ គឺ​កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​គម្រោង​សាងសង់ ព្រលានយន្តហោះ​មួយទៀត ដែល​ប្រការនេះ​កាន់តែ​ធ្វើ​ខេត្ត​នេះ មាន​សក្ដានុពល​កាន់​ខ្លាំង​ជាង​មុន​ទ្វេ​រដង និង​ជំរុញ​ឱ្យ​តម្លៃ​ដី​នៅក្នុង​ខេត្ត​មួយ​នេះ​ឡើងកាន់​ខ្ពស់។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក ច្រឹ​ក សុខ​នី​ម​បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា ភូមិសាស្ត្រ​ដែលមាន​ការរីកចម្រើន​ខ្លាំង នៅក្នុង​ខេត្ត កណ្តាល​គឺមាន​ច្រើន ដូចជា ស្រុក​ពញាឮ ដែល​ស្ថិតនៅ​ទិសខាងកើត ខាងជើង និង​ខាងលិច​ក្រុង ដែល​វិសាលភាព​ត្រូវបាន​លាតសន្ធឹង រហូតដល់​តំបន់ភ្នំ​រាប ភ្នំ​ប្រ​សិ​ទ្ឋ តំបន់​ផ្លូវ ៥១ តំបន់​ផ្លូវ៤៤ ។

ដោយឡែក​ចំពោះ​តំបន់ ដែល​ស្ថិត​ទិស​ខាងត្បូង​រាជធានី​ភ្នំពេញ ក៏មាន​សក្ដានុពល​ខ្លាំង​ផងដែរ ជាពិសេស​តំបន់​ដែល​នៅជាប់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ ដែល​លាតសន្ធឹង​រហូត​ដល់​ស្រុក​ស្អាង និង​ទើបតែ​កាត់​ចូល​ចំណុះ​ក្រុង​តាខ្មៅ​ចំនួន៤សង្កាត់ ដែល​កំពុង​តែមាន​គម្រោង​អភិវឌ្ឍ​ជាច្រើន ជាពិសេស​គម្រោង​អភិវឌ្ឍ​សំណង់​លំនៅដ្ឋាន​តែម្ដង។

លោក​បាន​បន្តទៀតថា ជាមួយគ្នានេះ​បើ​យើង​ងាក​ទៅ​មើល​តំបន់ ដែល​ស្ថិតនៅ​ក្នុងស្រុក​អង្គស្នួល ក៏​កំពុង​តែមាន​សក្ដានុពល​ខ្លាំង​ក្នុងការ​អភិវឌ្ឍ​ផងដែរ។ ទាំងអស់នេះ វា​គឺជា​ភាពល្អប្រសើរ ដែល​អាច​ទាកទាញ​នូវ​ការចាប់អារម្មណ៍ ពី​សំណាក់​អ្នកវិនិយោគ ក៏ដូចជា​អ្នក​អភិវឌ្ឍ​នានា​ផងដែរ ដែល​ស្ទើរតែ​ប្រៀបបាន​ទៅនឹង​កូនក្រមុំ​មួយ ដ៏​ស្រស់ស្អាត​នៅក្នុង​ក្រសែភ្នែក​អ្នកជំនួញ​ក្នុង​វិស័យ​អចលនទ្រព្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here