មុន​ចាប់​ផ្តើមធ្វើ​សហគ្រិន​អ្នក​ត្រូវ​រៀនសូត្រ​ពីអ្វី​ខ្លះ​ដើម្បី​សម្រេចបាន​ជោគជ័យ

ដោយ​គង់ ម៉ា​លីន​ណា

ភ្នំពេញៈ មនុស្ស​ជាច្រើន​ប្រាថ្នា​ពាក់​អាវធំ មាន​ក្រុមហ៊ុន​ធំ និង​ជោគជ័យ​ប៉ុន្តែ​ភាពជា​សហគ្រិន​មិនមែនជា​រឿង​សាមញ្ញ​នោះទេ ការពិត​ពួកគេ​ត្រូវ​ប្រឈម​បញ្ហា​ជាច្រើន និង​សំពាធ​ជាច្រើន​ផងដែរ។

ហេតុនេះ​ដើម្បី​ក្លាយជា​សហគ្រិន​ជោគជ័យ តើ​អ្នក​ចង់​ចាប់ផ្តើម​ជា​សហគ្រិនភាព​ត្រូវ​គិត​និង​រៀន​ពីអ្វី​ខ្លះ? ហេតុនេះ Cambodiafinancialtimes.com សូម​លើកយក​ចំនេះដឹងខ្លះៗ យកមក​ធ្វើជា​មូលដ្ឋាន​សំរាប់​ពិចារណា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បង្កើត​គម្រោង​អាជីវកម្ម

ជាទូទៅ​ដើម្បី​ឲ្យ​អាជីវកម្ម​មួយ អាច​ដើរ​ទៅមុខ​ដោយ​ភាព​រ៉ឹង​មាំ និង​ជោគជ័យ​រយៈពេល​យូរអង្វែង ចាំបាច់​ត្រូវតែ​គម្រោង​អាជីវកម្ម​មួយ ដែលមាន​ភាពច្បាស់លាស់ និង​ចក្ខុវិស័យ​ត្រឹមត្រូវ ទោះបីជា​អាជីវកម្ម​នោះ​ចាប់ផ្តើម​ពី​តូច​ឬ​ធំ​ក៏ដោយ។

សេចក្តីស្រលាញ់​និង​មាន​ឆន្ទៈ

សហគ្រិន​ខ្លះ ធ្វើ​អាជីវកម្ម​មិនមែន​ព្រោះតែ​ខ្លួន​ចូលចិត្ត ឬ​ស្រលាញ់​នូវ​មុខរបរ​នោះទេ ប៉ុន្តែ​គេ​គ្រាន់តែ​សំលឹង​ឃើញតែ​ប្រាក់ចំណេញ​រយៈពេល​ខ្លី​តែប៉ុណ្ណោះ។ ការដែល​គ្មាន​ឆន្ទៈ និង​សេចក្តី​ពេញចិត្ត ក្នុង​កិច្ចការ​នោះ​ពិតប្រាកដ​នេះហើយ ទើប​ធ្វើ​ឲ្យ​សហគ្រិន​បរាជ័យ​ភាគច្រើន ដោយសារ​គ្មាន​កម្លាំង​ជម្រុញ​ណាមួយ ដែល​នាំ​គេ​ឆ្ពោះទៅរក​ភាពជោគជ័យ។

ចក្ខុវិស័យ​និង​ជំនាញ 

ការធ្វើ​អាជីវកម្ម ដោយ​គ្មាន​ជំនាញ​ច្បាស់លាស់ ទៅលើ​ប្រភេទ​អាជីវកម្ម ដែល​ខ្លួន​ធ្វើ​នោះទេ ដូចជា យល់ដឹង​ជា​លក្ខណៈ​បច្ចេកទេស ការគ្រប់គ្រង ឬ​ភាពជា​អ្នកដឹកនាំ​ជាដើម ជា​បញ្ហា​ដ៏​ចម្បង​ធ្វើ​ឲ្យ​សហគ្រិន​ថ្មីថ្មោង មិនអាច​គិត​បាន​ស៊ីជម្រៅ ទៅលើ​ដំណើរការ​អាជីវកម្ម​ដែល​គេ​កំពុងតែ​ធ្វើ ហើយក៏​ដូចជា​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​អាជីវកម្ម ដែល​គេ​កំពុង​នឹង​ជួបប្រទះ​នាពេល​បច្ចុប្បន្ន​និង​ពេលអនាគត​ផងដែរ។

