ចំណេះដឹង! តើ​រដ្ឋាភិបាល​គ្រប់គ្រង​ទំនិញ​លើកលែង​ពន្ធ​និង​អាករ​ដូចម្តេច?

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ទំនិញ​នាំចូល​ដោយ​លើកលែង​ពន្ធ និង​អាករ​នាំចូល​ក្រោម​បញ្ញត្តិ​នៃ​វាក្យខណ្ឌ “ក” កថាខណ្ឌ​ទី១ មាត្រា២៦នៃ​ច្បាប់​ស្តីពី​គយ សម្រាប់​បេសកកម្ម​ការទូត ឬ​បេសកកម្ម​កុងស៊ុល​បរទេស អង្គការ​អន្តរជាតិ និង​ភ្នាក់ងារ សហប្រតិបត្តិការ​បច្ចេក​ទេស​របស់រ  ដ្ឋា​ភិ​បាល​ផ្សេងទៀត ដើម្បី​ប្រើប្រាស់​ក្នុងការ​ណី​យ​កិច្ច នៃ​មុខងារ​ជា​ផ្លូវការ​របស់ខ្លួន និង​បុគ្គលិក​របស់​អង្គការ​ទាំងនេះ ត្រូវ​នាំចេញ​ទៅវិញ​បន្ទាប់ពី​បញ្ចប់​បេសកម្ម​របស់ខ្លួន។

ទំនិញ​ទាំងនេះ ព្រមទាំង​ទំនិញ​ផ្សេងទៀត ក្រោម​បញ្ញត្តិ​កថាខណ្ឌ​ទី១ មាត្រា២៦ នៃ​ច្បាប់​ស្តីពី​គយ មិនត្រូវ​បានអនុញ្ញាត​ឲ្យ​លក់ ផ្ទេរ បង្វែរ​ទៅប្រើ​ប្រាស់​អ្វី​ផ្សេង​ពី​គ​ម្យ​ដ្ឋា​ន​ដែល​បាន​អនុគ្រោះ ឬ​បោះបង់ចោល ដោយ​គ្មាន​ការអនុញ្ញាត​ជាមុន​ពី​រដ្ឋបាល​គយ​ឡើយ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អង្គការ ឬ​បុគ្គល​នានា​ដែលមាន​បំណង​លក់ ផ្ទេរ បង្វែរ​ទៅប្រើ​ប្រាស់​អ្វី​ផ្សេង​ពី​គ​ម្យ​ដ្ឋា​ន​ដែល​បាន​អនុគ្រោះ ឬ​បោះបង់ចោល​ទំនិញ ដែល​បាន​នាំចូល​ដោយ​លើកលែង ឬ លើកលែង​ជា​ភាគ​នូវ​ពន្ធ និង​អាករ នាំចូល​ត្រូវ​ស្នើសុំ​ការអនុញ្ញាត​ជាមុន ពី​រដ្ឋបាល​គយ​ស្របតាម​នីតិវិធី​ដូចខាងក្រោមៈ ត្រូវដាក់​ពាក្យស្នើសុំ​ការអនុញ្ញាត​មក​រដ្ឋបាល​គយ ដោយ​បញ្ជាក់​ឲ្យ​បានច្បាស់លាស់ ពី​របៀប​នៃ​ការប្តូរ​គ​ម្យ​ដ្ឋា​ន ឬ​ការប្តូរ​កម្មសិទ្ធិ​លើ​ទំនិញ​នេះ។

ច្បាប់​ចម្លង​នៃ​ពាក្យស្នើសុំ​នេះ ត្រូវ​ផ្ញើជូន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ឬ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សម្រាប់​ទំនិញ​ដែល​នាំចូល​ក្រោម​បញ្ញត្តិ កថាខណ្ឌ​ទី ១ ប្រការ១ នៃ​ប្រកា​សលេខ ១០៥ សហវ.ប្រក ចុះ​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ស្តីពី ការគ្រប់គ្រង​ទំនិញ​ដែល​ត្រូវបាន​លើកលែង​ពន្ធ និង​អាករ។

ពាក្យស្នើសុំ​ត្រូវ​អមដោយ​បញ្ជី​ទំនិញ និង​ឯកសារ​នាំចូល ព្រមទាំង​ឯកសារ​ផ្សេងទៀត​ប្រសិនបើ​មាន។ ទំនិញ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​លក់ ផ្ទេរ ឬ​បង្វែរ មុនពេល​ទទួលបាន​កា​រ​អនុញ្ញាត​ពី​រដ្ឋបាល​គយ​ឡើយ។

កម្មសិទ្ធិករ​ថ្មី​ត្រូវ​ទទួលខុសត្រូវ​លើ​ការបង់ពន្ធ និង​អាករ​ជូន​រដ្ឋបាល​គយ​តាម​នីតិវិធី​គយ​ជា​ធរមាន។ ទំនិញ​មិនត្រូវ​បានប្រគល់​ជូ​នក​ម្ម​សិទ្ធិករ​ថ្មី ដោយ​គ្មាន​ការអនុញ្ញាត​ជាមុន​ពី​រដ្ឋបាល​គយ និង​មុនពេល​បង់ពន្ធ និង​អាករ​ដែល​ជាប់ ឬ​ទទួលបាន​ការលើក​លែង​ពន្ធ​ជាថ្មី​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច។

រដ្ឋបាល​គយ​ត្រូវ​គិតគូរ​ពី​ល័ក្ខខ័ណ្ឌ​ជាក់​សែ្ត​ង និង​សភា​ពនៃ​ទំនិញ​ទាំងនោះ​នាពេល​ប្រគល់​ទទួល និង​អាច​កែសម្រួល​តម្លៃ​គិត​ពន្ធគយ​តាម​នេះ។

ទំនិញ​ដែលមាន​ប្រភព​ក្នុង​ដែន​គយ ឬ ដែល​បាន​នាំចូល​ដោយ​បង់ពន្ធ​និង​អាករ​រួច ឬ ដែល​នាំចូល​ត្រឡប់មកវិញ​ពី​បរទេស​ដោយ​ពុំមាន​បន្ថែម​តម្លៃ ត្រូវបាន​អនុញ្ញាត​ឲ្យ​លក់ ផ្ទេរ បង្វែរ​ទៅប្រើ​ប្រាស់ ឬ​បោះបង់ចោល​ដោយ​ពុំ​ចាំបាច់​មាន ការអនុញ្ញាត​ជាមុន​ពី​រដ្ឋបាល​គយ​ឡើយ។

អង្គការ​ឬ​បុគ្គល​នានា ដែលមាន​បំណង​បោះបង់ចោល​ទំនិញ ដែល​បាន​នាំចូល​ដោយ​លើកលែង​ពន្ធ និង​អាករ​នាំចូល ត្រូវ​ស្នើសុំ​ការអនុញ្ញាត​ជាមុន​ពី​រដ្ឋបាល​គយ។ ការស្នើសុំ​ត្រូវ​អមដោយ​បញ្ជី​ទំនិញ និង​ឯកសារ​នាំចូល​ព្រមទាំង​ឯកសារ​ពាក់ព័ន្ធ ផ្សេងទៀត។ ការបោះបង់ចោល​ទំនិញ​អាចធ្វើ​ឡើង​តែ​ក្រោយ ពេល​មានការ​អនុញ្ញាត​ពី​រដ្ឋបាល​គយ។ រដ្ឋបាល​គយ​អាច​ឃ្លាំមើល​ការបោះបង់ចោល ឬ ការបំផ្លាញ​ទំនិញ​ទាំងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here