ដោយ៖ សុផារី
ភ្នំពេញ៖ គេហទំព័រ Investopedia បានឱ្យដឹងថា ទុនបម្រុងអន្តរជាតិ ឬ រូបិយប័ណ្ណបរទេសបម្រុង និងជាភាសាអង់គ្លេស “Foreign exchange reserves” គឺជាទ្រព្យសកម្មដែលរក្សាទុក ដោយធនាគារកណ្តាលរបស់ប្រទេសមួយ ជា រូបិយប័ណ្ណបរទេស ឬលុយបរទេស និងជាមាស។
ឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ តួយ៉ាង ក្រដាសប្រាក់ (banknotes) ប្រាក់បញ្ញើ (deposits) មូលបត្របំណុល (bonds) វិក្កយបត្ររតនាគារ (treasury bills) និងមូលបត្ររដ្ឋាភិបាលផ្សេងទៀត (other government securities) ក៏ត្រូវចាត់ទុកជា ទុនបម្រុងអន្តរជាតិ ផងដែរ។
ប្រទេសភាគច្រើនបានរក្សា លុយដុល្លារអាមេរិក ជាទុនបម្រុងរបស់ពួកគេ ព្រោះថាលុយដុល្លារអាមេរិកគឺជាលុយដែលគេទុកចិត្តបំផុត ហើយវាត្រូវបានគេប្រើប្រាស់ ឬជួញដូរច្រើនបំផុតក្នុងពិភពលោក។ ក៏មានផងដែរ រូបិយប័ណ្ណបរទេសបម្រុងជាលុយផ្សេងៗ តួយ៉ាង ប្រាក់ផោនអង់គ្លេស (GBP) ប្រាក់អឺរ៉ូ (EUR) ប្រាក់យ័នចិន (CNY) ឬ ប្រាក់យ៉េនជប៉ុន (JPY) ផងដែរ។
ពេលបច្ចុប្បន្ន ប្រទេសដែលកាន់ទុនបម្រុងអន្តរជាតិច្រើនជាងគេបំផុត ក្នុងពិភពលោក គឺ ប្រទេសចិន ដោយមានទុនបម្រុងច្រើនជាង៣,៣ទ្រីលានដុល្លារអាមេរិក។
ប្រទេសជប៉ុន មានទុនបម្រុងច្រើនជាង១,៣ទ្រីលានដុល្លារអាមេរិក។
ប្រទេសស្វីស មានទុនបម្រុងច្រើនជាង១ទ្រីលានដុល្លារអាមេរិក។
ប្រទេសឥណ្ឌា មានទុនបម្រុងច្រើនជាង៥៩៧,៧ពាន់លានដុល្លារអាមេរិក។
ប្រទេសរុស្សី មានទុនបម្រុងច្រើនជាង៥៩៣,១ពាន់លានដុល្លារអាមេរិក។
តៃវ៉ាន់ មានទុនបម្រុងច្រើនជាង៥៤៥ពាន់លានដុល្លារអាមេរិក។
ហុងកុង មានទុនបម្រុងច្រើនជាង៤៦៥,៧ពាន់លានដុល្លារអាមេរិក។
ចំណែក ទុនបម្រុងអន្តរជាតិរបស់កម្ពុជា មានចំនួន១៩,៥ពាន់លានដុល្លារអាមេរិក គិតត្រឹមខែកក្កដា ឆ្នាំ២០២១។ កម្ពុជារក្សាមាស៣៦,៥តោន ដែលក្នុងនោះរួមមាន មាសដែលជាកេរ៉ិ៍មរតក តាំងពីមុនសម័យសង្គ្រាម មានចំនួន១២,៤តោន ដែលកំពុងរក្សាទុកនៅប្រទេសស្វីស មាសចំនួន១៤,១តោន កំពុងវិនិយោគនៅធនាគារកណ្តាលអង់គ្លេស និង មាសចំនួន១០តោន ត្រូវបានរក្សាទុកនៅកម្ពុជា៕