ដោយៈ គង់ សូរិយា
ភ្នំពេញៈ ការឈានឡើងរបស់មនុស្សម្នាក់ៗ មានភាពខុសគ្នា អាស្រ័យលើពេលវេលា កាលៈទេសៈ ចំណេះដឹងជាមូលដ្ឋាន និងបទពិសោធន៍ក្នុងជីវិត។
ចាប់កំណើតនៅលើកោះ ស្ថិតនៅភូមិវត្ត ឃុំកោះច្រែង ស្រុកក្រចេះ ខេត្តក្រចេះ កុមារអ៉ឺ ពិសិដ្ឋបានធំធាត់ និងដឹងក្តី ក្នុងទឹកដីខេត្តក្រចេះ ដែលជាទឹកដីសម្បូរដោយធនធានធម្មជាតិ។
លោកជាកូនពៅ ក្នុងចំណោមបងប្អូន៧នាក់ ដែលមានស្រី២នាក់ ប្រុស៥នាក់ ក្នុងគ្រួសារជាអ្នកចំការ។
ជីវិតនិងការសិក្សា
ចម្រើនវ័យវឌ្ឍនាការ លោកអ៉ី ពិសិដ្ឋបានចាប់ផ្តើមសិក្សា នៅសាលាបឋមសិក្សាភូមិព្រែក មុនពេលផ្លោះមកសិក្សានៅអនុវិទ្យាល័យកោះច្រែង និងវិទ្យាល័យសិលាទេវីគាត ឈន់ ស្ថិតក្នុងស្រុកឆ្លូង ខេត្តក្រចេះ។
បន្ទាប់ពីបញ្ចប់ការសិក្សា ក្នុងនាមជាសិស្សពូកែនៅកម្រិតវិទ្យាល័យ លោកទទួលបានអាហារូបករណ៍ពីរ ក្នុងពេលតែមួយ គឺអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រភាសាអង់គ្លេស និងបរិញ្ញាបត្រទីផ្សារនៅសាកលវិទ្យាល័យអាស៊ី អឺរ៉ុប។
ជាមួយនឹងនិស្ស័យស្រលាញ់ការសិក្សា និងជាប់ឈ្មោះជាសិស្សពូកែ នៅកម្រិតបឋមសិក្សា ដល់មហាវិទ្យាល័យ លោកអ៉ី ពិសិដ្ឋក៏បានទទួលអាហារូបករណ៍ទៅសិក្សា ជំនាញគ្រប់គ្រងឧស្សាហកម្ម នៅប្រទេសហ្វីលីពីន រយៈពេល២ឆ្នាំ មុនពេលលោកត្រលប់មករាជធានីភ្នំពេញវិញ និងបានចាប់ផ្តើមប្រឡូក្នុងអាជីពការងារ។
មូលដ្ឋានគ្រឹះនៃការសិក្សានេះហើយ បានធ្វើឲ្យគុណភាពជីវិតរបស់លោកកាន់តែមានភាពប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ និងរហូតដល់ក្លាយជាសហគ្រិនវិនិយោគអចលនទ្រព្យជោគជ័យមួយរូប។
ជីវិត និងការងារ
ផ្តើមចេញពីចំណេះដឹងជាមូលដ្ឋាន ភាពឆ្លាតវៃ និងបទពិសោធន៍៍ លោកអ៉ី ពិសិដ្ឋ បានត្រលប់ពីការសិក្សានៅក្រៅប្រទេស មកប្រឡូកការងារជាលើកដំបូងក្នុងជីវិត ដោយលោកបានបំពេញការងារ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុPrime MF បន្ទាប់មកលោកបានប្តូរការងារ មកធ្វើការនៅធនាគារហ្វីលីព និងចាប់ផ្តើមនូវមុខជំនួញខ្លួនឯងជាលើកដំបូង ដោយលោកបានបើកដំណើរការនូវគ្រឹះស្ថាន “មាតាប្រតិបត្តិករឥណទាន”។
ជាអ្នកនិយមការសិក្សារៀនសូត្រ និងអភិវឌ្ឍន៍ខ្លួនជាប្រចាំ លោកអ៉ី ពិសិដ្ឋ បានបន្តឈានឡើងមួយកម្រិតទៀត ដោយលោកបានចាប់ផ្តើមប្រឡូកក្នុងវិស័យអចលនទ្រព្យ ដោយដើរតួនាទីជាភ្នាក់ងារលក់ ហើយក្រោយមកលោកបានកាត់ស្តុកអចលនទ្រព្យ ពីក្រុមហ៊ុនផ្សេងៗយកមកលក់ខ្លួនឯង ដោយទទួលបានជោគជ័យលើសការរំពឹងទុក។៉
ពីភ្នាក់ងារក្លាយជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ
ជាមួយនឹងបទពិសោធន៍ និងសម្លឹងមើលឃើញឱកាសកាន់តែធំជាងមុន លោកអ៉ី ពិសិដ្ឋមិនបានរង់ចាំឱកាសទៀតទេ ដោយលោកបានចាប់ បង្កើតឱកាសដោយខ្លួនឯង ដើម្បីឈរជើងកាន់តែរ៉ឹងមាំក្នុងវិស័យនេះ។
