កម្មវិធីទូរស័ព្ទដៃទន្លេសាប ដាក់ចេញមុខងារបន្ថែម ដើម្បីជួយជំរុញការលក់ផលិតផលកសិកម្មក្នុងស្រុក

ដោយ៖ លក្ខិណា

ភ្នំពេញ៖ កម្មវិធីទូរស័ព្ទដៃ« ទន្លេសាប » ដែលជាកម្មវិធីមួយសម្រាប់ជួយរកទីផ្សារកសិផលកម្ពុជា បានបន្ថែមមុខងារថ្មីៗបន្តបន្ទាប់ ដើម្បីជួយជំរុញការលក់ផលិតផលកសិកម្មក្នុងស្រុក កាន់តែឱ្យមានសន្ទុះបន្ថែមទៀត ស្របពេលវិស័យកសិកម្មកម្ពុជាកំពុងទទួលបាននូវកំណើនគួរឱ្យកត់សម្គាល់ក្នុងដំណាក់កាលកូវីដ ១៩ ឆ្លងរាលដាលលើសាកលលោក ។

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ ដែលជាស្ថាប័នបង្កើតកម្មវិធីទូរស័ព្ទដៃមួយនេះ បានលើកឡើងថា អេ អឹម ខេ ផ្តួចផ្តើមគំនិតក្នុងការបង្កើតកម្មវិធីទូរស័ព្ទដៃទន្លេសាបនេះឡើង ដោយមានការចូលរួមគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជាជាពិសេសពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការជាតិ និងអន្តរជាតិ ជាច្រើន ហើយនេះក៏ជាសមិទ្ធិផលមួយទៀតដែល អេ អឹម ខេ បានចូលរួមចំណែកជួយលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថាថ្មីៗនេះ អេ អឹម ខេ បានបន្ថែមមុខងារថ្មីមួយទៀត ដើម្បីធ្វើឲ្យកម្មវិធីទន្លេសាបនេះ កាន់តែផ្តល់អត្ថប្រយោជន៍ដល់កសិករខ្មែរ អ្នកទិញ លក់ ផ្គត់ផ្គង់ផលិតផលកសិកម្ម លើទីផ្សារអនឡាញឲ្យកាន់តែល្អប្រសើរជាងមុន ដែលមុខងារនោះ ផ្តោតការដឹកជញ្ជូន និងការទូទាត់សាច់ប្រាក់ដោយប្រើប្រាស់បច្ចេកវិទ្យាជំនួសការទូទាត់ជាសាច់ប្រាក់ផ្ទាល់ ។

លោកសង្ឃឹមថា ការបន្ថែមនូវមុខងារថ្មីមួយនេះ នឹងចូលរួមលើកកម្ពស់ដល់ការលក់ផលិតផលកសិកម្មក្នុងស្រុក ដែលបង្កើតឡើងដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ និងគាំទ្រដល់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ កាលពីដើមឆ្នាំ ២០១៩ បានបន្ថែមមុខងារ ។

កម្មវិធីទូរស័ព្ទដៃទន្លេសាប គឺជាកម្មវិធីទូរស័ព្ទដៃផ្តល់ចំណេះដឹងកសិកម្មដំបូងគេនៅកម្ពុជាដែលបង្កើតឡើងតំាងពីឆ្នំា ២០១៩ ក្នុងគោលបំណងជួយផ្តល់ចំណេះដឹងដល់កសិករពី បច្ចេកទេស ព័ត៌មានទីផ្សារកសិកម្ម ផ្តល់គន្លឹះសំខាន់ៗក្នុងការដាំដំណាំ ស្វែងរកសម្ភារកសិកម្ម និងចិញ្ចឹមសត្វឱ្យកាន់តែប្រសើរឡើង មិនតែប៉ុណ្ណោះកសិករអាចស្វែងរកសេវាហិរញ្ញវត្ថុដើម្បីពង្រីកមុខរបរកសិកម្មរបស់ខ្លួនបានតាមរយៈកម្មវិធីនេះផងដែរ ។

កម្មវិធីនេះត្រូវបានដាក់ឱ្យប្រើប្រាស់ដោយឥតគិតថ្លៃលើ App Store ប្រព័ន្ធ (IOS) និង Play Store ប្រព័ន្ធ Android ដែលផ្តល់ជូនមុខងារពិសេសថ្មីៗបន្ថែមទៀតដែលបង្កលក្ខណៈងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការទិញទំនិញ ទូទាត់ទំនិញ និងដឹកជញ្ជូនអនឡាញ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here