ដោយៈ សុវណ្ណារ៉ា
ភ្នំពេញៈ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ដែលជាបណ្តុំមជ្ឈមណ្ឌលពាណិជ្ជកម្មនៅកណ្តាលរាជធានីភ្នំពេញ គម្រោងខុនដូប្រណីត AGILE SKY RESIDENCE ដែលកំពុងបន្តដំណើរការសាងសង់យ៉ាងសកម្ម បាននិងកំពុងទាក់ទាញ ចំណាប់អារម្មណ៍ពីសំណាក់អតិថិជនជាច្រើន ដែលក្នុងនោះមានជនជាតិខ្មែរច្រើនជាងបរទេស។
មានប្រសាសន៍នៅក្នុងពិធីអបអរសាទរ ចំពោះភាពជោគជ័យរបស់គម្រោងខុនដូប្រណីត AGILE SKY RESIDENCE នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅទៅស្នាក់ការលក់គម្រោង លោកស្រីកែវ សុចិន្តា ដែលជាអតិថិជនមួយរូបក្នុងចំណោមអតិថិជនជាច្រើននាក់ទៀតបានមានប្រសាសន៍ប្រាប់ថា “ខ្ញុំទិញគម្រោងខុនដូប្រណីតមួយចំនួនចំនួន ១យូនីត នៅជាន់ទី៣១ ដែលនឹងអាចមើលឃើញទេសភាព ក្នុងរាជធានីភ្នំពេញបានយ៉ាងច្បាស់នៅពេលស្នាក់នៅ ជាពិសេសទេសភាពដ៏ស្រស់ស្អាតនៅពេលយប់” ។
អ្នកស្រីបានបន្តឲ្យដឹងថា ដំបូងឡើយលោកស្រី មិនមានបំណងទិញខុនដូនោះទេ ដោយសារតែខុនដូ នៅកណ្តាលរាជធានីភ្នំពេញភាគច្រើន សុទ្ធតែមានតម្លៃថ្លៃ ប៉ុន្តែវាជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល ចំពោះគម្រោងខុនដូប្រណីត AGILE SKY RESIDENCE ដែលក្រៅពីស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ ទីតាំងល្អ និងលក់ក្នុងតម្លៃសមរម្យ ថែមទាំងផ្តល់នូវលក្ខខណ្ឌ ក្នុងការបង់ប្រាក់យ៉ាងងាយស្រួល ជាពិសេសប្រាក់កកដំបូងត្រឹមតែប្រមាណ ១០ភាគរយតែប៉ុណ្ណោះ ក៏អាចក្លាយជាម្ចាស់ខុនដូប្រណីតមួយនេះបានដែរ។
ចំណែកលោកស្រីតាំង ហួរ នាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service ដែលជាអតិថិជនរបស់គម្រោងខុនដូប្រណីត AGILE SKY RESIDENCE ម្នាក់ផងដែរនោះ បានមានប្រសាសន៍បង្ហាញ ពីចំណាប់អារម្មណ៍របស់ខ្លួនផងដែរថា “នេះជាគម្រោងដ៏ល្អបំផុត និងស័ក្ដសមសម្រាប់អ្នក ដែលចង់ផ្លាស់ប្ដូរបទពិសោធន៍ការរស់នៅបែបទាន់សម័យ ខណៈដែលតម្លៃលក់នៅលើទីផ្សារ នៃគម្រោងមួយនេះ មានភាពសមរម្យ បើប្រៀបធៀបទៅនឹងតម្លៃ នៃគម្រោងខុនដូផ្សេងទៀតដែលស្ថិតនៅទីតាំងរួមគ្នា។
លោកស្រីបន្តទៀតថា “តាមការសង្កេតឃើញរបស់ខ្ញុំ បច្ចុប្បន្ននេះប្រជាជនខ្មែរមួយចំនួនបានយល់ដឹងពីទីផ្សារ និងសារសំខាន់នៃការស្នាក់នៅក្នុងអគារសហកម្មសិទ្ធិ ឬហៅថាខុនដូនេះច្រើនជាងមុន” ។ លោកស្រីបន្តថា “ពីមុនភាគច្រើនគេតែងនិយាយថា មានតែជនជាតិបរទេសតែប៉ុណ្ណោះ ដែលចូលចិត្ត និងនិយមរស់នៅក្នុងខុនដូ ប៉ុន្តែពេលនេះ ពួកគាត់បានដឹងពីសារប្រយោជន៍នៃការរស់នៅក្នុងខុនដូ” ។
នៅពេលគាត់រស់នៅក្នុងខុនដូ ក្រៅពីបង្ហាញពីភាពរស់នៅបែបស៊ីវិល័យ គឺពួកគាត់មានភាពងាយស្រួលជាច្រើនទៀត ដូចជា ស្ថិតនៅជិតកន្លែងដែលគាត់ធ្វើការ ប្រកបអាជីវកម្មផ្សេងៗ ជាពិសេសកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរ” ។