លោកអ៉ី ពិសិដ្ឋបានចាប់ផ្តើមវិនិយោគគំរោងលំនៅដ្ឋានឈ្មោះ “បុរី TV Stars” ស្ថិតនៅក្នុងខ័ណ្ឌដង្កោ វិនិយោគដីឡូត៍ វិនិយោគបុរីរតនៈ បុរីឡូង នី និងក្លាយជាអ្នកតំណាងចែកចាយធំផលិតផល របស់ក្រុមហ៊ុនសម្រស់ធម្មជាតិប្រចាំពោធិចិនតុង។
បច្ចុប្បន្នលោកអ៉ី ពិសិដ្ឋបាននិងកំពុងវិនិយោគបុរីថ្មីមួយទៀត គឺ “បុរី បុស្បា” ជាមួយតួនាទីជាក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រធានគណៈកម្មការទីផ្សាររបស់បុរីដ៏ស្រស់ស្អាត និងទាក់ទាញមួយនេះ។
តួនាទី និងកិត្តិនាម និងការចូលរួមសកម្មភាពសង្គម ដោយសារចំណេះដឹង ជំនាញ បទពិសោធន៍ ពិសេសភាពជាអ្នកដឹកនាំរបស់លោក បានធ្វើឲ្យលោកអ៉ី ពិសិដ្ឋត្រូវបានតែងតាំងជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា ជាសមាជិកសភាពាណិជ្ជកម្ម និងទើបត្រូវបានសម្ដេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា បួរ គ្រី ដែលបានសព្វព្រះរាជហឫទ័យព្រះប្រទាននូវគោរមងារ មានសក្ត័ជា ទីប្រឹក្សាផ្ទាល់បញ្ញាតិគោរម្យ៍ងារ (ធម្មវិសេសទេវរក្សាមហាឧបាសកពុទ្ធសាសនូបត្ថមក៍) នៅថ្ងៃទី30 ខែឧសភា ឆ្នាំ2022ននេះ។
ជាមួយគ្នានេះ លោកអ៉ី ពិសិដ្ឋក៏ជាសាសនូវបត្ថម្ភមួយរូប ដែលតែងតែគិតគូជួយលើកិច្ចការពុទ្ឋចក្រ និងអាណាចក្រផងដែរ ដោយលោកបានកសាងផ្លូវបេតុងមួយខ្សែប្រវែង១០០០ម៉ែត្រ នៅស្រុកកំណើត និងបានចូលរួមលើកិច្ចការជាច្រើនទៀត លើការជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តពោធិសាត់ ដែលរួមមានការឧបត្ថម្ភអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវជាដើម ពិសេសលោកបានចូលរួមកសាងខ្លោងទ្វារវត្តមួយផងដែរ។
ក្រៅពីសកម្មភាពទាំងអស់នេះ លោកក៏បានផ្តល់នូវចំណេះដឹងតាមរយៈការចូលររួមជាវាគ្មិន ក្នុងវគ្គបណ្តុះបណ្តាលនានា ដល់សិស្ស និស្សិត និងអ្នកចង់ក្លាយជាសហគ្រិនជាដើម។
អនុសាសន៍
ភ្ជាប់ជាមួយនូវបទពិសោធន៍ជោគជ័យលើការសិក្សា ការងារ និងកិច្ចការជំនួញ លោកអ៉ី ពិសិដ្ឋបានលើកឡើងថា យើងត្រូវស្គាល់ខ្លួនឯង មានជំនាញអ្វី អ្វីដែលខ្វះខាត យើងត្រូវចេះបំពេញបន្ថែម ពិសេសមុនសម្រេចចិត្តធ្វើអ្វីមួយត្រូវតែមានភាពច្បាស់លាស់ ហ៊ានសម្រេចចិត្តដោយមានការទទួលខុសត្រូវខ្ពស់ ពិសេសត្រូវមានទំនាក់ទំនងល្អក្នុងសង្គម ជាមួយមហាជនទូទៅ ជាមួយសហគ្រិនក្នុងវិស័យអប់រំ ដែលផ្តោតលើការសិក្សារៀនសូត្រជាប់ជាប្រចាំ ពិសេសលើការងារអចលនទ្រព្យ និងមានទំនាក់ទំនងក្នុងកម្រិតជាតិ និងអន្តរជាតិឲ្យបានល្អតាមដែលអាចធ្វើទៅបាន។
លោកអ៉ី ពិសិដ្ឋបានសម្រេចចិត្តរៀបការនៅឆ្នាំ២០១៥ ជាមួយអ្នកស្រីសារុំ ពុទ្ឋិកា ដោយមានកូនស្រីគួរឲ្យស្រលាញ់ពីរនាក់។ បច្ចុប្បន្នអ្នកស្រី សារុំ ពុទ្ឋិកាជាអគ្គនាយិកាក្រុមហ៊ុនតំណាងចែកចាយ ផលិតផលសម្រស់ធម្មជាតិធំជាងគេ នៅតំបន់ពោធិ៍ចិនតុង៕