សម្តេច​តេ​ជោ៖ កម្ពុជា​បន្ត​ល្បឿន​នៃ​ការងារ​កែទម្រង់​លើ​គ្រប់​វិស័យ ដើម្បី​ឆ្លើយតប​នឹង​វិបត្តិ​កំពុង​កើតមាន

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា មានប្រសាសន៍ថា រដ្ឋាភិបាល​កម្ពុជា មិនបាន​បន្ថយល្បឿន​នៃ​ការងារ​កែទម្រង់​របស់ខ្លួន នៅក្នុង​គ្រប់​វិស័យ​នោះឡើយ ដើម្បី​ឆ្លើយតប​នឹង​វិបត្តិ​កំពុង​កើតមាន។

ជាមួយគ្នានេះ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បានលើកឡើង​នូវ​ទស្សនទាន​ចំនួន៧ ចំណុចសំខាន់ៗ ដើម្បី​ឲ្យ​ប្រទេស​កំពុងអភិវឌ្ឍន៍ អាច​បន្ត​កសាង​អនាគត​ប្រកបដោយ​ចី​រ​ភា អំឡុងពេល​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ-១៩ ក្លាយជា​បញ្ហា​រួម​របស់​ពិភពលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អនុសាសន៍​ទាំង៧ចំណុច​របស់​សម្តេច​តេ​ជោ ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ឆ្នាំ២០២០ ដែល​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ។

ក្នុង​កិច្ចប្រជុំ​ក្រោម​ប្រធានបទ “ការកសាង​ឆ្ពោះទៅមុខ​ប្រកបដោយ​ចីរភាព នៅក្នុង​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​កំពុង​រីកចម្រើន” នេះ សម្តេច​តេ​ជោ​ហ៊ុន សែន បាន​គូស​រំលេច​នូវ​វិបត្តិ​ក្នុងការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច ដែល​បណ្តាលមកពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ ។

សម្តេច​តេ​ជោ បាន​លើកឡើងថា ជំងឺ​កូ​វីដ-១៩ បាននិងកំពុង​បង្កើន​ការព្រួយបារម្ភ និង​ភាពមិនប្រាកដប្រជា​កាន់​តែ​ខ្លាំង​ឡើង ក្នុង​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច ក្នុង​តំបន់ និង​សកលលោក។

សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា “ខ្ញុំ​ពិតជា​មាន​សេចក្តី​រីករាយ ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ឆ្នាំ២០២០ នៃ​វេទិកា សេដ្ឋកិច្ចពិភពលោក ក្រោម​ប្រធានបទ  “ការកសាង​ឆ្ពោះទៅមុខ​ប្រកបដោយ​ចីរភាព​នៅក្នុង ប្រទេស​ដែលមាន​សេដ្ឋកិច្ច កំពុង​រីកចម្រើន (Building Forward Sustainably in Emerging Economies)” ដើម្បី​ចែករំលែក​បទពិសោធន៍ និង​វិធានការសំខាន់ៗ ក្នុង​គោលបំណង​សម្រេច​ឱ្យបាន​នូវ​របៀបវារៈ​ឆ្នាំ ២០៣០ : ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៅក្នុង​បរិការណ៍​មួយ ដែល​ប្រទេស​ទាំងអស់​កំពុង​ខិតខំ​ប្រឹងប្រែង​ស្តារ​សេដ្ឋកិច្ច​របស់ខ្លួន​ឡើងវិញ ក្រោយពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ-១៩” ។

ពិតណាស់ថា ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ បាន និង​កំពុង​បង្កើន​ការព្រួយបារម្ភ និង​ភាពមិនប្រាកដប្រជា​កាន់​តែ​ខ្លាំង​ឡើង ក្នុង​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច​ក្នុង​តំបន់ និង​សកលលោក។ ការណ៍​នេះ បានធ្វើ​ឲ្យ​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ-១៩ ក្លាយជា​បញ្ហា​រួម របស់​យើងទាំងអស់គ្នា ទោះបីជា​ប្រទេស​យើងនីមួយៗ កំពុង​ប្រឈម​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ នៅក្នុង​ដំណាក់កាលផ្សេងៗគ្នា​ក៏ដោយ នៅក្នុង​បរិការណ៍​នេះ, ខ្ញុំ​សូម​លើកឡើង​នូវ​គំនិត​មួយចំនួន ដើម្បី​ឲ្យ​ប្រទេស​កំពុងអភិវឌ្ឍន៍​អាច​បន្ត​កសាង​អនាគត​ប្រកបដោយ​ចីរភាព ដូចជា ៖