មាន​ជំនាញ​ទំនាក់ទំនង​និង​ជំនាញ​លក់

អាជីវកម្ម​ដែល​អាច​ទទួលជោគជ័យ​ទៅបាន ត្រូវការ​យល់ដឹង​ឲ្យ​បាន​ត្រឹមត្រូវ​ពីអ្វី​ទៅជា​អតិថិជន​គោលដៅ និង​មិន​គោលដៅ​នៃ​ផលិតផល ឬ​សេវាកម្ម​របស់ខ្លួន។ ដោយសារតែ​ការមិនអាច​កំណត់​បានច្បាស់លាស់​នេះហើយ ដែលជា​ហេតុផល​នៃ​ការបរាជ័យ​មួយ ព្រោះ​មិនមាន​ជំនាញ​ទំនាក់ទំនង ដែលមាន​ប្រសិទ្ធភាព ក្នុងការ​រក្សា​អតិថិជន​របស់ខ្លួន មិនដឹង​ពី​ចំណុចខ្លាំង​ខ្សោយ​របស់​ខ្លួនឯង​និង​គូប្រជែង។

ភាព​តស៊ូ​និង​ការអត់ធ្មត់

សហគ្រិន​មួយចំនួន​ឆាប់​រាថយ ខ្វះ​ការតស៊ូ​ណាស់ គ្រាន់តែ​ពួកគេ​ជួប​ការលំបាក​និង​បញ្ហា​បន្តិចបន្តួច ក៏​បោះបង់​ពាក់​កណ្តាលផ្លូវ​បាត់ទៅហើយ។ ពួកគេ​គ្មាន​ភាព​អត់ធ្មត់​គ្រប់គ្រាន់​ក្នុងការ​អនុវត្ត​នូវ​សកម្មភាព​គោលដៅ មួយចំណែក​អាចមកពី​ពួកគេ​មិនដឹង​ពី​ដំណើរការ​នៃ​មុខរបរ ជាហេតុ​នាំ​ឲ្យ​អាជីវកម្ម​នោះ​មិនអាច​ទទួលបាន​ជោគជ័យ​នោះឡើយ។

ភាពជា​អ្នកដឹកនាំ

ការដែល​ម្ចាស់​អាជីវកម្ម​មិនបាន​ចែក​ឲ្យ​ច្បាស់​ថា តើ​មនុ​ស្សណា​ពូកែ​ប្រើប្រាស់​ខួរក្បាល ឬ​ប្រើ​កម្លាំង។ ប្រភេទ​មនុស្ស​ដែល​ឈ្លាសវៃ​ក្នុង​ការគិត ជា​ប្រភេទ​មនុស្ស​ដែលមាន​ការគិត​បែប​ស៊ីជម្រៅ គឺ​ពួកគេ​នេះហើយ ដែល​អាចជួយ​ក្នុង​ការបង្កើត​យុទ្ធសាស្ត្រ ការផ្លាស់ប្តូរ​ឬ​ការបង្កើត​ថ្មី​ជាដើម។

ការគ្រប់គ្រង​ហិរញ្ញវត្ថុ​និង​លំហូរ​សាច់ប្រាក់

អាជីវកម្ម​ដែល​ដួលរលំ​ភាគច្រើន ដោយសារតែ​ការខ្វះ​ចំណេះដឹង​ចាត់ចែង និង​ប្រើប្រាស់​ហិរញ្ញវត្ថុ​នេះឯង។

ឧទាហរណ៍ ពួកគេ​មិនអាច​គ្រប់គ្រង​ហ្មត់ចត់ រវាង​លុយ​ដែល​ដាក់​ដើមទុន​ផ្ទាល់​ក្នុងការ​រកស៊ី និង​លុយ​ដែល​ខ្ចី​គេ​មករក​ស៊ី​ជាដើម។ មួយវិញទៀត ទុនបម្រុង​ដែល​ត្រូវ​ប្រើ​ឲ្យ​បាន​រយៈពេល៦ខែ គេ​បែរជា​ចាយ​ពេល​តែ២ ទៅ៣ខែ​ក៏​អស់​ទុនបម្រុង​បាត់ទៅហើយ។

ជាងនេះទៅទៀត អ្នកធ្វើអាជីវកម្ម​ជំពូក​នេះ មិនមាន​ផែនការ​ហិរញ្ញវត្ថុ​ច្បាស់លាស់ ហើយក៏​មិនមាន​ទំនួល​ខុសត្រូវ ទៅលើ​លុយ​ដែល​ខ្ចី​គេ​យកមក​រកស៊ី​នោះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here