ដោយ៖ លក្ខិណា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ដែលមានលោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី បានដឹកនាំក្រុមការងារ ការពារសេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន ហុងកុង កាលពីថ្ងៃទី២១ កញ្ញា ២០២០ ជាមួយគណៈកម្មការទី៩នៃរដ្ឋសភាជាតិកម្ពុជា ដើម្បីឱ្យច្បាប់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះបានចេញជារូបរាងលឿន។
លោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩នៃរដ្ឋសភាជាតិកម្ពុជា បានមានប្រសាសន៍ថា គណៈកម្មការជំនាញទី៥ និងទី៩ នៃរដ្ឋសភាបានពិនិត្យលើអត្ថបទកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង ដោយបានឯកភាពទាំងស្រុងទៅលើបែបបទ និងនីតិវិធីនៃការស្នើសុំសច្ចាប័នលើកិច្ចព្រមព្រៀងនេះ។ ក្នុងកិច្ចប្រជុំនេះផងដែរ គណៈកម្មការជំនាញទាំងពីរនៃរដ្ឋសភាបានលើកជាសំណួរមួយចំនួនជាពិសេសទៅលើខ្លឹមសារ ក៏ដូចជាអត្ថប្រយោជន៍ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ។
លោកប៉ាន សូរស័ក្តិរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ក៏បានបង្ហាញពីខ្លឹមសារសំខាន់ៗនៃកិច្ចព្រមព្រៀង ព្រមទាំងអត្ថប្រយោជន៍ដែលកម្ពុជានឹងទទួលបាននៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន។
លោក បានឱ្យដឹងថា “ក្រសួងពាណិជ្ជកកម្ម បានខិតខំក្នុងការជំរុញការនាំចេញតាមរយៈការធ្វើពិពិធកម្មទីផ្សារ ទាញយកប្រយោជន៍ឱ្យអស់លទ្ធភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាសមាជិក និងស្វែងរកទីផ្សារបន្ថែម តាមរយៈការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗផងដែរ”។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម កម្ពុជា ឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន ហុងកុង នឹងធ្វើឱ្យកាន់តែស៊ីជម្រៅនូវការតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសអាស៊ាននិងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈការបន្តធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្ម និងការធ្វើឲ្យប្រសើរឡើងនូវនីតិវិធីគយ និងវិធានការនានាលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស និងរួមចំណែកដ៏សំខាន់ក្នុងការសម្រួលដល់ពាណិជ្ជកម្ម និងវិនិយោគឆ្លងដែន ព្រមទាំងកាត់បន្ថយនូវរបាំងចូលទីផ្សារដើម្បីជំរុញដល់ភាពងាយស្រួលដល់សហគ្រាសធុនតូច និងមធ្យម រវាងប្រទេសអាស៊ាន និងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន៕