តើអ្វីជាការស្វែងយល់អំពីទីផ្សារភាគហ៊ុន តើមានទិដ្ឋភាពគ្របដណ្តប់បែបណាខ្លះក្នុងទីផ្សារហិរញ្ញវត្ថុ

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ ស្ទើរតែរាល់ថ្ងៃ គេតែងតែឮព័ត៌មានអំពី “ផ្សារហ៊ុន”។ ផ្សារភាគហ៊ុនឡើងថ្លៃ ផ្សារភាគហ៊ុនចុះថ្លៃ, ផ្សារភាគហ៊ុនដួលដាំដូង។ល។

ផ្សារហ៊ុន គឺជារឿងស្មុគស្មាញ ដែលពិបាកនឹងពន្យល់ឲ្យលម្អិតអស់ក្នុងរយៈពេលខ្លី។ ក៏ប៉ុន្តែដើម្បីជាជំនួយខ្លះៗ ក្នុងការស្វែងយល់អំពីផ្សារភាគហ៊ុន ខាងក្រោមនេះគឺជាសំណួរ-ចម្លើយសាមញ្ញខ្លីៗ។

១. តើផ្សារហ៊ុនជាអ្វី?
លោកសាស្រ្តាចារ្យខឹម សារិទ្ឋបានលើកឡើងថា បើនិយាយឲ្យខ្លី សាមញ្ញ ហើយស្រួលស្តាប់ផ្សារហ៊ុន គឺជាកន្លែងដែលគេទិញ-លក់ភាគហ៊ុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចុះភាគហ៊ុនជាអ្វី? ភាគហ៊ុន គឺជាចំណែកដើមទុន ដែលគេដាក់ចូលទៅក្នុងក្រុមហ៊ុនណាមួយ។ នៅពេលដែលក្រុមហ៊ុនចំណេញ ម្ចាស់ភាគហ៊ុនក៏បានចំណេញ ហើយបើក្រុមហ៊ុនខាត ម្ចាស់ភាគហ៊ុនក៏ខាត។ ការចំណេញ ឬខាតនេះ វាសមាមាត្រទៅនឹងចំណែកភាគហ៊ុនដែលខ្លួនមាន។

បើមានភាគហ៊ុនច្រើន ពេលចំណេញ ក៏ចំណេញច្រើន ហើយពេលខាត ក៏ខាតច្រើន។ ក្រុមហ៊ុនខ្លះ គេយកភាគហ៊ុនមួយផ្នែកទៅដាក់លក់នៅលើទីផ្សារភាគហ៊ុន។ ប៉ុន្តែ មិនមែនគ្រប់តែក្រុមហ៊ុនទាំងអស់អាចលក់ភាគហ៊ុនបានទេ។ ទាល់តែជាប្រភេទក្រុមហ៊ុន ដែលច្បាប់កំណត់ថាអនុញ្ញាតឲ្យលក់ភាគហ៊ុនបាន ទើបអាចចុះភាគហ៊ុនលក់បាន។

២.តើអ្នកទិញហ៊ុនអាចទទួលបានផលចំណេញអ្វីខ្លះ? ហើយអាចខាតបង់អ្វីខ្លះ?
កាលណាអ្នកណាទិញភាគហ៊ុនរបស់ក្រុមហ៊ុនណាមួយ អ្នកនោះនឹងក្លាយជាម្ចាស់ហ៊ុនរបស់ក្រុមហ៊ុននោះ ហើយមានសិទ្ធិដូចម្ចាស់ហ៊ុនផ្សេងទៀតដែរ ដូចជា សិទ្ធិបោះឆ្នោតជ្រើសរើសសមាជិក ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជាដើម។
គ្រាន់តែថា អ្នកណាមានភាគហ៊ុនច្រើន មានសំឡេងបោះឆ្នោតច្រើន អ្នកមានភាគហ៊ុនតិច មានសំឡេងតិច។

នៅពេលដែលក្រុមហ៊ុនរកស៊ីបានចំណេញលុយ ហើយគេយកលុយចំណេញនេះមកចែកគ្នា ម្ចាស់ភាគហ៊ុនទាំងអស់ ទទួលបានចំណែកប្រាក់ចំណេញនេះ ស្របទៅតាមភាគហ៊ុនដែលខ្លួនមាន។ បើមានភាគហ៊ុន ១% បានចំណេញ ១%។ ប៉ុន្តែ បើក្រុមហ៊ុនខាតវិញ ក៏ខាតទៅតាមចំណែកភាគហ៊ុននេះដែរ។

៣. ហេតុអ្វីបានជាមានអ្នកលេងភាគហ៊ុនខ្លះចំណេញ ឬក៏ខាតរាប់ម៉ឺន ឬរហូតដល់រាប់លានដុល្លារក្នុងមួយប៉ព្រិចភ្នែក?

