ដោយៈលក្ខិណា
ភ្នំពេញៈ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូចំនួន១៩ បានត្រៀមខ្លួនរួចជាស្រេច និងប្រកាសចាប់ផ្ដើមទទួលសំណើរសុំឥណទាន ក្រោមគម្រោងសហហិរញ្ញប្បទានស្ដារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជានៅល្ងាចថ្ងៃទី៣០ មិថុនា ២០២២ ឱ្យដឹងថា ចាប់ពីថ្ងៃទី១ កក្កដា ២០២២នេះបានឲ្យដឹងថា វិស័យទេសចរណ៍បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាបង្កើតការងារ សម្រាប់ប្រជាពលរដ្ឋកម្ពុជា។
ក្នុងឆ្នាំ២០២០និងឆ្នាំ២០២១ វិស័យទេសចរណ៍បានធ្លាក់ចុះយ៉ាងគំហុក ដោយសារតែឥទ្ធិពលនៃជំងឺកូវីដ១៩ និងបានបណ្ដោយឱ្យសហគ្រាសជាច្រើនក្នុងវិស័យនេះ មានការវិឌ្ឍមិនល្អ ដោយម្ចាស់អាជីវកម្មមួយចំនួនធំ បានកាត់បន្ថយផ្អាក ឬបិទអាជីវកម្មរបស់ខ្លួនទាំងស្រុង ដែលជាហេតុនាំឱ្យប្រជាពលរដ្ឋរាប់សិបនាក់ បាត់បង់ការងារ និងប្រាក់ចំណូល។
ហេតុដូច្នេះ ដើម្បីជំរុញនិងស្ដារវិស័យទេសចរណ៍ឡើងវិញ រាជរដ្ឋាភិបាលបានដាក់នូវវិធានការអន្តរាគមន៍ជាច្រើន ជាពិសេសកាលពីចុងឆ្នាំ២០២១កន្ងលទៅ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវិដ១៩ តាមគន្លងប្រក្រតីភាព ឆ្នាំ ២០២១-២០២៣។
នៅថ្ងៃទី១៧ ឧសភា ២០២២ លោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដាក់ដំណើរការគម្រោង សហហិរញ្ញប្បទានស្ដារវិស័យទេសចរណ៍ ជាមួយនឹងគម្រោងថវិកាសរុប ចំនួន១៥០លានដុល្លារ ដែលបានមកពីថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជាចំនួន៧៥លានដុល្លារតាមរយៈធនាគារSME និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមចំនួន៧៥លានដុល្លារអាមេរិក ។
លោកលឹម អូន អគ្គនាយកនៃធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានឱ្យដឹងថា ម្ចាស់អាជីវកម្មក្នុងវិស័យទេចរណ៍ អាចចាប់ផ្ដើមស្នើសុំកម្ចី ដែលមានទឹកប្រាក់រហូតដល់៤០ម៉ឺនដុល្លារអាមេរិក ឬសមមូលជាប្រាក់រៀល នូវអត្រាការប្រាក់ទាបត្រឹមតែ៦,៥ភាគរយ ក្នុងមួយឆ្នាំដេលរយៈពេលឥណទានរហូតដល់៧ឆ្នាំ និងរយៈពេលអនុគ្រោះបង់ប្រាក់ដើមរហូតដល់១២ខែ។
លោកបន្តថា ឥណទានត្រូវបានអនុញ្ញាត ឱ្យប្រើប្រាស់ក្នុងគោលបំណងស្ដារប្រតិបត្តិការអាជីវកម្មឡើងវិញ ការកែលម្អ និងធ្វើទំនើបកម្ម ការពង្រីកខ្លួនបន្ថែម និងធ្វើពិពិធកម្មសេវាទេសចរណ៍ ដើម្បីត្រៀមខ្លួនទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិ ៕