តម្លៃអចលនទ្រព្យក្នុងទីក្រុងនានានៃប្រទេសអូស្ត្រាលីនៅតែបន្ត ដាំក្បាលចុះ

ដោយៈ សុខុម

ស៊ីដនី: ក្រុមហ៊ុនវិភាគអចលនទ្រព្យអូស្ត្រាលីCorelogic បានបង្ហាញថា តម្លៃអចលនទ្រព្យប្រភេទលំនៅដ្ឋាន បានបន្តធ្លាក់ចុះទូទាំងប្រទេសអូស្ត្រាលី ជាពិសេសនៅក្នុងទីក្រុងធំៗ។

របាយការណ៍ដែលចេញផ្សាយដោយក្រុមហ៊ុននេះ នៅថ្ងៃច័ន្ទ ទី៨ ខែសីហា នេះបានបង្ហាញថា តម្លៃលំនៅដ្ឋានទូទាំងប្រទេសនេះ បានធ្លាក់ចុះ១,៣% ហើយនៅក្នុងទីក្រុងធំៗ បានធ្លាក់ចុះខ្លាំងជាងគេ ដោយក្រុងស៊ីដនី បានធ្លាក់ថ្លៃ២,២% ចំណែកឯនៅទីក្រុងមែលប៊ន (Melbourne) បានធ្លាក់ថ្លៃ១,៥%។

ការធ្លាក់ថ្លៃនេះបានកើតមានឡើង បន្ទាប់ពីផ្ទះហក់ឡើងថ្លៃស្រឺតៗជាប្រវត្តិសាស្រ្តអំឡុងវិបត្តិកូវីដ-១៩ ដែលជំរុញដោយអត្រាការប្រាក់ធ្លាក់ចុះទាបបំផុត និងការកើនឡើងនូវអត្រាការប្រាក់សម្រាប់ប្រាក់សន្សំ។ កត្តានេះឯងដែលបានធ្វើឱ្យផ្ទះ ហក់ឡើងថ្លៃស្រឺតៗឥតឈប់ រហូតដល់ខ្ពស់បំផុតទៅជិត៣០%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារកណ្តាលអូស្ត្រាលី (Reserve Bank of Australia (RBA)) បានដំឡើងអត្រាការប្រាក់៣ដង ពីខែឧសភា ឆ្នាំនេះរហូតដល់១,៣៥%។ ហើយនៅថ្ងៃអង្គារ ស្អែកនេះធនាគារកណ្ដាលនេះ គ្រោងនឹងធ្វើការសម្រេចចិត្តដំឡើងអត្រាការប្រាក់បន្ថែមទៀត។

លោក Tim Lawless នាយកស្រាវជ្រាវនៃក្រុមហ៊ុនវិភាគទិន្នន័យហិរញ្ញវត្ថុ និងអចលនទ្រព្យអាមេរិក ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកឡើងថា “អត្រាកំណើនតម្លៃផ្ទះបានបង្អង់ល្បឿន មុនពេលអត្រាការប្រាក់ចាប់ផ្ដើមកើនឡើង។

ទោះជាយ៉ាងណា វាបង្ហាញច្បាស់ណាស់ថា ទីផ្សារនានាបានចុះខ្សោ​យយ៉ាងខ្លាំង ចាប់តាំងពីការដំឡើងអត្រាការប្រាក់លើកទី១ កាលពីថ្ងៃទី៥ ខែឧសភា”។

អ្នកជំនាញរូបនេះបានបន្ថែមទៀតថា ដោយសារតែកម្រិតបំណុលកើនឡើងខ្ពស់មិនធ្លាប់មាន គ្រួសារពលរដ្ឋដែលជំពាក់បំណុល ខ្លាចរអារខ្លាំង តម្លៃអចលនទ្រព្យក្នុងទីក្រុងនានានៃប្រទេសអូស្ត្រាលី នៅតែបន្តធ្លាក់ចុះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here