គំនិតគួរពិចារណាៈ បើចង់ចាប់ផ្ដើមអាជីវកម្មមុនអាយុ ៣០ឆ្នាំ គួរធ្វើអ្វីខ្លះ?

ដោយៈលក្ខិណា

ភ្នំពេញៈ ការចាប់ផ្ដើមអាជីវកម្មខ្លួនឯង មិនមែនជាការងាយស្រួលនោះទេ វាត្រូវការប្ដេជ្ញាចិត្តខ្ពស់ ចំណេះដឹង និងបទពិសោធន៍ ។ ការចាប់ផ្ដើមអាជីវកម្មដោយខ្លួនឯងនៅអាយុខ្ទង់២០ឆ្នាំ ឬ៣០ឆ្នាំ អាចមានបទពិសោធន៍តិច ប៉ុន្តែមិនមែនមានន័យថាអ្នកមិនអាចជោគជ័យឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កត្តាសំខាន់ គឺអ្នកគួរត្រៀមខ្លួនឲ្យបានរួចរាល់មុនចាប់ផ្ដើម ព្រោះមានសម្ពាធនិងឧបសគ្គច្រើន ដែលអ្នកត្រូវជំនះ។

នេះជាវិធីសាស្រ្ដមួយចំនួន សម្រាប់អ្នកចង់ចាប់ផ្ដើមអាជីវកម្មនៅវ័យក្មេងគួរពិចារណា៖

១. សិក្សាពីអាជីវកម្មផ្សេងៗ
អាជីវកម្មជាច្រើន បានដើរលើវិថីជំនួញនេះមុនអ្នក ទោះបីស្ថិតក្នុងផ្នែកខុសគ្នា ប៉ុន្តែអ្នកអាចសិក្សាស្វែងយល់បាន ដូចជាយុទ្ធសាស្រ្ដនៃការធ្វើជំនួញ ការគ្រប់គ្រងបុគ្គលិក ការអភិវឌ្ឍអាជីវកម្ម ការធ្វើទីផ្សារផ្សេងៗ។ អ្នកក៏អាចស្វែងយល់ថា ហេតុអ្វីបានជាអាជីវកម្មនោះជោគជ័យឬបរាជ័យ ដើម្បីជាមេរៀនសម្រាប់អាជីវកម្មរបស់អ្នក ជាពិសេសអាជីវកម្មក្នុងតំបន់ដែលអ្នកកំពុងរស់នៅ ឬចង់បើកដំណើរការ ដើម្បីដឹងពីទំនោររបស់មនុស្សក្នុងតំបន់នោះ។

២. ស្វែងយល់ពីបទពិសោធន៍នានា
មិនមែនគ្រាន់តែមានបទពិសោធន៍ នៃការធ្វើការអាជីវកម្មទេ វានៅមានរបៀបនៃការធ្វើការជាក្រុម ការប្រាស្រ័យទាក់ទង ការដោះស្រាយបញ្ហា ការដឹកនាំក្រុម និងការបង្កើតអ្វីឱ្យទាន់ស្ថានការណ៍ផងដែរ។ បទពិសោធន៍ក៏ដូចជាចំណេះដឹងទាំងនេះ អ្នកអាចផ្តោតការចាប់អារម្មណ៍ បានចាប់តាំងពីពេលអ្នកសិក្សា និងចាប់ផ្ដើមធ្វើដំបូងមកទល់បច្ចុប្បន្ន។

៣. សម្របខ្លួនជាមួយឌីជីថល
បច្ចុប្បន្ន អាជីវកម្មជាច្រើនបានសម្របខ្លួន ជាមួយបច្ចេកវិទ្យាឌីជីថល ដើម្បីដើរឱ្យទាន់ការវិវឌ្ឍនៃសង្គម។ ដូច្នេះ អ្នកគួរព្យាយាមសិក្សាស្វែងយល់ពីបច្ចេកវិទ្យាឌីជីថលឱ្យបានច្រើន ដើម្បីអាចប្រើប្រាស់វាជាឧបករណ៍ជំនួយអាជីវកម្មអ្នក ដូចជាការបង្កើត ឬគ្រប់គ្រងគេហទំព័រ សម្រាប់គ្រប់គ្រងប្រព័ន្ធគ្រប់គ្រងអាជីវកម្ម និងផ្សព្វផ្សាយផលិតផល ឲ្យឆាប់ដល់អតិថិជនគោលដៅ។

៤. ធ្វើការក្នុងផ្នែកណាមួយ ដែលត្រូវនឹងអាជីវកម្មនោះ
ចូរសិក្សារៀនសូត្រដើម្បី ទទួលបានទ្រឹស្ដីនៃការធ្វើការអាជីវកម្ម ឬជំនួញនានា ចំណែកការចូលទៅធ្វើការផ្ទាល់នោះ នឹងបង្ហាញពីការអនុវត្តផ្ទាល់ៗទាក់ទងនឹងអាជីវកម្មនោះ ។ បើអ្នកចង់ចាប់អាជីវកម្ម ក្នុងផ្នែកណាមួយ អ្នកគួរចាប់ឱកាសធ្វើការក្នុងផ្នែកនោះ ដើម្បីអាចដឹងពីរបៀបរបប នៃការធ្វើការ និងបន្ថែមបទពិសោធន៍ ឬអាចក្លាយជាអ្នកជំនាញក៏ថាបាន។

៥. ព្យាយាមបង្កើតបណ្ដាញជាមួយអ្នកធ្វើអាជីវកម្ម
អ្នកអាចព្យាយាមបង្កើតបណ្ដាញ ជាមួយអ្នករកស៊ីឱ្យបានច្រើននៅអំឡុងពេលអ្នកធ្វើការ ឬសិក្សា ព្រោះវាអាចជាឈ្នាន់មួយ ជួយអ្នកឱ្យមានការទទួលស្គាល់ ពីសំណាក់មនុស្សជាច្រើនក្នុងសង្គម ហើយក៏អាចជួយអាជី​វកម្មរបស់អ្នកមានគេស្គាល់ច្រើនផងដែរ។

អ្វីដែលកាន់តែពិសេសនោះ អ្នកអាចរៀនសូត្រពីបទពិសោធន៍ជាក់ស្ដែងរបស់បុគ្គលធ្វើអាជីវកម្មទាំងនោះថែមទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here