ផ្សារម៉ាក្រូ យល់ព្រមទទួលផ្សព្វផ្សាយ និងលក់ផលិតផលកសិកម្មកម្ពុជាបន្ថែម

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ ដើម្បីជំរុញនិងលើកកម្ពស់ជីវភាពរបស់កសិករខ្នាតតូចកម្ពុជា ផ្សារទំនើបម៉ាក្រូ បានយល់ព្រមទទួលយកផលិតផលកសិកម្មរបស់គ្រោង ជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS ) ដើម្បីផ្សព្វផ្សាយនិងតាំងលក់ក្នុងផ្សាររបស់ខ្លួន ។

នៅរសៀលថ្ងៃទី២៨ កញ្ញា ២០២០កន្លងទៅនេះ គម្រោង ជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច និងផ្សារម៉ាក្រូក៏បានចុះអនុស្សរណៈយោគយល់គ្នាស្ដីពីការអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្ម ក្នុងគោលបំណងសំខាន់ៗរួមគ្នាដើម្បីជាប្រយោជន៍ដល់កសិករ និងផលិតករកែច្នៃផលិតផលក្នុងស្រុក ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងពិធីចុះហត្ថលេខានោះដែរលោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការនៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ជំងឺកូវីដ១៩ បានបង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងសកលលោក ។ 

លោក បានថ្លែងថា “ដើម្បីដោះស្រាយបញ្ហាចំពោះមុខនេះ ប្រទេសកម្ពុជា បានចាត់វិធានការណ៍ប្រកបដោយប្រសិទ្ធភាពខ្ពស់ជាច្រើន ស្របតាមអនុសាសន៍នាយករដ្ឋមន្ត្រីដែលអំពាវនាវឱ្យប្រជាកសិករត្រូវខិតខំដាំដុះ និងជំរុញផលិតកម្មកសិកម្ម រួមមានការចិញ្ចឹមសត្វ ផលិតកម្មស្រូវ និងការដាំដំណាំផ្សេងៗ ដើម្បីបង្កើនបរិមាណផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់តាមតម្រូវការក្នុងស្រុក ព្រមទាំងបង្កើតទីផ្សារថ្មីៗជូនប្រជាកសិករ ដែលជាកាលានុវត្តភាពដ៏មានសក្តានុពលសម្រាប់វិស័យកសិកម្ម-ផលិតកម្ម ក្នុងនោះគម្រោងអេមស៍បានដើរតួយ៉ាងសំខាន់”។

លោក បន្តថា កន្លងមកថ្មីៗនេះ ដោយមើលឃើញពីភាពសហប្រតិបត្តិការណ៍បានល្អ គម្រោងអេមស៍ និងផ្សារម៉ាក្រូបានឯកភាពគ្នាចុះអនុស្សរណៈយោគយល់គ្នានេះឡើង ព្រោះមានគោលដៅសំខាន់ៗរួមគ្នា ដែលមានដូចជា បង្កើតកិច្ចសហប្រតិបត្តិការ ដើម្បីផ្សព្វផ្សាយផលិតផលរបស់ប្រទេសកម្ពុជាតាមរយៈគូភាគី, កំណត់រកឱកាសសម្រាប់សកម្មភាពសហការគ្នា និងកម្មវិធីនានាដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកដល់គូភាគី។ 

លោក បានថ្លែងទៀតថា បង្កើតឱកាសសហការដែលបានកំណត់ ស្របទៅតាមគោលដៅ អត្ថប្រយោជន៍ និងគំរូអាជីវកម្មសំខាន់ៗរបស់ភាគីនីមួយៗ, ធ្វើជាដៃគូយុទ្ធសាស្រ្តសម្រាប់ដោះស្រាយបញ្ហាប្រឈម និងនិរន្តភាពនៅក្នុងបរិបទនៃផលិតកម្មកសិ-ពាណិជ្ជកម្ម ផលិតផលកែច្នៃក្នុងស្រុក ផលិតផលរបស់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក និងបញ្ហាទីផ្សារ។

លោក បន្ថែមថា ការងារនេះគឺជាចំណុចចាប់ផ្តើមនៃកិច្ចសហប្រតិបត្តការដ៏មានសំខាន់មួយរវាងភាគីទាំងពីរ នៅជំហ៊ានជាយុទ្ធសាស្រ្តបន្ទាប់ទៀត ភាគីទាំងពីរត្រូវពង្រីកកិច្ចសហប្រតិបត្តការលើផលិតផលកសិ-ពាណិជ្ជកម្មសក្តានុពលអង្ករ ក៏ដូចជាផលិតផល ដែលគម្រោងនឹងពង្រីកវិសាលភាពអនុវត្ត និងផលិតផលសម្រេចរបស់សហគ្រាសធុនតូច និងមធ្យមកម្ពុជាផ្សេងៗទៀត។ 

ការធ្វើបែបនេះគឺដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនដល់បងប្អូនប្រជាពលរដ្ឋ និងរួមចំណែកដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ជាពិសេសរួមចំណែកដល់ការលើកស្ទួយយុទ្ធនាការប្រើប្រាស់ផលិតផលក្នុងស្រុកស្របតាមគោលនយោបាយជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ។

គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច គឺជាគម្រោងរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) គម្រោងនេះដឹកនាំប្រតិបត្តិដោយក្រសួងពាណិជ្ជកម្ម និងមានគោលដៅលើកស្ទួយ វិបុលភាពកសិករខ្នាតតូចកម្ពុជា តាមរយៈបង្កើនផលចំណេញកាន់តែច្រើនដោយតភ្ជាប់កសិ-ពាណិជ្ជកម្ម និងទីផ្សារ ដោយប្រតិបត្តិការនៅ ១៨ខេត្ត និងអន្តរាគមលើខ្សែច្រវ៉ាក់តម្លៃទំនិញពាណិជ្ជចំនួន៥ ដូចជា បន្លែ មាន់ស្រែ ស្រូវ ដំឡូងមី និងសូត្រឆៅ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here