ឯកអគ្គរដ្ឋទូតរុស្សីថ្មី៖ រុស្ស៊ី នឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងវិស័យផ្សេងៗទៀតជាមួយកម្ពុជា

ដោយ ៖ ម៉ាណេត

ភ្នំពេញ ៖ រដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី នឹងពង្រឹងកិច្ចទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាដៃគូជាមួយកម្ពុជាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាអភិវឌ្ឍន៍វិស័យធនធានមនុស្ស ពង្រីកសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែល្អប្រសើរ។

នៅក្នុងឱកាសចូលជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ANATOLY BOROVIK ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្សីប្រចាំកម្ពុជា ដែលទើបឡើងកាន់តំណែងថ្មីបានអះអាងថា តាមរយៈកិច្ចទំនាក់ទំនងដែលមានស្រាប់ជាមួយកម្ពុជា រដ្ឋាភិបាលនៃប្រទេសរុស្ស៊ី នឹងព្យាយាមពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានមានប្រសាសន៍ថា “ទំនាក់ទំនងការទូតមានរយៈពេល៦៤ឆ្នាំមកហើយ ហើយឆ្នាំក្រោយនេះគឺជាខួប៤៥ ផងដែនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងរុស្ស៊ី។ ឯកឧត្តមបានជម្រាបជូនសម្តេចតេជោថា ឯកឧត្តម នឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាធ្វើសកម្មភាពអោយបានច្រើនដើម្បីចូលរួមអបអរសាទរទំនាក់ទំនងការទូតរវាងកម្ពុជា និងរុស្ស៊ី”។

លោកបានអះអាងថា “រដ្ឋាភិបាលរុស្ស៊ី នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពធ្វើយ៉ាងណា នឹងពង្រឹងចំណងមិត្តភាពដែលមានស្រាប់នេះ និងបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការដែលមានស្រាប់នេះ ឱ្យមានការរីកចម្រើនកាន់តែខ្លាំងឡើងបន្ថែមទៀត ជាពិសេសលើវិស័យការអភិវឌ្ឍន៍ធនធានមនុស្ស សេដ្ឋកិច្ចពាណិជ្ជកម្ម វប្បធម៌ វិស័យការទូត ក៏ដូចជាវិស័យដទៃទៀតផងដែរ”។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ លោក ANATOLY BOROVIK ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្សីប្រចាំកម្ពុជា នាពេលនេះ។

សម្តេចតេជោក៏បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ជូនចំពោះសម្តេចផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានយល់ស្របជាមួយនឹងអ្វីដែលលោក ANATOLY BOROVIK បានមានប្រសាសន៍លើកឡើងអំពីទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី និងបានថ្លែងអំណរគុណរដ្ឋាភិបាលរុស្ស៊ី ក៏ដូចជាប្រជាជនរុស្សីដែលបានជួយដល់ប្រទេសកម្ពុជាកន្លងមកជាពិសេសនៅក្នុងទសវត្សរ៍នៅក្នុងទសវត្សរ៍ទី ៨០ដែលកម្ពុជានាពេលនោះ កំពុងតែជួបវិបត្តិច្រើនបន្ទាប់ពីរំដោះពីរបបប្រល័យពូជសាសន៍ប៉ុល ពត មក។

សម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍បន្តទៀតថា ជំនួយរបស់រុស្ស៊ីមកកម្ពុជា គឺជាមូលដ្ឋានគ្រឹះសម្រាប់ការស្វែងរកសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសការផ្តល់ជំនួយលើវិស័យអប់រំ ដែលបាននាំមកនូវធនធានមនុស្សល្អៗសម្រាប់បម្រើការងារនៅក្នុងប្រទេសកម្ពុជា ដើម្បីជួយជំរុញឲ្យកម្ពុជារហូតមកដល់ពេលនេះ។ លើសពីនេះទៅទៀតសម្តេចតេជោក៏បានសំដែងនូវការអបអរសាទរចំពោះរុស្ស៊ីផងដែរដែលបានរកឃើញវ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 ។ សម្ដេចបានមានប្រសាសន៍ថា ការរកឃើញវ៉ាក់សាំងប្រឆាំងនឹងជម្ងឺ Covid 19 នេះ អាចជួយដល់ពិភពលោកយើងក្នុងការប្រយុទ្ធប្រឆាំងជំងឺដែលកំពុងធ្វើអោយសេដ្ឋកិច្ចពិភពលោក ក៏ដូចជាទំនាក់ទំនងពិភពលោកមានការយឺតយ៉ាវកន្លងមកនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here