អ្នកលេងភាគហ៊ុនបែបនេះ ទិញភាគហ៊ុនមិនមែនទុកចាំទទួលចំណែ​កលុយចំណេញពីក្រុមហ៊ុនទេ គឺទិញមកដើម្បីលក់ទៅវិញ យកចំណេញភ្លាមៗ។ ក្នុងករណីនេះ ភាគហ៊ុនត្រូវក្លាយទៅជាទំនិញ ដែលគេលក់ចេញ ទិញចូល ដូចទំនិញដែលគេលក់នៅលើទីផ្សារធម្មតាដែរ។

ឧទាហរណ៍ ពេលខ្ញុំឮដំណឹងអំពីរឿងជំងឺផ្តាសាយអា កំពុងតែរីករាលដាលឡើង នៅម៉ិចស៊ិច ខ្ញុំវិភាគទៅឃើញថា ជំងឺនេះជាជំងឺឆ្លងខ្លាំង ដែលអាចរាលដាលទៅប្រទេសផ្សេងៗទៀត។ ដើម្បីបង្ការកុំឲ្យជំងឺនេះ ឆ្លងរាលដាល គេប្រាកដជាត្រូវនាំគ្នាចាក់វ៉ាក់សាំង។ អ៊ីចឹង ក្រុមហ៊ុនផលិតវ៉ាក់សាំងប្រាកដជាលក់វ៉ាក់សាំងបានច្រើន ហើយចំណេញលុយច្រើន។

ដល់ពេលនោះ ភាគហ៊ុនក្រុមហ៊ុនផលិតវ៉ាក់សាំង ប្រាកដជាឡើងថ្លៃកប់ពពក ព្រោះអ្នកណាក៏ចង់ទិញភាគហ៊ុននេះដែរ។ ដូច្នេះ ខ្ញុំក៏ប្រមូលទិញភាគហ៊ុនក្រុមហ៊ុននេះទុក ទាន់ពេលនៅថោក។ ពេលដែលភាគហ៊ុននេះឡើងថ្លៃ ខ្ញុំក៏លក់ចេញទៅវិញភ្លាម យកចំណេញ។ ខ្ញុំចេះតែបន្តធ្វើអ៊ីចឹងរហូតទៅ ជាមួយក្រុមហ៊ុនផ្សេងទៀតក៏ធ្វើដូចគ្នា ជួនកាលទិញពេលនេះ មួយម៉ោងក្រោយឡើងថ្លៃលក់ទៅវិញភ្លាមក៏មាន។

ផ្ទុយទៅវិញ បើការវិភាគរបស់ខ្ញុំខុស ភាគហ៊ុនមិនឡើងថ្លៃ ស្រាប់តែចុះថ្លៃទៅវិញ ខ្ញុំក៏ខាតបង់ទៅតាមនោះដែរ។ បើសិនជាខ្ញុំដឹងខ្លួនទាន់ ពេលឃើញភាគហ៊ុនចាប់ចុះបន្តិច ខ្ញុំប្រញាប់លក់ចេញភ្លាមៗ ខ្ញុំខាតដែរ តែខាតតិច។ ក៏ប៉ុន្តែ ពេលខ្លះ ខ្ញុំមិនចង់លក់ចេញភ្លាមទេ អង្គុយចាំមើល ក្រែងវាឡើងមកវិញ។ បើវាឡើងមកវិញមែនវាគ្រាន់ ប៉ុន្តែ បើវាចេះតែចុះទៅទៀត ហើយខ្ញុំចេះតែចាំ ដល់ពេលមួយវាចុះទាបខ្លាំង បានខ្ញុំលក់ចេញ ពេលនោះខ្ញុំក៏ខាតឡុងចុងអ៊ីចឹងទៅ។

ការលេងភាគហ៊ុនបែបនេះ គឺជារឿងប្រថុយប្រថានបំផុត។ ជួនកាល ចំណេញមក ខាតទៅវិញអស់ទៅវិញភ្លាមក៏មាន។ ខាតទាំងដើមអស់ទៅទៀតក៏មាន ប្រៀបដូចទៅនឹងការភ្នាល់ល្បែងដូច្នេះដែរ។ ការលេងភាគហ៊ុនរបៀបនេះឯង ដែលពេលខ្លះ ធ្វើឲ្យផ្សារភាគហ៊ុនដួលដាំដូង ហើយពេលខ្លះបង្កើតទៅជាវិបត្តិហិរញ្ញវត្ថុពាសពេញពិភពលោកក៏មាន។

