ដោយៈ ម៉ាលីនណា
ភ្នំពេញៈ គេអាចនិយាយថា លុយមិនសំខាន់ តែសំខាន់់គឺខ្វះលុយ ព្រោះលុយដើរតួនាទីមិនអាចខ្វះបានក្នុងជីវិត។
ចំណេះអំពីលុយ (How does the money work? ) ជាអ្វីដែលយើងភាគច្រើនខ្វះចន្លោះ។ ការយល់ដឹងជាមូលដ្ឋានអំពីលុយមិនសូវបាននិយាយនៅសាលាទេ ពិសេសពីជំនាន់មុនៗ។ យើងរៀនពីរឿងផ្សេង រួមមាន វិទ្យាសាស្ត្រ ភូមិសាស្ត្រ ឬប្រវត្តិសាស្ត្រ។ល។
តាមពិតទៅ មានទិដ្ឋភាពហិរញ្ញវត្ថុជាច្រើន ដែលពិតជាមានប្រយោជន៍ក្នុងការរៀនសូត្រ ដើម្បីឲ្យចេះរបៀបរក្សាតុល្យភាព នៃចំណូលនិងចំណាយ។
ការចេះសន្សំប្រាក់ ជារឿងចាំបាច់សម្រាប់ធានា ជីវិតនៅក្រោយការចូលនិវត្តន៍ និងចេះរកឱកាសវិនិយោគបង្កើនចំនួនប្រាក់។ ដោយសារខ្វះរឿងនេះមនុស្សជាច្រើន ក្នុងប្រទេសយើងនៅតែពឹងពាក់កូនចៅ នៅពេលខ្លួនចូលជរា។
ឥឡូវនេះជំងឺរាតត្បាតរ៉ាំរ៉ៃ (COVID-១៩) បានបង្កើតជាឧបសគ្គ តែក៏ក្លាយជាមេរៀនដល់យើង “អំពីលុយ”។ វិបត្តិអត់ការងារ និងគ្មានចំណូលបានបង្រៀនយើង ឲ្យចេះដឹងគុណចំពោះអ្វីៗដែលយើងកំពុងមាន ឬស្ដាយឱកាសកាលពីពេលមុន។
ប្រសិនបើយើងមានសំណាង ក្នុងការបន្តមានចំណូល មានការងារពីផ្ទះ ទទួលបានប្រាក់ផ្គត់ផ្គង់ទៀងទាត់ ដែលមនុស្សជាច្រើន បានបាត់បង់ភ្លាមៗហើយរើខ្លួនមិនចង់រួច ជាមួយការផ្លាស់ប្ដូរគំហុកពេក យើងគួរចាប់ផ្ដើមចេះសន្សំ។
ក្រឡេកមកមើលប្រវត្តិសាស្រ្តនានា ដែលបានបន្សល់នូវមេរៀននៃក្បួនសន្សំសំចៃ និងភាពប៉ិនប្រសប់ក្នុងការប្រើលុយ អំឡុងពេលរបត់សេដ្ឋកិច្ចសំខាន់ៗ ដូចជាសង្គ្រាមលោកលើក ឬមហាវិបត្តិសេដ្ឋកិច្ចនានា ។ ប្រជាជនរៀនធ្វើម្ហូបដោយខ្លួនឯង ប្រើខោអាវតគ្នា ឬស្នាក់នៅជិតៗផ្សារ សាលារៀន តើបន្ថយរាល់ការចំណាយ។ល។ ទាំងនេះ កើតឡើងពីរបៀបគិតនិងមិនបណ្តោយខ្លួនតាមយថកម្ម ហើយខាងក្រោមនេះជារបៀប២យ៉ាងធំៗនៃការប្រើប្រាស់លុយ៖
ទី១ មានផែនការសម្រាប់គ្រាអាសន្ន
ពិចារណាសុភាសិតសតែងតែនិយាយថា ភាពអាសន្នអាចកើតឡើងគ្រប់ពេល។ អ្នកជំនាញជាច្រើនបានផ្ដល់អនុសាសន៍ ឲ្យចំណាយប្រាក់សម្រាប់ការរស់នៅរយៈពេល ៣ ទៅ៦ខែទៅមុខ ទុកបង្កា ជីវិតហ៊ឺហាគ្មានលុយសល់ជាជីវិតគ្មានផែនការច្បាស់លាស់។ កសាងមូលនិធិ(សន្សំ)ប្រភេទទុកសាគួរ នៅពេលបន្ទាន់ប្រឆាំងនឹងការគិតដែលថា បញ្ហាហិរញ្ញវត្ថុដែលយើងកំពុងប្រឈមនាពេលបច្ចុប្បន្ន មានសារៈសំខាន់ជាងការសន្សំសម្រាប់ពេលក្រោយដែលមិនទាន់មកដល់។
