ដោយៈ ម៉ាលីនណា
ភ្នំពេញៈ តាមរយៈកម្មវិធីទូរស័ព្ទដៃ “មតិយើង” ដែលត្រូវបានបង្កើតឡើងដោយក្រសួងមហាផ្ទៃ អង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា ចាប់ពីពេលនេះទៅ សាធារណជនទាំងអស់ អាចធ្វើការស្វែងរកជំនួយ សាកសួរព័ត៌មាន ដាក់បណ្តឹង និងវាយតម្លៃសេវាសាធារណៈនៅតាមមូលដ្ឋានរបស់ខ្លួនបាន ដោយរក្សាការសម្ងាត់ផងដែរ។
លោកងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ក្នុងពិធីសម្ភោធកម្មវិធីនេះនាព្រឹកថ្ងៃទី២៨ កក្កដានេះថា នេះជាការរួមចំណែកមួយនៅក្នុងការលើកកម្ពស់ និងជំរុញការអនុវត្តប្រព័ន្ធរដ្ឋបាលសាធារណៈ ឱ្យកាន់តែមានតម្លាភាព គណនេយ្យភាព និងភាពឆ្លើយតប ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ នៅថ្នាក់ក្រោមជាតិ ក្រោមក្របខណ្ឌ នៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលជាគោលនយោបាយ សាធារណៈមួយដ៏មានប្រជាប្រិយ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការលើកកម្ពស់ប្រជាធិតេយ្យ និងអភិបាលកិច្ច ក្នុងការគ្រប់គ្រង ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបយ៉ាងមានប្រសិទ្ធភាព និង ឆាប់រហ័សទៅនឹងសំណើរ សំណូមពរ និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ។
លោកបន្តថា “កម្មវិធីទូរស័ព្ទដៃនេះ ក៏នឹងអាចរួមចំណែកក្នុងការបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការលើកកម្ពស់ការផ្តល់សេវាសាធារណៈ ឱ្យកាន់តែមានភាពល្អប្រសើរថែមទៀត ជាពិសេសជួយដល់នាយកដ្ឋានមុខងារ និងធនធាន នៃក្រសួងមហាផ្ទៃ មានភាពងាយស្រួលក្នុងការគ្រប់គ្រងប្រព័ន្ធទិន្នន័យដូចជាសំណើរ សំណួរ សំណូមពរ ឬបណ្តឹងផ្សេងៗបានយ៉ាងល្អ ជារួមនឹងការរៀបចំរបាយការណ៍ បូកសរុបផ្សេងៗកាន់តែមានភាពងាយស្រួល និងមានសុក្រិតភាព ដោយសារយើងធ្វើក្នុងប្រព័ន្ធគ្រប់គ្រង”។
ជាមួយគ្នានេះ លោក ប៉ិច ពិសី នាយកប្រត្តិបត្តិ នៃអង្គការតម្លាភាពកម្ពុជាឲ្យដឹងថា ចាប់តាំងពីខែមករា ឆ្នាំ២០២០ តាមរយៈការគាំទ្រហិរញ្ញវត្ថុពីសហភាពអឺរ៉ុប (EU) និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍន៍អន្តរជាតិស៊ុយអ៊ែត (Sida) ក្រុមការងារបច្ចេកទេសរបស់ស្ថាប័នទាំ ង៣ខាងលើ បានសហការគ្នា ផលិតកម្មវិធីនេះឡើង ដែលមានទាំងការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាច្រើន លើកជាមួយភាគីពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីប្រមូលធាតុចូលទៅលើកម្មវិធីទូរស័ព្ទដៃនេះ។
លោកបន្តថា “ការដាក់ឲ្យដំណើរការកម្មវិធីនេះដែរ ជាការបោះជំហានសំខាន់មួយទៀត ឆ្ពោះទៅរកសេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាពនៅកម្ពុជា ដោយគិតត្រឹមដើមឆ្នាំ២០២២នេះ”។លោកបន្ថែមថា “កំណែចុងក្រោយនៃកម្មវិធី ត្រូវបានផលិតឡើង និងដាក់ឲ្យប្រើប្រាស់សាកល្បង ដោយជោគជ័យ នៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងតំបន់គោលដៅនៃគម្រោង”។
គោលដៅគំរោងនោះ រួមមាន អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជារដ្ឋថ្នាក់រាជធានី/ខេត្តចំនួន៣ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋថ្នាក់ក្រុង /ស្រុកចំនួន៨ និងរដ្ឋបាលឃុំ/សង្កាត់ចំនួន៣០។
លោកបន្ថែមថា ការដាក់ឲ្យដំណើរការកម្មវិធីទូរស័ព្ទដៃ “មតិយើង” គឺជាការបោះជំហានដ៏សំខាន់មួយទៀត ឆ្ពោះទៅរកសេវាសាធារណៈប្រកបដោយប្រសិទ្ធភាពនៅកម្បុជា។ ដោយសារអត្រាខ្ពស់ នៃការប្រើប្រាស់ទូរស័ព្ទឆ្លាតវៃ និងអ៊ិនធឺណេតនៅកម្ពុជា ការផលិត និងអនុវត្តកម្មវីធីទូរស័ព្ទដៃនេះ គឺជាឱកាសដ៏ល្អប្រសើរជាងពេលណាៗទាំងអស់។
ចំណែកលោក Bryan FORNARI ប្រធានកិច្ចសហប្រតិបត្តិការ នៃប្រតិភូសហភាពអឺរ៉ុប ប្ចាំកម្ពុជា បាននិយាយថា កម្មវិធីនេះ ស្ថាប័នទាំង៣ បាននិងកំពុងធ្វើការរួមគ្នា ដើម្បីពង្រឹងសមត្ថភាពមន្រ្តីសាធារណៈរបស់ក្រសួងមហាផ្ទៃ និងមន្រ្តីផ្តល់សេវាថ្នាក់ក្រោមជាតិ នៅតាមអង្គភាព ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ព្រមទាំងរដ្ឋបាលឃុំ សង្កាត់ក្នុងតំបន់គោលដៅ ទៅលើការផ្តល់សេវាសាធារណៈដែលប្រកបដោយគណេយ្យភាព និងឆ្លើយតបតាមតម្រូវការយេនឌ័រ។
លោកបន្តថា តាមរយៈក្របខ័ណ្ឌកិច្ចសហប្រតិបត្តការនេះ ក៏នឹងផ្តល់អាទិភាព ចំពោះការរៀបចំឲ្យមានកិច្ចពិភាក្សាពហុភាគី នៅថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ដើម្បីស្រាយកង្វល់ និងមតិយោបល់ របស់ប្រជាពលរដ្ឋលើការផ្តល់ការសេវាសាធារណៈ និងសម្រួលដល់ការឆ្លើយតប គោលនយោបាយទៀតផង៕