៤.តើអ្វីទៅជាមូលហេតុដែលនាំឲ្យភាគហ៊ុនឡើងថ្លៃឬចុះថ្លៃ?
ដោយសារតែភាគហ៊ុន ត្រូវគេយកមកទិញដូរយកចំណេញ ដូចទំនិញធម្មតា អ៊ីចឹង ភាគហ៊ុនឡើងថ្លៃ ឬក៏ចុះថ្លៃ វាគោរពទៅតាមច្បាប់ទីផ្សារធម្មតា ពោលគឺ វាអាស្រ័យទៅលើផ្គត់ផ្គង់ និងតម្រូវការ។ គឺអ្នកទិញ-លក់ភាគហ៊ុននេះឯង ដែលជាអ្នកកំណត់ថ្លៃ។ បើមានអ្នករកទិញច្រើន មិនសូវមានអ្នកចង់លក់ វាក៏ឡើងថ្លៃ។ បើមានអ្នកលក់ច្រើន មិនសូវមានអ្នកទិញ វាក៏ធ្លាក់ថ្លៃ។

អ្នកលេងភាគហ៊ុន គេនាំគ្នាលក់ ឬក៏នាំគ្នាទិញ គឺវាអាស្រ័យទៅលើការវិភាគរបស់អ្នកលេងម្នាក់ៗ ដែលគេមើលទៅថា តើភាគហ៊ុនរបស់ក្រុមហ៊ុនណាមួយនឹងឡើងថ្លៃ ឬចុះថ្លៃ? ហើយការវិភាគនេះ គេធ្វើឡើងទៅលើហេតុការណ៍ផ្សេងៗ ដែលទាក់ទងនឹងក្រុមហ៊ុននេះ (សូមមើលឧទាហរណ៍ខាងលើ អំពី ក្រុមហ៊ុនផលិតវ៉ាក់សាំង និងគ្រុនផ្តាសាយអា)។

ឧទាហរណ៍មួយទៀត ពេលខ្លះ គ្រាន់តែមានលេចឮដំណឹងព្រាលៗមកថា អ៊ីស្រាអែលចង់ប្រើកម្លាំង ទ័ពវាយប្រហារលើអ៉ីរ៉ង់ ភាគហ៊ុនរបស់ក្រុមហ៊ុនប្រេងក៏ចាប់ធ្លាក់ចុះគ្រឹបក៏មាន។

នៅពេលដែលគេនិយាយថា ភាគហ៊ុននេះឬភាគហ៊ុននោះ មាន ១០០០ Points ឬក៏ ២០០០ Points តើមានន័យថាម៉េច?។

១០០០ ឬ២០០០ Points នេះ មិនមែនជាថ្លៃភាគហ៊ុនទេ គ្រាន់តែជាសន្ទស្សន៍តែប៉ុណ្ណោះ។ សន្ទស្សន៍របស់ភាគហ៊ុននេះ កំណត់ដោយក្រុមហ៊ុន ដែលមានជំនាងខាងហ្នឹង។ គេប្រើប្រាស់សន្ទស្សន៍ភាគហ៊ុន ដើម្បីតាមដានមើល អំពីការវិវឌ្ឍនៃទីផ្សារភាគហ៊ុន។

ឧបមាថា ពេលចាប់បើកលក់ពេលព្រឹក ភាគហ៊ុនមាន ១០០០ Point ហើយស្រាប់តែ ថ្ងៃរសៀល វាចុះមកនៅត្រឹម ៩០០ មានន័យថា ភាគហ៊ុនធ្លាក់ចុះ ១០០ Points ស្មើនឹង ១០% ឬក៏បើឡើងដល់ ១១០០ មានន័យថា ភាគហ៊ុនវាកើនឡើង ១០%។

អ្វីដែលសំខាន់ គឺមិនមែនចំនួន Point១០០០, ២០០០ ឬក៏ ៣០០០ពាន់នេះទេ។ អ្វីដែលគេតាមដានខ្លាំងជាងគេ គឺភាគរយដែលអាចឲ្យគេដឹងថា ភាគហ៊ុននៅកន្លែងណាមួយវាកើនឡើងឬក៏ធ្លាក់ចុះ? បើកើនៗប៉ុន្មាន? បើចុះៗប៉ុន្មាន? ត្រូវទិញឬក៏ត្រូវលក់?លក់ឥឡូវឬមួយក៏ចាំបន្តិចទៀត? តើធ្វើម៉េចដើម្បីឲ្យដឹងថាភាគហ៊ុន ដែលយើងមាននៅនឹងដៃគិតជាលុយមានតម្លៃប៉ុន្មាន? វាអាស្រ័យថា តើយើងមានភាគហ៊ុនក្រុមហ៊ុនអ្វី? ភាគហ៊ុនរបស់ក្រុមហ៊ុននីមួយៗមានតម្លៃខុសៗគ្នា។