ទី១ ការកាត់បន្ថយ​នូវ​ផលប៉ះពាល់ និង​ធានា​លំនឹង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ជួយ​រក្សា​លំនឹង​ផលិតកម្ម កិច្ចដំណើរការ​នៃ​ធុរកិច្ច និង​ការវិនិយោគ​នានា គឺជា ការងារ​ដ៏​សំខាន់​ដែល​រដ្ឋាភិបាលនីមួយៗ ត្រូវតែ​ប្រឹងប្រែង​អនុវត្ត​ឲ្យ​បានជា​អតិបរិមា។ ដើម្បី​គោលដៅ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​វិធានការ​មុត​ស្រួច និង​បន្ទាន់​ចំនួន៥ជុំ​រួចមកហើយ និង​កំពុងតែបន្ត​តាមដាន​សភាពការណ៍ ប្រកបដោយ​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ត្រៀម​ដាក់ចេញ​នូវ​វិធានការ​ជាក់ស្តែង​ថែមទៀត តាម​ការចាំបាច់។

ទី២ ទស្សន​វិទ្យា​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ប្រែក្លាយ​ការគំរាមកំហែង​ពី​ជំងឺ​កូដ -១៩ ទៅជា​ឱកាស​សម្រាប់​ការកែទម្រង់​នៅក្នុង​ប្រទេសនីមួយ។ លើ​មូលដ្ឋាន​នេះ ខ្ញុំ​សូម​គូស បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា មិនបាន​បន្ថយល្បឿន​នៃ​ការងារ​កែទម្រង់​របស់ខ្លួន​នៅក្នុង​គ្រប់ វិស័យ​នោះឡើយ។ ផ្ទុយទៅវិញ គោលដៅ​របស់​យើង​គឺ​បង្កើន​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា តាមរយៈ​ការបង្ក​ភាពងាយស្រួល និង​ការបង្កើត​បរិយាកាស​អំ​ណោ​យ​ផល​ដល់​ការធ្វើ​ធុរកិច្ច និង​ការវិនិយោគ​នៅក្នុង​ប្រទេស។

ទី៣ ជំងឺ​កូ​វីដ​បាន​នាំមក​នូវ​ផលប៉ះពាល់ ផ្នែក​ហិរញ្ញវត្ថុ​សាធារណៈ ជាពិសេស​ចំណូល​រដ្ឋ។ ការបាត់បង់​ចំណូល​បានទាមទារ​ឲ្យ​រដ្ឋាភិបាល ដាក់ចេញ​យន្តការថ្មីៗ ដើម្បី​កៀរគរ ធនធាន​ហិរញ្ញវត្ថុ ដែល​អាច​យកមកប្រើ​ប្រាស់​ក្នុងការ​អភិវឌ្ឍ​នាពេល​អនាគត ។ ដើម្បី​សម្រេចបាន​គោលដៅ​នេះ ខ្ញុំ​យល់ឃើញថា ការចាប់​ដៃគូ​រវាង​វិស័យ​សាធារណៈ និង វិស័យ​ឯកជន គឺ ជា​យន្តការ​ស្នូល​មួយ​មិនអាច​ខ្វះ​បាន ដែល​នឹង​ជួយ​សម្រួល​ដោះស្រាយ​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ របស់​ប្រទេស​កំពុងអភិវឌ្ឍន៍ ទាំង​នៅក្នុង​អំឡុង និង ក្រោយ​វិបត្តិ​នេះ។

