មហាយក្សចិនបញ្ជាឱ្យធ្វើសវនកម្មលើឧស្សាហកម្មបរធនបាលរបស់ខ្លួនដែលមានទំហំដល់ទៅ៣ទ្រីលានដុល្លារ

សុខុម

ប៉េកាំង: ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា ការិយាល័យសវនកម្មជាតិនៃប្រទេសចិន កំពុងធ្វើសវនកម្មពិនិត្យផ្ទាត់ឡើងវិញលើឧស្សាហកម្មបរធនបាល (Trust Industry) របស់ខ្លួនដែលមានទំហំរហូតដល់ទៅ៣ទ្រីលានដុល្លារ។

យោងតាមទីភ្នាក់ងារព័ត៌មានដ៏ល្បីល្បាញ Bloomberg ដែលបានចុះផ្សាយកាលពីថ្ងៃអង្គារ ទី៩ ខែសីហា ឱ្យដឹងថា ឧស្សាហកម្មបរធនបាលបានក្លាយជាផ្នែកដ៏សំខាន់មួយនៃអាជីវកម្មធនាគារស្រមោល (Shadow Banking Business) របស់ប្រទេសចិន ដែលជួយបញ្ជូនប្រាក់បញ្ញើចូលទៅក្នុងការវិនិយោគដែលមានហានិភ័យតាមរយៈផលិតផលដើម្បីគេចពីនិយ័តកម្មមូលធន ឬការវិនិយោគ។

ទីភ្នាក់ងារព័ត៌មាននេះបានឱ្យដឹងទៀតថា សម្រាប់រយៈពេលមួយខែមកនេះ ការិយាល័យសវនកម្មជាតិរបស់ប្រទេសចិន បាននិងកំពុងពិនិត្យផ្ទៀងផ្ទាត់បញ្ជីរបស់ក្រុមហ៊ុនបរធនបាល (Trust Company) យ៉ាងតិចចំនួន២០ដើម្បីវាយតម្លៃហានិភ័យដែលក្រុមហ៊ុនទាំងនេះអាចបង្កដល់ស្ថិរភាពហិរញ្ញវត្ថុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុនបរធនបាលទាំងនោះកំពុងត្រូវបានស្នើឱ្យរាយការណ៍អំពីប្រាក់កម្ចីមានហានិភ័យ ដែលពួកគេបានផ្ដល់ដល់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍។

*តើអ្វីទៅជាក្រុមហ៊ុនបរធនបាល ឬ Trust Company?

ដោយឡែក ច្បាប់ស្តីពីបរធនបាលកិច្ចឆ្នាំ២០១៩ របស់កម្ពុជា ចែងថា ជនបរទេសអាចទិញដីនៅកម្ពុជា បានតាមរយៈក្រុមហ៊ុនបរធនបាលដែលបានចុះបញ្ជីបរធនបាលកិច្ចនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រឹមត្រូវ។ ការទិញនេះក៏ត្រូវធ្វើលិខិតបរធនកិច្ច ឬកិច្ចព្រមព្រៀងឈរឈ្មោះអនុលោមទៅតាមលក្ខខណ្ឌនៃច្បាប់ផងដែរ។

ក្រុមហ៊ុនប្រភេទនេះជាក្រុមហ៊ុនកាន់កាប់ ឬគ្រប់គ្រងទ្រព្យសម្បត្តិ ដែលអ្នកបង្កើតធនបាលកិច្ច (ហៅថាអនុប្បទានយី អាណត្តិទាយក ឬបរធនបាលទាយក) ផ្ទេរទ្រព្យសម្បត្តិនោះទៅកាន់បរធនបាលដែលជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិដើម្បីប្រយោជន៍អ្នកដទៃ (ហៅថា អត្ថាគាហក)។

ជារួម គឺទិញតាមរយៈក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះ នឹងមានទំនួលខុសត្រូវខ្ពស់ ដោយក្រុមហ៊ុននៅដើរតួជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិឱ្យជនបរទេស ដោយគ្មានសិទ្ធិយកទៅលក់បន្តឡើយ ទោះជាដីនោះជាឈ្មោះកម្មសិទ្ធិរបស់ក្រុមហ៊ុនក៏ដោយ។

ការទិញដោយវិធីនេះ ជនបរទេសនឹងទទួលបានទំនុកចិត្តខ្ពស់ ហើយមិនបាច់ខាតបង់ចំណាយលុយបើកក្រុមហ៊ុនដោយខ្លួនឯង៕

LEAVE A REPLY

Please enter your comment!
Please enter your name here