បង្រៀនកូនរបស់អ្នកនូវចំណុច៦យ៉ាងនេះ ដើម្បីឲ្យពួកគេចេះប្រើប្រាស់លុយមានប្រសិទ្ឋភាព

 ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ ការអប់រំបុត្រ ធីតាឲ្យយល់ដឹង និងចេះប្រើប្រាស់លុយមានប្រសិទ្ឋភាព ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឲ្យពួកគេអាចគ្រប់គ្រងលុយបាន និងធ្វើឲ្យគុណភាពជីវិតពួកគេប្រសើរឡើង។

យើងសូមណែនាំនូវចំណុខសំខាន់ៗចំនួន៦នេះ ដើម្បីជាការបង្កើនចំណេះដឹងដល់លោក អ្នកជាឪពុកម្តាយ ឬអាណាព្យាបាលនានា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១. ​លេង​ហ្គេម​ជាមួយ​កូនៗទាក់​ទង​នឹង​សាច់​ប្រាក់

វិធី​សាស្ត្រ​មួយ ​ក្នុង​ចំណោម​វិធី​សាស្ត្រ​ដ៏ល្អ​បំផុត​ ក្នុងការ​បង្រៀន​មេរៀនមួយ គឺ​ការ​ព្យា​យាម​ធ្វើ​យ៉ាង​ណា​មិន​ឲ្យ​កូន​​​របស់​អ្នក​​ដឹង​ថា ពួក​គេ​កំពុង​តែ​រៀន​សូត្រ​។ ការ​បង្កើត​ការ​លេង​ហ្គេម​​​​នានាជាមួយកូន​ៗ ​ដែល​ទាក់​ទង​នឹង​ចំណេះ​ដឹង​នៃ​ចំណូល និង​ចំណាយ​ប្រាក់​ជា​​ដើម នឹង​ជួយ​ឲ្យ​ពួក​គេ​មាន​ចំណេះ​ដឹងលើ​ការ​​គ្រប់គ្រង​សាច់​ប្រាក់ តាម​រយៈ​ការ​លេង​​ហ្គេម​នេះ​។

ការ​ធ្វើ​បែបនេះ នឹង​ជួយ​ឲ្យ​កូន​ៗ​របស់​អ្នក​ដឹង​ពី​សារ​សំខាន់ ​​នៃ​ការ​កំណត់​គម្រោ​ង​ថវិកា ឬការ​ចាយ​វាយ និង​ធ្វើ​ផែន​ការ​សម្រាប់​អនា​គត ជា​ដើម​។

២. បង្កើត​បញ្ជី​រាយ​ឈ្មោះសម្ភារដែល​ចង់​បាន ជាមួយ​នឹង​កូន​ៗ​របស់អ្នក

ផ្នែកដ៏​សំខាន់​​ការ​បង្ហាត់​បង្រៀន ​ពី​ចំណេះ​ដឹង​ហិរញ្ញ​វត្ថុ គឺការ​បង្កើត​បញ្ជីសម្ភារ ​ដែល​មាន​តម្រូវ​ការ​ចាំ​បាច់ និង​របស់​របរ​ដែល​ចង់​បាន​​។ យើង​មិនអាច​មាន​រាល់​វត្ថុ ​ដែលយើង​ចង់​បានក្នុងពេល​តែ​មួយ​ឡើយ ប៉ុន្តែយើង​​អាច​សម្រេច​គោល​ដៅ​របស់​យើង ប្រសិន​បើ​មានផែន​ការ​ច្បាស់លាស់​ ហើយ នេះ​ក៏​គឺ​ជាមេរៀន​ដ៏ល្អ​បំផុត​ ដែល​កុមារ​អាច​រៀន​សូត្របាន​ផង​ដែរ​។ លោក​ អ្នក​អាចជជែក​លេង​ជាមួយ​កូន​របស់​អ្នក និង​ប្រាប់​ឲ្យ​គេ​សរសេរ​សម្ភារ ឬ​វត្ថុ​ចំនួន​៥​ដែលពួក​គេ​ចង់​បាន​​។

បន្ទាប់​មក ឲ្យ​ពួកគេ​ដាក់​លេខ​រៀង​លើ​វត្ថុ ​ដែលពួក​គេ​ចង់​បាន​បំផុត​ រហូតវត្ថុ​ដែលមិន​សូវ​ចង់​បាន​។ បន្ទាប់មក រៀប​ចំ​ផែនការ​ជាមួយនឹង​កូន​របស់​អ្នក ដើម្បី​ធ្វើ​យ៉ាង​ណា ដើម្បី​ទទួល​វត្ថុ​ដែល​ចង់​បាន​បំផុត​នោះ​ ខណៈ​ដែលការ​ធ្វើ​បែបនេះ នឹង​ជួយ​ឲ្យពួក​គេ​ដឹង​ថា វត្ថុ​ណា​ជា​តម្រូវ​ការ​ចាំ​បាច់ ហើយ​វត្ថុ​ណា​ទៀត​ជា​តម្រូវ​កា​រមិនសូវ​​ចាំ​បាច់​។

