ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យមានការផ្សព្វផ្សាយពីសក្ដានុពលវិនិយោគនៅកម្ពុជាទៅពិភពលោក

ដោយ៖ ម៉ាណេត

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាលោកប៉ាន សូរស័ក្តិ បានស្នើនិងជំរុញឱ្យនិស្សិតអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ផ្សព្វផ្សាយពីសក្ដានុពលវិនិយោគនៅកម្ពុជាទៅកាន់ពិភពលោក តាមរយៈមិត្តភក្ដិបរទេស និងអ្នកដែលបានជួប ក្នុងពេលខ្លួនកំពុងសិក្សានៅក្រៅប្រទេស ។

នៅក្នុងជំនួបជាមួយនិស្សិតអាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលី និងណូវែលហ្សេឡង់ ឆ្នាំសិក្សា ២០២០-២០២១ កាលពីថ្មីៗនេះ លោកប៉ាន សូរស័ក្តិបានប្រាប់ទៅនិស្សិតទាំងនោះ ផ្សព្វផ្សាយពីសក្ដានុពលវិនិយោគនៅកម្ពុជា លើវិស័យអាទិភាព ផ្សព្វផ្សាយពីទេសចរណ៍ វប្បធម៌កម្ពុជាទៅកាន់មិត្តភក្ដិនិស្សិត និងវិនិយោគិនក្រៅប្រទេស ដើម្បីលើកស្ទួយកិត្តិនាមរបស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក បានឱ្យដឹងថា “និស្សិតសិក្សានៅក្រៅប្រទេសទាំងអស់ ជាពិសេសនិស្សិតដែលត្រៀមខ្លួនទៅសិក្សានៅប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ ត្រូវចេះផ្សព្វផ្សាយអំពីសមិទ្ធផល និងភាពរីកចម្រើនរបស់ប្រទេសជាតិ ទៅកាន់មជ្ឈដ្ឋានខាងក្រៅ ហើយត្រូវចេះបំផុសឱ្យប្រជាជន និងវិនិយោគិនបរទេស ចូលមកទស្សនា និងបណ្តាក់ទុនកាន់តែច្រើន នៅក្នុងប្រទេសខ្លួនវិញ”។ 

លោក បានបន្តថា “លើសពីនេះ ត្រូវប្រកាន់ខ្ជាប់នូវអត្តសញ្ញាណជាតិ និងអត្តចរិកថ្លៃថ្នូរ ស័ក្តិសមជាយុវជន និងយុវនារី តំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហការល្អ ជាមួយនិស្សិតមកពីប្រទេសផ្សេងៗ”។

លោកបន្តថា កម្ពុជា បានរៀបចំក្រុមការងារចរចា បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលក្នុងនោះមានក្រុមការងារចំនួន ៨ ក្រុមទទួលបន្ទុកប្រទេស រួមមាន៖ ចិន ចក្រភពអង់គ្លេស សាធារណរដ្ឋកូរ៉េ សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី (EAEU) អាមេរិក ជប៉ុន ម៉ុងហ្គោលី និងឥណ្ឌា ដោយឡែកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិនបានបញ្ចប់ការចរចានឹងត្រូវចុះហត្ថលេខានាពេលខាងមុននេះ ដែលបង្កឱ្យមានអំណោយផលដល់ការវិនិយោគ ។

បើទោះបីជាកម្ពុជាជួបនឹងវិបត្តិជំងឺកូវីដ១៩ក្ដី តែកម្ពុជានៅតែទទួលបានគម្រោងវិនិយោគពីបរទេសជាបន្តបន្ទាប់ ដែលអាចជួយបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋ និងជួយជំរុញនិងរក្សាស្ថិរភាពសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here