តាមការពិត ភាគហ៊ុនមួយ មិនឡើងថ្លៃ ឬចុះថ្លៃភ្លាមៗ ដូចដែលយើងឃើញនៅលើទីផ្សារភាគហ៊ុនទេ។ ឧបមាថា ក្រុមហ៊ុនមួយមានដើមទុន ១លានដុល្លារ ហើយបែងចែកជា១លានភាគហ៊ុន។ អ៊ីចឹង ១ភាគហ៊ុន គឺថ្លៃ១ដុល្លារ ហើយនៅតែ១ដុល្លារអ៊ីចឹងរហូត លើកលែងតែដល់ពេលណាមួយ គេបង្កើនដើមទុនក្រុមហ៊ុននេះដល់២លាន ពេលនោះទើបថ្លៃភាគហ៊ុនឡើងដល់ ២ដុល្លារក្នុងមួយហ៊ុន។

បើគណនាតាមតម្លៃភាគហ៊ុនបែបនេះ មិនមានអ្វីស្មុគស្មាញនោះទេ។ ១ហ៊ុនថ្លៃ១ដុល្លារ បើយើងមាន១ពាន់ហ៊ុន គឺស្មើនឹង១ពាន់ដុល្លារ។ ក៏ប៉ុន្តែ តម្លៃភាគហ៊ុន នៅលើទីផ្សារភាគហ៊ុនវាខុសពីតម្លៃហ៊ុន ដែលក្រុមហ៊ុនចុះបញ្ជីលក់។ តម្លៃភាគហ៊ុន នៅលើទីផ្សារភាគហ៊ុន ប្រែប្រួលឡើងចុះភ្លាមៗ មិនទៀងទាត់នោះទេ។ ដូច្នេះ តម្លៃភាគហ៊ុន ដែលអ្នកណាម្នាក់មានក្នុងដៃ វាប្រែប្រួលទៅតាមពេលវេលា។

ឧបមាថា ខ្ញុំមានភាគហ៊ុនក្រុមហ៊ុនតូតាល់ ចំនួន១ពាន់ហ៊ុន។ តាមតម្លៃលើទីផ្សារ នៅពេលនេះ ម៉ោងនេះ ភាគហ៊ុនតូតាល់ ថ្លៃ១០ដុល្លារ ក្នុង១ហ៊ុន។ អ៊ីចឹង ខ្ញុំមាន១ពាន់ហ៊ុន វាស្មើនឹង ១ម៉ឺនដុល្លារ។ ក៏ប៉ុន្តែ ដរាបណាខ្ញុំមិនទាន់លក់ភាគហ៊ុនទាំងនេះ ចេញផុតពីដៃទេ១ម៉ឺនដុល្លារនេះ គ្រាន់តែជាតម្លៃលើក្រដាសប៉ុណ្ណោះ។ កន្លះម៉ោងក្រោយវាអាចរលាយបាត់ទៅអស់ក៏មាន ឬក៏វាអាចកើនឡើងរហូតដល់ទៅ២ម៉ឺនក៏ថាបាន។

៥. តើពាក្យថា “ទីផ្សារមូលបត្រ” និង “ទីផ្សារភាគហ៊ុន” ជាពាក្យតែមួយ ឬក៏ពាក្យពីរមានន័យខុសគ្នា?
និយាយឲ្យត្រឹមត្រូវមែនទែន ពាក្យពីរនេះមានន័យខុសគ្នា។ តាមពិត ភាគហ៊ុនគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ នៃមូលបត្រ។ ក្រៅពីភាគហ៊ុន នៅមានមូលបត្រផ្សេងៗទៀត ដែលគេយកមកធ្វើការជួញដូរនៅលើទីផ្សារមូលបត្រដែរ ដូចជា មូលបត្របំណុល មូលបត្រជាវត្ថុធាតុដើម ឬជារូបិយវត្ថុ។ល។ ដោយសារតែពីដំបូងឡើយ ភាគហ៊ុនគឺជាប្រភេទមូលបត្រដែលគេទិញ-លក់ច្រើនជាងគេ។ ទើបយើងចំណាំតែនិយាយ “ផ្សារភាគហ៊ុន” ជាប់មាត់រហូតមក។ ប៉ុន្តែបើតាមភាសាបច្ចេកទេសត្រឹមត្រូវ គេត្រូវហៅថា “ទីផ្សារមូលបត្រ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here