៣. បង្រៀន​កូន​របស់​អ្នក ពេល​អ្នក​ដើរ​ទិញ​ឥវ៉ាន់

លោក​អ្នក​គួរ​តែ​យក​កូន​របស់អ្នកទៅតាម ពេល​ទៅ​ទិញ​ឥវ៉ាន់ និង​ពន្យល់​​ពួកគេ​ឲ្យ​បានច្បាស់​ ពី​ដំណើរ​ការ​នៃការ​សម្រេច​ចិត្ត​ទិញ​។ នៅពេល​ដែលអ្នក​ទៅ​ដល់​ហាង ប្រាប់​កូន​របស់​អ្នក​ពី​ចំនួន​សាច់​ប្រាក់ ​ដែល​អ្នក​ត្រូវ​តែ​ចំណាយ និង​សម្ភារ ឬ​វត្ថុ​ណា​ដែល​ចាំ​បាច់​ជាង​គេ​។ ប្រាប់​ពី​ហេតុ​ផល​ដែល​អ្នក​ត្រូវ​តែ​ទិញ​សម្ភារនោះ និង​ពន្យល់​ពី​សំណុច​ផ្សេង​ៗ​ដូច​ជា ការ​បញ្ចុះ​តម្លៃ​ និង​ការ​តថ្លៃ ជាដើម​។

ការ​ធ្វើ​បែបនេះ នឹង​ជួយ​ឲ្យ​កូន​ៗ​របស់​អ្នក​រៀន​សូត្រ ​ពី​ចំណេះ​ដឹង​ជាច្រើន ហើយ​ពួកគេ​នឹង​យក​អ្នក​ជា​គំរូ​។ បន្ទាប់​មក ផ្តល់​ប្រាក់​ឲ្យ​​ពួក​គេ​ប្រហែល​ជា៥០០០ ឬ​​១​ម៉ឺន​រៀល ដើម្បី​ឲ្យ​ពួក​គេ​ចំណាយ​ដោយខ្លួន​។ កូន​ៗ​របស់​អ្នក​នឹង​រីក​រាយ ក្នុងការ​​ទិញ​របស់​របរ​ដែលពួកគេ​ចង់​បាន ហើយ​ក៏​បាន​រៀន​ពី​សារ​សំខាន់នៃការ​ចំណាយ​ផង​ដែរ​។

៣ ទិញកូនជ្រូកសន្សំលុយ

ពិត​ណាស់វិធីនេះអាច​​បុរាណ​បន្តិច ប៉ុន្តែការ​ទិញ​កូន​ជ្រូក​ដីឬ​ប្រអប់​ឲ្យ​កូន​តូច​របស់​អ្នក ដើម្បី​សន្សំ​ប្រាក់ គឺ​ជា​វិធី​ដ៏មាន​ប្រសិទ្ធិ​ភាព​មួយ​ក្នុងការ​បង្រៀន​ឲ្យ​ពួក​គេ​ ចេះ​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញ​វត្ថុ ពិសេស​ការ​ចេះ​សន្សំ​សំ​ចៃ​តែម្ត​ង​​។ ពិតណាស់ ការ​បង្រៀន​កូន​ឲ្យ​ចេះសន្សំ​តាំង​ពីកុមារភាព ពិត​ជា​មាន​សារ​សំខាន់ណាស់​ ព្រោះ​ពួកគេ​អាច​ចេះ​បែង​ចែក​ប្រាក់​ដែល​សន្សំ និងប្រាក់​ ដែល​ត្រូវ​​ចំណាយ​ប្រកបដោយប្រសិទ្ធិ​ភាព ពិសេស​អាច​ទិញ​របស់របរ​ដែលពួកគេ​ ចង់បាន​ដោយមិន​ចាំ​បាច់​ ត្រូវ​ការ​ប្រាក់​ពី​ឪពុកម្តាយ​ក៏ថាបាន ដោយ​សារ​តែ​ប្រាក់​សន្សំ​នោះ​​។

៥. ផ្តល់​កញ្ចប់​ប្រាក់​ឧបត្ថម្ភ​ដល់​កូន

ការ​ផ្តល់​កញ្ចប់​ប្រាក់​ឧបត្ថម្ភ​ដល់​កូន នឹង​ជួយ​ឲ្យ​ពួកគេមាន​បទិសោធ​​ជាលើក​ដំបូង​ក្នុង​ការ​គ្រប់គ្រង​ប្រាក់ ការ​សន្សំ និង​ចំណាយ​។ ពួកគេនឹង​រៀន​ពី​ការ​ចំណាយ និង​សន្សំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ក៏ដូច​ជា​បញ្ហា​ប្រឈម​នឹងការ​ចំណាយ​ដែលខុសខ្ទង់​។ ជា​ទូទៅ ក្មេង​ៗ​មាន​មោទ​ន​ភាព​ណាស់ ប្រសិ​ន​បើ​ពួកគេ​អាច​ទិញ​របស់​របរ ដោយ​ប្រើប្រាស់​លុយ​សន្សំ​របស់ពួក​គេ​​។