ទី៤ នៅក្នុង​បរិការណ៍​ដ៏​លំបាក​នេះ, ដើម្បី​ធានា​ជំរុញ​ការកែទម្រង់​របស់ខ្លួន​ទៅមុខ, ប្រទេស​កំពុងអភិវឌ្ឍន៍ ត្រូវការ​ចាំបាច់​នូវ​កិច្ចសហការ​ជាស​កល ពោលគឺ​ការរក្សា​នូវ​ភាពជា​ដៃគូ ទាំង​ទ្វេភាគី និង​ពហុភាគី សំដៅ​ធានាបាន​នូវ​បរិស្ថាន​នៃ​ការអភិវឌ្ឍ សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ និង​ពិភពលោក។ ជាមួយគ្នានេះដែរ​ការពង្រឹង និង​រក្សាបាន​នូវ​លំហូរ​នៃ​ការវិនិយោគ, ទេសចរណ៍​អន្តរជាតិ និង រំហូរ​ដោយ​សេរី និង​រលូន​នូវ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន ជាពិសេស ចរាចរណ៍​នៃ​ទំនិញ​ចាំបាច់ ដូចជា ស្បៀងអាហារ និង​បរិក្ខារ​ពេទ្យ គឺជា​កត្តា​ដ៏​សំខាន់​សម្រាប់​ធានា​ស្ថិរភាព សុវត្ថិភាព និង​ផលិតកម្ម លំនឹង​ជីវភាព​សង្គម និង​កិច្ចដំណើរការ​ឡើងវិញ​នៃ​ច្រវាក់​ផ្គត់ផ្គង់ នៅក្នុង​កម្រិត​ប្រទេសនីមួយៗ ក៏ដូចជា​ក្នុង​កម្រិត​តំបន់ និង​ពិភពលោក ។

ទី៥ យើងទាំងអស់គ្នា ត្រូវតែ​បន្ត​ខិតខំ​ពង្រឹង​សកលភាវូបនីយកម្ម ដែល​កន្លងមក បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​បាន​បង្កើត​លក្ខខណ្ឌ​មិន​ធ្លាប់មាន សម្រាប់​ការកាត់បន្ថយ​ភាពក្រីក្រ និង​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន គ្រប់​ស្រទាប់វណ្ណៈ។ ក្នុង​បរិការណ៍​នេះ យើង​ត្រូវតែ​ធានា​ឲ្យ​បាន​ថា យន្តការ​កិច្ចសហប្រតិបត្តិការ​រ​បស់​យើង នៅតែ​រក្សាបាន​នូវ​ស្មារតី​បើកចំហ និង​ការគាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ជាពិសេស​ការ​ព​នឿន​ការតភ្ជាប់​រវាង​សង្គម និង​សេដ្ឋកិច្ច​របស់​យើង សម្រាប់​ជំរុញ​របៀបវារៈ​នៃ ការអភិវឌ្ឍ​របស់​ប្រទេសនីមួយៗ ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន ។

ទី៦ ដោយ​មិន​បង្អែរ​បង្អង់ យើង​ត្រូវ​នាំគ្នា​គិតគូរ​ជា​យុទ្ធសាស្ត្រ អំពី​កិច្ច​ការស្តារ និង ជំរុញ​ការ​ងើបឡើង​វិញ​នូវ​កំណើនសេដ្ឋកិច្ច បន្ទាប់ពី​វិបត្តិ​កូ​វីដ-១៩ ត្រូវបាន​បញ្ចប់ តាមរយៈ ការ​ព​នឿន​នូវ​ការអនុវត្ត​ផែនការ និង​យន្តការ​នានា​ដែលមាន​ស្រាប់ និង​ដែល​ត្រូវបាន​រៀបចំ បន្ថែម​ឲ្យ​បាន​លឿន និង​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។

ទី៧ ក្នុង​កម្រិត​សកល, យើង​ត្រូវតែ​បន្ត​ធានា​ឲ្យ​បាន​នូវ​និរន្ត​ភាព នៃ​ការ​ផ្តល់ជំនួយ អន្តរជាតិ ជាពិសេស​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ ចំពោះ​ប្រទេស​កំពុង​អភិវឌ្ឍ ដើម្បី​បន្ត​ជំរុញ​ច​លន​ការ នៃ​ការងារ​កែទម្រង់​ប្រកបដោយ​ចីរភាព ដែលជា​របៀបវារៈ​ឆ្នាំ២០៣០ នៃ​គោលដៅ​អភិវឌ្ឍ ប្រកបដោយ​ចីរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here