អាមេរិកនឹងជួយកម្ពុជាផ្តល់ហិរញ្ញប្បទានដល់វិស័យឯកជន និងSME ជាមួយអត្រាការប្រាក់ទាប

ដោយ ជេននី

ភ្នំេពញ៖ សាជីវកម្មហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍអន្តរជាតិសហរដ្ឋអាមេរិក (DFC) នឹងផ្តល់ហិរញ្ញប្បទានដែលមានអត្រាការប្រាក់ទាបដល់វិស័យឯកជននៅកម្ពុជា ជាពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម។

លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា មានអនុសាសន៍ថ្លែងក្នុងជំនួប ជាមួយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅថ្មីៗ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការសម្រេចចិត្តផ្តល់ហិរញ្ញប្បទានជាមួយអត្រាការប្រាក់ទាបនេះ ក្នុងគោលបំណងសម្រាលដល់ការលំបាករបស់កម្ពុជា ខណៈពិភពលោកកំពុងប្រឈមនឹងវិបត្តិនៃជំងឺរាតត្បាត Covid-19 ព្រមទាំងជាការចូលរួមចំណែកស្តារសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន។

កន្លងមករដ្ឋាភិបាលអាមេរិកធ្លាប់បានផ្តល់ហិរញ្ញប្បទានឥតសំណងក្នុងការជួយដល់ការអភិវឌ្ឍនៅកម្ពុជា ជាពិសេស ក្នុងវិស័យសុខាភិបាល, អប់រំ, កសិកម្ម, បរិស្ថាន និងអភិបាលកិច្ច ។ ជាក់ស្តែង សហរដ្ឋអាមេរិកបានប្រកាសផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៧,៥ លានដុល្លារអាមេរិក សម្រាប់ស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ ដោយសារជំងឺ និងសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២០។

កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ កម្ពុជា និងសហរដ្ឋអាមេរិក បានដំណើរការ ទៅដោយរលូន និងប្រកបដោយវឌ្ឍនភាពគួរឲ្យកត់សម្គាល់ ។ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងអនុវត្តកញ្ចប់វិធានការកែទម្រង់មុតស្រួចសំដៅកែលម្អបរិស្ថានវិនិយោគ និងជំរុញកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីទាក់ទាញអ្នកវិនិយោគឲ្យមកដាក់ទុនវិនិយោគបន្ថែមទៀតក្នុងវិស័យដែលមានសក្តានុពលនៅកម្ពុជា។

លោកឯកអគ្គរដ្ឋទូត Patrick Murphy បានលើកឡើងបន្ថែមថា ដោយសារបរិស្ថានវិនិយោគនៅកម្ពុជាមានភាពទាក់ទាញ វិនិយោគិនអាមេរិកជាច្រើនមានចំណាប់អារម្មណ៍ចង់ដាក់ទុនវិនិយោគនៅកម្ពុជា។ ដូចនេះលោកបានលើកទឹកចិត្តឲ្យអ្នកវិនិយោគអាមេរិកជាច្រើនទៀតមកវិនិយោគនៅកម្ពុជា ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែរីកលូតលាស់ ពិសេសបង្កើនជីវភាពរបស់ប្រជាជនកម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here