អ្នកជំនាញ​អះអាងថា ដីធ្លី​នៅ​តំបន់​ជាយក្រុង​នឹង​បន្ត​កើនឡើង​ជាង​តាម​បណ្តា​ខេត្ត

ដោយ​គង់ ម៉ា​លីន

ភ្នំពេញ៖ ក្រុម​អ្នកជំនាញ​បាន​អះអាង​ស្រដៀង​គ្នា​ថា ទីផ្សារ​ដីធ្លី​នៅ​យំ​បន់​ជាយក្រុង​នៅតែមាន​ភាពល្អប្រសើរ និង​មាន​ចរន្ត​ទិញ​លក់​សកម្ម​ជាង​តាម​បណ្តា​ខេត្ត ទោះបី​ក្នុងស្ថានភាព​សេដ្ឋកិច្ច​កំពុងមាន​បញ្ហា​ក្តី។

អគ្គនាយក​ក្រុមហ៊ុន Premium Housing Development លោក​ម៉ាន់ ច័ន្ទ​ឌី​បាន​មានប្រសាសន៍​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី២៣កន្លងមក​ថា តម្លៃ​ដីធ្លី​នៅ​តំបន់​ជាយក្រុង នៅតែ​បន្ត​មាន​ភាពល្អប្រសើរ និង​បន្ត​កើនឡើង ដោយសារ​កត្តា​ជាច្រើន ដូចជា​ការរីកចម្រើន​នៃ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ កំនើន​ប្រជាសាស្ត្រ ការតភ្ជាប់​មកកាន់​ទី​ក្រុងមាន​ចម្ងាយ​ជិត និង​កត្តា​ជាច្រើន​ទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បន្តថា “ទោះបី​កម្ពុជា ក៏ដូចជា​ពិភពលោក​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​សាកល​ក្តី ប៉ុន្តែ​ទីផ្សារ​ដីធ្លី​នៅ​តំបន់​ជាយក្រុង​នៅតែមាន​សកម្មភាព និង​តម្លៃ​កើន​ឡើងជា​បន្តបន្ទាប់” ។

ជាមួយគ្នានេះ​លោកស្រី អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស នៃ​ក្រុមហ៊ុន CBRE Cambodia បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា តម្លៃ​ដី​នៅ​ជាយក្រុង​ជា​ផ្នែក​មួយ ក្នុងចំណោម​ផ្នែកសំខាន់ៗចំនួន៣ នៃ​វិស័យ​អចលនទ្រព្យ ដែល​នឹងមាន​ភាពល្អប្រសើរ​នៅ​ឆ្នាំនេះ។ លោកស្រី​បន្តថា តម្លៃ​ដី​នៅ​ជាយក្រុង​កើនឡើង ដោយសារ​ការអភិវឌ្ឍ​ន៍​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​របស់​រដ្ឋាភិបាល ការពង្រីក​ទីក្រុង និង​អ្នកវិនិយោគ​បាន​ងាក​ទៅ​វិនិយោគ​នៅ​តំបន់​ជាយក្រុង​កាន់តែច្រើន ព្រោះ​ត​ម្ល​ដី​នៅក្នុង​ទីក្រុង​កើនឡើង​ខ្ពស់ ដែល​ធ្វើ​ឲ្យ​ពួកគាត់​មិនអាច​វិនិយោគ​សាងសង់​បុរី ឬ​លំនៅ​ដ្ឋា​នានា​បាន​ចំណេញ។

លោកស្រី​បន្តថា “កំនើន​ប្រជាសាស្ត្រ​នៅ​តំបន់​ជាយក្រុង ការកសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​របស់​រដ្ឋាភិបាល ពិតជា​កត្តា​សំខាន់​ដែល​ធ្វើ​ឲ្យ​តំបន់​ជាយក្រុង​ភ្នំពេញ មានការ​អភិវឌ្ឍ​លឿន និង​ធ្វើ​ឲ្យ​តម្លៃ​ដី​កើនឡើង​ខ្ពស់” ។

ជាមួយគ្នានេះ លោក​កាង សុ​ធី អគ្គនាយក​នៃ​ក្រុមហ៊ុន Century21 Land station Real estate បាន​មាន​ប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា តម្លៃ​ដី​នៅ​តំបន់​ជាយក្រុង​ពិតជា​កើនឡើង ប៉ុន្តែ​តម្លៃ​តំបន់​ខ្លះ​នៅមាន​ភាពសមរម្យ​អាច​ទទួលយកបាន តែ​តំបន់​ខ្លះ​បាន​កើនឡើង​ខ្ពស់​លើស​ការរំពឹងទុក ដែល​មិនអាច​ទិញ​វិនិយោគ​រក​ផលចំណេញ​បានឡើយ។លោក​បន្ត​ដោយ​ចង្អុល​បង្ហាញថា ត​ម្ល​ដី​នៅ​ជាយក្រុង​ភ្នំពេញ នៅ​តំបន់​កំបូល និង​នៅតាម​ណ្តោ​យ​ផ្លូវជាតិ​លេខ៦អា ជា​តំបន់​ដែល​តម្លៃ​ដី​កើន​ខ្ពស់​ជាងគេ។

ជាមួយគ្នានេះ លោក​បណ្ឌិត​គីម ហ៊ាង អតីត​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែងថា តម្លៃ​ដីធ្លី​ដែល​ដាក់លក់​ភាគច្រើន មាន​តម្លៃលើស​ទីផ្សារ​ចន្លោះ​ពី៣០ទៅ៥០ភាគរយ ដែល​វា​មិនមែនជា​តម្លៃពិត​នៅលើ​ទីផ្សារ​នោះទេ ព្រោះ​អ្នកលក់​ចេះតែ​ចង់បាន​តម្លៃ​ខ្ពស់ ខណៈដី​តំបន់​នោះ​មិនទាន់​មានតម្លៃ ដល់​កម្រិត​ពួកគេ​ចង់បាន​នៅឡើយ។

លោក​បន្តថា “តម្លៃ​ដី​ពិត​លើ​ទីផ្សារ មិនមែនជា​តម្លៃ​ដាក់លក់​របស់​អ្នកលក់​ទេ តែ​ជាត​ម្លៃ​ដែល​អ្នកទិញ​អាច​ទិញ​បាន” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here