ដោយ៖ សហការី
ភ្នំពេញ៖ ការចាយវាយរបស់យើងម្នាក់ៗក្នុងជីវិតប្រចាំថ្ងៃពិតជាសំខាន់ណាស់ ដែលយើងគួរតែមានរូបមន្តឬ ផែនការគ្រប់គ្រងលំហូរសាច់ប្រាក់របស់យើង។ ការជ្រើសរើសរូបមន្តទៀតសោត គួរតែជ្រើសរើសរូបមន្តណាដែលសមបំផុតនឹងស្ថានភាពហិរញ្ញវត្ដុបច្ចុប្បន្នរបស់អ្នក។
រូបមន្តគ្រប់គ្រងលុយកាក់អាចមានច្រើនប្រភេទ យើងនឹងលើកយក៤រូបមន្តក្នុងការគ្រប់គ្រងប្រាក់របស់អ្នក។
រូបមន្តទី១៖ រូបមន្ត70/20/10
ក្នុងវិធីសាស្ត្រមួយនេះយើងត្រូវដកចំណូលប្រចាំខែចំនួន70%សម្រាប់ចំណាយលើការប្រើប្រាស់ប្រចាំខែ (ទាំងតម្រូវការ និងសេចក្ដីត្រូវការ) ហើយ20%ទៀតយើងត្រូវដកសម្រាប់បំណុល និង10%ទៀតសម្រាប់ការសន្សំ។
រូបមន្តទី២៖ រូបមន្ត80/20
ផែនការចំណាយនេះ ធ្វើឡើងដោយបែងចែកការចំណាយប្រចាំខែរបស់យើងទៅជាពីរផ្នែកប៉ុណ្ណោះ។ មួយផ្នែកដែលស្មើនឹង80%នៃចំណូលសរុបត្រូវរៀបចំសម្រាប់ ការចំណាយទូទៅប្រចាំខែ (ទាំងតម្រូវការចាំបាច់ សេចក្ដីត្រូវការ និងសងបំណុល) ហើយទឹកប្រាក់ចំនួន20%ដែលនៅសល់គឺត្រូវទុកសម្រាប់ការសន្សំក្នុងគោលបំណងរយៈពេលវែង និងខ្លីរបស់យើង។
រូបមន្តទី៣៖ រូបមន្ត50/15/5
50/15/5 គឺជាវិធីសាស្ត្រដែលបែងចែកចំណូលរបស់អ្នកចំនួន50%សម្រាប់ប្រើប្រាស់ទៅលើតម្រូវការចាំបាច់ ចំណង់ និងដោះស្រាយបំណុល ហើយចំណូល15%សម្រាប់សន្សំទុកដើម្បីប្រើប្រាស់ពេលចូលនិវត្ដន៍ 5%ទៀតសម្រាប់ចំណាយមិនរំពឹងទុក។ រីឯ30%វាអាស្រ័យលើស្ថានភាពហិរញ្ញវត្ថុជាក់ស្ដែងរបស់អ្នក ដោយអ្នកអាចយកទៅបន្ថែមសម្រាប់សន្សំប្រាក់ចូលនិវត្តន៍ ដោះស្រាយបំណុលជាដើម។
រូបមន្តទី៤៖ វិធីសាស្ត្រ50/30/20
វិធីសាស្ត្រ50/30/20 ជាច្បាប់មួយដែលបែងចែកកញ្ចប់ថវិការបស់យើងជាបីផ្នែកធំៗដូចជា តម្រូវការ ចំណង់ និងការសន្សំ ។ 50សំដៅលើ50%នៃចំណូលរបស់យើងប្រើសម្រាប់ តម្រូវការចាំបាច់មិនអាចខ្វះបាន ដូចជា ថ្លៃជួលផ្ទះ ទឹកភ្លើង និងអាហារជាដើម។ 30% ប្រើសម្រាប់ចំណង់ផ្សេងៗ ដែលមានដូចជា ការដើរលេង ទិញសម្ភារៈប្រើប្រាស់ទំនើបៗ ការកម្សាន្តផ្សេងៗជាដើម។ រី 20%ទៀត យកទុកសម្រាប់សន្សំ ដើម្បីប្រើប្រាស់ក្នុងការធ្វើផែនការអ្វីមួយ ឬសម្រាប់ដោះស្រាយបំណុល។
យើងឃើញថា រូបមន្តនៃការគ្រប់គ្រងលុយកាក់នីមួយៗមានលក្ខណៈខុសៗគ្នាអាស្រ័យទៅលើតម្រូវការជាក់ស្ដែងរបស់អ្នកប្រើប្រាស់។ ប្រសិនបើអ្នកទើបតែរៀនគ្រប់គ្រងលុយកាក់ដំបូងៗ យើងសូមទឹកចិត្តអ្នកឱ្យប្រើប្រាស់រូបមន្ត 80/20 ជាជំហានដំបូងគ្រប់គ្រងការវាយប្រចាំថ្ងៃរបស់អ្នក៕