លោកស្រី តាំង ហួរ បានបញ្ជាក់ថា “ក្រៅពីអត្ថប្រយោជន៍ខាងលើនេះ នៅក្នុងខុនដូមានប្រមូលផ្តុំទៅដោយសេវាជាច្រើនទៀត ដូចជា សេវាកម្មផ្នែកថែរក្សាអនាម័យ អាហារដ្ឋាន ក្លឹបហាត់ប្រាណ កន្លែងស្ទីម សូណា រួមជាមួយនឹងសេវាកម្មផ្សេងៗទៀត ដែលក្នុងនោះរួមបញ្ចូលទាំងទីកន្លែងសុវត្ថិភាព ចំណតយានយន្តផងដែរ។ ក្រៅពីនេះការទិញខុនដូយើងអាចស្នាក់នៅ ឬជួលឱ្យគេបាន និងងាយស្រួលរកអ្នកជួល ដោយយើងអាចឱ្យអ្នកគ្រប់គ្រងសហគមន៍រួមរបស់យើង ដាក់ជួលបានលឿន ប្រសិនជាយើងទិញនៅគំរោងដែលមានទីតាំងល្អ។
ជាមួយគ្នានេះ ប្រាក់ចំណេញពីការវិនិយោគ (Return on Investment) អ្នកទិញខុនដូអាចជួលផ្ទះបានចន្លោះពី៨ទៅ១០ភាគរយប្រចាំឆ្នាំ ផ្ទុយទៅវិញបើយើងទិញផ្ទះធម្មតា យើងអាចទទួលបានប្រាក់ចំណូល នៃការវិនិយោគតែ៤ទៅ៥ភាគរយ នៃតម្លៃផ្ទះប៉ុណ្ណោះក្នុងមួយឆ្នាំ” ។
នាយិកាផ្នែកលក់របស់ក្រុមហ៊ុនភ្នាក់ងារ CSA ដែលទទួលសិទ្ធិក្នុងការលក់គម្រោងខុនដូប្រណីត AGILE SKY RESIDENCEបានមានប្រសាសន៍ថា AGILE SKY RESIDENCE ជាគម្រោងដ៏ល្អបំផុត និងស័ក្ដសមសម្រាប់អ្នក ដែលចង់ផ្លាស់ប្ដូរបទពិសោធន៍ការរស់នៅបែបទាន់សម័យ ខណៈដែលតម្លៃលក់នៅលើទីផ្សារ នៃគម្រោងមួយនេះមានភាពសមរម្យ បើប្រៀបធៀបទៅនឹងតម្លៃនៃគម្រោងខុនដូផ្សេងទៀត ដែលស្ថិតនៅទីតាំងរួមគ្នា។
អ្នកស្រីបន្តថា “នៅតំបន់ដែលគម្រោង AGILE SKY RESIDENCE កំពុងសាងសង់នៅពេលនេះ ស្ថិតនៅចន្លោះបឹងកេងកង១ បឹងកេងកង៣ ដែលជាតំបន់មានសក្ដានុពលជាងគេនៅក្នុងរាជធានីភ្នំពេញ ក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ពិសេសប្រចាំកម្ពុជា។ ដោយឡែកពាក់ព័ន្ធទៅនឹងតម្លៃ ដែលត្រូវបានដាក់លក់នៅលើទីផ្សារ និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អតិថិជនដែលភាគច្រើន ជាជនជាតិខ្មែរនោះគឺត្រឹម ១៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េតែប៉ុណ្ណោះ ហើយតម្លៃនេះនឹងបន្តឡើងថ្លៃបន្ថែមទៀត ដែលកាន់តែជាឱកាសចំណេញយ៉ាងច្រើន សម្រាប់អតិថិជននៅពេលបច្ចុប្បន្ន។ នៅក្នុងរយៈពេលជាង២សប្ដាហ៍ ពួកយើងលក់បានរហូតដល់ទៅជាង ៨០យូនីតទៅហើយ” ។
អគារខុនដូដ៏ទំនើប AGILE SKY RESIDENCE មានកម្ពស់ ៤៤ជាន់ ស្មើនឹង ៩៦៣យូនីត ដោយត្រូវចំណាយរយៈពេលសាងសង់ចំនួន៣ឆ្នាំ និងមានបំពាក់ទៅដោយសម្ភារបរិក្ខារទំនើបៗ និងទីកម្សាន្តនានាជាច្រើន ដើម្បីផ្តល់ជូននូវផាសុកភាពដល់ការរស់នៅបែបទាន់សម័យ រួមជាដូចជា សួនច្បារ Sky Garden ចំនួន៤ មានកន្លែងហាត់ប្រាណ មានហាងកាហ្វេ មានមណ្ឌលកម្សាន្តសម្រាប់កុមារ បណ្ណាល័យ រួមជាមួយនឹងផ្សារទំនើបផងដែរ៕