អ្នកអភិវឌ្ឍន៍ដីធ្លីនិងផ្ទះ បង្ហាញទស្សនចំពោះស្ថានភាពវិនិយោគនៅតំបន់ផ្លូវ៥១

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ តំបន់តាមបណ្ដោយផ្លូវ៥១ ចាត់ទុកជាតំបន់ក្រវ៉ាត់ក្រុងថ្មីមួយ និងមានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកអភិវឌ្ឍន៍អចលនទ្រព្យដូចជាលំនៅឋាននិងដីឡូត៏ជាដើម។


កាលពីប៉ុន្មានឆ្នាំមុននេះ និងមុនវិបត្តិកូវីដ១៩ តំបន់នេះ ទទួលបានការគាំទ្រពីពលរដ្ឋក្នុងការទិញ និងវិនិយោគដីធ្លី ក៏ដូចជា លំនៅឋានច្រើន តែមកដល់បច្ចុប្បន្ននេះ មានអ្នកអភិវឌ្ឍន៍មួយចំនួនថា ល្អមួយចំនួនទៀតថាទីផ្សារចង្អៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកអ៊ឹង ប៊ុនហួត ប្រធានទីផ្សារនៃក្រុមហ៊ុនអចលនទ្រព្យ PIXIU នៅក្នុងតំបន់ផ្លូវ៥១ បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២៧ ឧសភាថា សកម្មភាពនៃទិញ លក់អចលនទ្រព្យ ដូចជា ដីធ្លី និងផ្ទះ នៅក្នុងតំបន់នេះមានការថមថយបន្តិច ដោយសារតែប្រជាពលរដ្ឋមួយចំនួន ដែលរកចំណូលបានហើយ តែមិនទាន់បញ្ចេញលុយសម្រាប់វិនិយោគ ក៏ដូចជាទិញអចលនទ្រព្យនៅតំបន់នោះ ក្រោយពីវិបត្តិកូវីដ១៩ ។

លោកបន្តថា “ម្ចាស់គម្រោងដែលមានស្រាប់ នៅក្នុងតំបន់នេះនៅតែបន្តសកម្មភាពអភិវឌ្ឍន៍របស់ខ្លួដដែល ទោះបីជាមិនសូវមានអតិថិជនទិញច្រើនក្ដី”។ លោកបន្តថា “ជាក់ស្ដែងមិនថា គម្រោងរបស់លោកឬគម្រោងអ្នកផ្សេងទេ ពោលនៅតែបន្តសកម្មភាពដដែល តែរាងស្ងាត់បន្តិចហើយ”។

សម្រាប់ដីធំៗ ឃើញថានៅតែមានការចាប់អារម្មណ៍ និងមានការទិញលក់ជាហូរហែរដដែល ពីព្រោះអ្នកទិញអាចទិញ សម្រាប់ទុកពេលអនាគទើបអភិវឌ្ឍន៍ ។

ចំណែកលោកផូន សុអុនដែន ប្រធានផ្នែកលក់នៃក្រុមហ៊ុន KH Land និងមានគម្រោងអភិវឌ្ឍន៍នៅតំបន់នោះ ក៏បានឱ្យដឹងថា ការអភិវឌ្ឍនៅតំប​ន់៥១ បានរីករាលដាលកាន់តែខ្លាំងជាបន្តបន្ទាប់ ហើយអ្នកអភិវឌ្ឍន៍មិនថាតែក្រុមហ៊ុនរបស់លោក ឬក្រុមហ៊ុនផ្សេងទៀត បាននិងកំពុងពង្រីកខ្លួនជាបន្តបន្ទាប់កាន់តែធំឡើង ទោះបីជាពេលនេះ ស្ថានភាពទីផ្សារហាក់ថមថយបន្តិចក្ដី ។

លោកបន្តថា “ការពង្រីកជាបន្តបន្ទាប់នេះ ដោយរំពឹងថានឹងទទួលបានកំណើនឡើងវិញ នៅរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត ស្របពេលតម្រូវការលំនៅឋាននិងដីធ្លីកាន់តែកើនឡើង ហើយការអភិវឌ្ឍទីក្រុងក៏កាន់តែរីកទៅកាន់តំបន់ជាយៗផងដែរ”។

អ្នកជំនាញអចលនវត្ថុកម្ពុជាមួយរូបលោកវ៉ា វីរៈ បានមើលឃើញថា អនាគតការអភិវឌ្ឍ និងរីកទៅកាន់ទិសខាងលិច ដូច្នេះតំបន់នៅខាងកំពង់ស្ពឺផ្នែកខ្លះ នៃកណ្ដាល និងមានតម្រូវការខ្ពស់ទៅលើដីធ្លី សម្រាប់អភិវឌ្ឍន៍ជាទីតាំងឧស្សាហកម្ម លំនៅឋាន ។

លោកបន្តថា “នៅពេលខាងមុខឆាប់ៗនេះដែរ អ្នកវិនិយោគបរទេសនឹងចូលមកកម្ពុជាឡើងវិញ ពីព្រោះថាកម្ពុជាជាប្រទេស ដែលមានភាពទាក់ទាញ និងតម្លៃដីធ្លីនៅមានកម្រិត បើធៀបនឹងប្រទេសជិតខាង”។លោក​បន្តថា “ដូច្នេះហើយវិនិយោគិនបរទេស នឹងមកបណ្ដាក់ទុនបន្ថែមទៀត ដែលធ្វើឱ្យរំហូរទុនផ្ទាល់ពីបរទេស នឹងមានកំណើនកាន់តែច្រើននាពេលអនា​គត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here