យើងភាគច្រើនកំពុងដូរមកហូបចុកបីពេល និងចំអិនអាហារនៅផ្ទះ ថែមទាំងរៀនកាត់សក់ សំអាតក្រចកដោយខ្លួនឯងទៀតផង។ ការចេះរស់នៅសាមញ្ញ និងចេះការងារបន្ទាប់បន្សំនេះនឹងជួយយើងឲ្យទទួលបានការចំណេញពេលវេលា សន្សំថវិកា ថាមពលនិងកាត់បន្ថយការបារម្ភ។
ទី២ ចេះបែងចែករវាងការចំណាយតាម តំរូវការចាំបាច់ ឬតាមចិត្តចង់បាន
ប្រសិនបើកំពុងប្រឈមមុខ នឹងកង្វះខាតសាច់ប្រាក់ក្នុងកំឡុងពេលនេះ ឬមិនប្រាកដប្រជា និងអារម្មណ៍ព្រួយបារម្ភ ចំពោះចក្ខុវិស័យហិរញ្ញវត្ថុនាពេលអនាគត នេះជាពេលធ្វើការសំរេចចិត្តតឹងតែង មុនពេលទិញអ្វីមួយថា “តើពិតជាត្រូវការវាឬអាចជាការចង់បាន? តម្រូវការរបស់យើងចាំបាច់មាន ដូចជាចំណីអាហារ ទីជម្រកនិងការដឹកជញ្ជូន។
ចំណែករបស់ដែលយើងភាគច្រើនចង់បាន គឺត្រូវការដូចជាសំលៀកបំពាក់ថ្មីៗ អាចថ្លៃ ៗ ឡូយៗ ការកម្សាន្តឬការតុបតែង។ ជាការពិតយើងមិនអាចមានជីវិតមួយ ដែលមិនព្រមបំពេញចិត្តនូវអ្វី ដែលយើងចង់បានទេតេមើលកាលៈទេសៈ។
យើងចង់រីករាយនឹងជីវិត ប៉ុន្តែការចំណាយចាំបាច់គួរតែផ្អែកលើអ្វីដែលយើងអាចហើយដាក់អទិភាព វានៅបន្ទាប់ពីតម្រូវការ ចំណែកនិងប្រាក់សន្សំត្រូវជាអទិភាព។
លុយជាបញ្ហាដ៏ធំមួយ។ មនុស្សជឿថា លុយអាចដោះស្រាយបានសឹងគ្រប់បញ្ហាដែលគេប្រឈម។ មនុស្សចេះស្គាល់លុយចេះពិបាកចិត្ត និងចេះតូចចិត្ត។ អ្នកដែលស្គាល់ពីចលនារបស់លុយរមែងជោគជ័យ ក្នុងការបង្កើតលុយចុះហេតុអ្វី បានជានៅសាលាមិនបានបង្រៀន ពីរបៀបដែលប្រើលុយ ឬរកលុយមករក្សាឱ្យមានប្រសិទ្ធភាព? ។
សំនួរជាច្រើន ដែលមនុស្សខ្លះរៀនចប់ខ្ពង់ខ្ពស់ នៅតែគិតមិនយល់មានដូចជាសំនួរថា ហេតុអ្វីបានជាមនុស្សខ្លះ រកចំណូលបានច្រើនជាងអ្នកដទៃពេលមានម្ភៃបួនម៉ោងដូចគ្នា ឋានៈស្មើគ្នា និងសញ្ញាប័ត្រដូចគ្នា?មុខវិជ្ជាណែនាំអំពីសេដ្ឋកិច្ចក៏មិនប្រាកដថា បង្រៀនពីវិធីធ្វើចលនាលុយប្រកបដោយប្រសិទ្ធិភាពនោះដែរ៕