ការខ្ចី​បំណុល​ពី​ប្រទេស​ចិន​មាន​និន្នាការ​ថយចុះ ខណៈ​ការខ្ចី​បំណុល​ពី​ដៃគូផ្សេងទៀត​កើនឡើង

ដោយ ៖លក្ខិណា

ភ្នំពេញៈ និន្នាការ​នៃ​ការខ្ចី​បំណុល​ពី​ប្រទេស​ចិន មានការ​ថមថយ​ចុះ​គួរអោយកត់សម្គាល់​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ តែ​បែរ​ជាមាន​កំណើន​ការខ្ចី​បំណុល​ពី​ប្រទេស​កូរ៉េ ជប៉ុន​និង​ដៃគូរ​អភិវឌ្ឍន៍​ផ្សេងទៀត​មាន​និន្នាការ​កើនឡើង។ នេះ​យោងតាម​ប្រសាសន៍​លោក វ​ង្សី វិស្សុត មន្ត្រីជាន់ខ្ពស់​នៃ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។

លោក​បាន​ថ្លែង​នៅឯ​វេទិការ​សន្និសីទ​ព័ត៌មាន​ស្តីពី វិធានការ​របស់​រដ្ឋា​ភិ​បាល​ឆ្លើយតប​វិបត្តិ​ជំងឺ​កូ​វីដ១៩ នៅ​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០កន្លងមក​ថា បច្ចុប្បន្ននេះ​កម្ពុជា​នៅតែ​អាច​ខ្ចីប្រាក់​ពី​បរទេស មក​អភិវឌ្ឍន៍​ប្រទេស​បាន​ទៅលើ​អ្វីដែល​ចាំបាច់ ដូចជា​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​ដែល​ជំរុញ​សេដ្ឋកិច្ចកម្ពុជា។

រហូតមកដល់​ពេលនេះ ចិន​នៅតែ​ជា​ម្ចាស់បំណុល​ធំ​របស់​កម្ពុជា​កម្ពុជា ដែលមាន​អត្រា​ប្រមាណ​ជាង៤០ភាគរយ​នៃ​បំណុល​សរុប ក៏ប៉ុន្តែ​នៅ​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយនេះ ការខ្ចីប្រាក់​ពី​ប្រទេស​ចិន មាន​និន្នាការ​ថយចុះ​គួរអោយកត់សម្គាល់ តែ​បែរជា​ទៅ​កើន​ការខ្ចី​ពី​ប្រទេស​ជប៉ុន កូរ៉េ ធនាគារអភិវឌ្ឍន៍អាស៊ី និង​ធនាគារពិភពលោក ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បន្តថា “អត្រា​ការប្រាក់​កម្ចី​ពី​ប្រទេស​ចិន មាន​បី​ប្រភេទ​គឺ០ភាគរយ។ ១,២៥ភាគរយ​ក្នុង​មួយឆ្នាំ និង២ភាគរយ។ សម្រាប់​អត្រា​ការប្រាក់២ភាគរយ ជា​កម្ចី​ជា​ប្រាក់​ដុល្លារ​អាមេរិក ហើយ​រយៈពេល​សង២០ឆ្នាំ និង​រយៈពេល​ពន្យារ​កា​រស​ង ដោយ​មិនបាន​ការពិន័យ៧ឆ្នាំ។ ក្នុងមួយឆ្នាំៗកម្ពុជា​បាន​សងបំណុល ទៅ​កាន់តែ​ប្រទេស​ចិន​ប្រមាណ២០០លាន​ដុល្លារ​អាមេរិក” ។

លោក​បន្ថែមថា រហូត​ម​ដល់ពេលនេះ​បំណុល​របស់​កម្ពុជា ដែល​បាន​ខ្ចី​ពី​បរទេស មាន​ប្រមាណ៣០ភាគរយ​ប៉ុណ្ណោះ នៃ​ផលិតផល​ក្នុងស្រុក​សរុប ( GDP ) ដូច្នេះហើយ​ទើប​យើង​អាច​និយាយថា កម្ពុជា​នៅតែមាន​លទ្ធភាព ក្នុងការ​ទទួលយក​ប្រាក់​កម្ចី​ពី​បរទេស​មក​អភិវឌ្ឍន៍​ប្រទេសជាតិ។

យោងតាម​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានបង្ហាញ​ផងដែរ​ថា គិត​ចាប់តាំងពី​ឆ្នាំ១៩៩៣ ដល់​ដំណាច់​ឆ្នា ២០១៩ កម្ពុជា​បាន​ខ្ចី​បំណុល​ពី​បរទេស​ចំនួន​ជាង១២ពាន់​លាន​ដុល្លារ ក្នុងនោះ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត​គ្របដណ្ដប់​ប្រមាណ៨៦,៧៧ភាគរយ និង​វិស័យ​អាទិភាព​ចំពោះមុខផ្សេងៗទៀត មាន​ប្រមាណ១៣,២៣ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here