ដោយៈវឌ្ឍនៈ
ភ្នំពេញៈ នាពេលបច្ចុប្បន្ននេះ អត្រាអ្នកមានការងារធ្វើនៅក្នុងប្រទេសកម្ពុជាមានចំនួនកាន់តែច្រើនឡើង ក្នុងនោះមានវិស័យចំនួន៣ដែលរួមចំណែកផ្ដល់ឱកាសការងារដល់យុវជន និងប្រជាពលរដ្ឋកម្ពុជា ក្នុងនោះដែរក៏មានវិស័យអចលនទ្រព្យមួយដែរ។
នេះបើតាមការលើកឡើងរបស់អ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជានៅថ្ងៃទី២ ឧសភា២០២២នេះ ។
លោកព្រាប កុលប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Century21 Zillion Holding បានមានប្រសាសន៍ នៅក្នុងកិច្ចសម្ភាសន៍មួយនៅថ្ងៃទី២ ឧសភា ២០២២នេះឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជាគេឃើញមានវិស័យបីធំៗ ដែលរួមចំណែកផ្ដល់ឱកាសការងារដល់យុវជន ក្នុងនោះរួមមានវិស័យទេសចរណ៍ ដោយមានយុវជន និងប្រជាពលរដ្ឋកម្ពុជាជាច្រើនទទួលបានប្រាក់ចំណូលពីការប្រកបរបរក្នុងវិស័យទេសចរណ៍។
វិស័យសំខាន់មួយទៀត ដែលយើងបានមើលឃើញថា បានរួមចំណែកដល់ឱកាសការងារប្រជាជនកម្ពុជា គឺវិស័យវាយនភណ្ឌ និងកាត់ដេរ ដែលវិស័យនេះ ផ្ដល់ការងារជិត១លានកន្លែង ដោយផ្ទាល់និងដោយប្រយោលរាប់លាននាក់ទៀតផងដែរ។
លោកបន្តថា ក្រៅពីវិស័យទាំងពីរខាងលើ យើងមើលឃើញថាវិស័យអចលនទ្រព្យ ក៏បានរួមចំណែកក្នុងការផ្ដល់ឱកាសការងារជាច្រើន ដល់យុវជនកម្ពុជាផងដែរ ជាពិសេសនោះក្នុងបរិបទនៃកូវីដ១៩ វិស័យនេះបានផ្ដល់ឱកាសការងារដល់យុវជនជាច្រើន ដែលបានបាត់បង់ការងារដោយសារតែ ឥទ្ធិពលនៃកូវីដ១៩ ។
លោកព្រាប កុលបានបន្ថែមថា ក្នុងវិបត្តិកូវីដ១៩វិស័យទេសចរណ៍បានរងផលប៉ះពាល់ធ្ងន់ធ្ងរ និងធ្វើឱ្យប្រជាជនកម្ពុជាជាច្រើន បានបាត់បង់ការងារ ប៉ុន្តែមកដល់ពេលនេះ វិស័យទេសចរណ៍បានងើបឡើងវិញបន្តិចជាពិសេសនៅខេត្តសៀមរាប ឱកាសការងារសម្រាប់វិស័យនេះ នឹងមានច្រើនឡើងវិញផងដែរ ។
អ្នកស្រីGrace Rachny Fong អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia បានឱ្យដឹង បច្ចុប្បន្ននេះ យុវជនកម្ពុជា ដែលមានអាយុចាប់ពី២០ឆ្នាំឡើងទៅ មានអត្រារហូតដល់៥០ភាគរយ នៃចំនួនប្រជាជនសរុប ដែលនេះជាចំនុចវិជ្ជមានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ពីព្រោះប្រទេសដែលមានកំលាំងពលកម្មច្រើន គឺងាយ ស្រួលក្នុងការអភិវឌ្ឍ ទាក់ទាញវិនិយោគិនមកពីបរទេស ។
អ្នកស្រីបន្តថា អ្វីដែលល្អប្រសើរសម្រាប់យុវជនកម្ពុជា បច្ចុប្បន្ននេះគឺអាជីពជាភ្នាក់ងារអចលនវត្ថុ ជាក់ស្ដែងក្រុមហ៊ុន Century 21 Cambodia កំពុងត្រូវការភ្នាក់ងារជាច្រើនពាន់នាក់ បន្ថែមទៀតនៅទូទាំងប្រទេស ហើយក្នុងនោះដែរយុវជនកម្ពុជា ក៏មានឱកាសក្នុងការទទួលបានការបណ្ដុះបណ្ដាល ជំនាញជាភ្នាក់ងារអចលនវត្ថុ និងអាចរកចំណូលបានច្រើនសម្រាប់ផ្គត់ផ្គង់គ្រួសារផងដែរ៕