លោក​អ្នក​អាច​ផ្តល់​ប្រាក់​ឧបត្ថម្ដដល់ពួក​គេ តាម​រយៈ​ការ​ខិត​ខំព្យា​យាម​​លើ​ការ​សិក្សា​របស់​ពួក​គេ ការ​ចេះ​ជួយ​ធ្វើការ​ងារ​ផ្ទះ ដូច​ជា​សម្អាត​ផ្ទះ ដាំ​ដំណាំ ឬ​ជួយមើល​ប្អូន​ៗ​ជា​ដើម​។

ប៉ុន្តែទោះ​បី​ជា​យ៉ាង​ណា លោក​អ្នក​ត្រូវ​តែ​ពិនិត្យ​មើល ​លើ​ការ​ចំណាយ​របស់​ពួកគេ និង​ត្រូវ​ផ្តល់​ដំបូន្មាន​ជា​ទៀង​ទាត់ ប្រសិន​បើ​មាន​ការចំណាយ​មិន​សមរម្យ​ច្រើន​​។ ជាមួយ​គ្នា​នេះ លោក​អ្នក​ត្រូវ​តែ​ចង​ចាំ​ថា ការ​ចំណាយ​ប្រាក់​ឧបត្ថម្ភ​របស់​អ្នក ​នឹងក្លាយ​ជា​ការ​ចំណាយ​ជា​ទៀង​ទាត់ ​សម្រាប់​ពួកគេ និង​មិន​ប៉ះ​ពាល់​ដល់​​ការ​ចំណាយ​ទូទៅ​របស់​អ្នកឡើយ​​​។

៦. ឲ្យ​កូន​តូច​​របស់​អ្នកចូលរួមក្នុង​ការ​ទិញ​របស់​របរនានា

ប្រសិន​បើ​ត្រូវ​ទិញ​របស់របរ ឬ​សម្ភារ​ចាំ​បាច់មួយ​ចំនួន មុន​នឹង​ចេញ​ដំណើរ​ទៅ​វិស្ស​ម​កាល​កន្លែង​ណា​មួយ លោក​អ្នក​គួរ​តែ​​អនុ​ញ្ញាត​ឲ្យ​កូន​ៗ​របស់​អ្នក ចូលរួម​ក្នុងការ​សម្រេច​ចិត្ត​ទិញ ឬ​ស្រាវជ្រាវ​​​ជាមួយគ្នា​។ អ្នក​​អាច​បង្ហាញពី​កត្តា​ចាំ​បាច់ ​ដែល​នាំ​ឲ្យ​មានការ​សម្រេច​ចិត្ត​ទិញ និង​ឲ្យពួកគេ​ជួយ​ប្រៀប​ធៀប​​ជម្រើស​នានា មុន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ទិញ​។ កូន​​ៗ​របស់​អ្នក នឹងមាន​អារម្មណ៍​រីក​រាយ និង​មានមោទនភាព ក្នុង​ពេល​ដឹង​ថា ពួក​គេ​​បាន​ជួយ​ស្រាវ​ជ្រាវ និងធ្វើ​ការ​សម្រេច​ចិត្ត​សម្រាប់​គ្រួ​សារ​ទាំងមូល​​។

សរុប​មក ការ​បង្រៀន​កូន​ៗ​ឲ្យ​យល់​ដឹង​ ពី​ចំណេះ​ដឹង​ហិរញ្ញ​វត្ថុ អាច​នឹង​ងាយស្រួល​ ជាង​ការ​គិត​របស់​អ្នក​ទៅទៀត ប៉ុន្តែគ្រាន់​តែ​តម្រូវ​ឲ្យ​​មានផែនការ​ច្បាស់លាស់​បន្តិច អត់​ធ្មត់បន្តិច និង​មានភាព​ច្នៃ​ប្រឌិត​បន្តិច​។ នៅពេល​ដែល​កូន​របស់​អ្នកយល់​ច្បាស់​ ពី​មូលដ្ឋានគ្រឹះនៃ​ការ​គ្រប់គ្រង​សាច់​ប្រាក់ អ្នក​អាច​បង្កើន​ការ​ទទួល​ខុសត្រូវរបស់ពួកគេ​​ តាម​រយៈ​ការ​បើក​គណីសន្សំ និង​គណីត្រួតពិនិត្យ​ជា​ដើម​។

ចំណុច​ទាំងនេះ នឹង​ជួយ​ឲ្យ​កូន​របស់​អ្នក​អភិវឌ្ឍ​ឥរិយា​បថ ​ចំពោះ​សាច់​ប្រាក់​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ ពេលពួកគេពេញ​វ័យ​៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here